• 2021-11-05 02:34:20
  • ព័ត៌មាន

NOCC ប្រកាស​រៀប​ចំ​ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង​នៅ​ខែ​ក្រោយ

  • 2021-11-05 02:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសជូនដំណឹងជាសាធារណៈ ស្តីពីការរៀបចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង លើកទី២៦ នៅតំបន់អង្គរខេត្តសៀបរាប ដែលគ្រោងនឹងប្រព្រឹត្តិទៅ នាថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ ដោយកំណត់ចំនួនអ្នកចួលរួមត្រឹម ២៥០០នាក់ ព្រមទាំងកំណត់ជាគោលការណ៍នូវលក្ខខណ្ឌវិធានសុវត្ថិភាពផងដែរ។

សេចក្តីជូនដំណឹងចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ NOCC បញ្ជាក់ថា ដោយសារស្ថានផាពជំងឺកូវីដ-១៩ មានភាពធូរស្រាល ហើយរាជរដ្ឋាភិបាលកំពុងបើកសេដ្ឋកិច្ចសង្គមជាបណ្តើរជាមួយនឹងការប្រកាសជាផ្លូវការទទួលទេសចរន៍វ៉ាក់សាំង ទើប NOCC កំពុងត្រៀមបើកទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ អង្គរ-សៀមរាប ឡើងវិញ នាខែធ្នូ ឆ្នាំ២០២១។

ចំពោះលក្ខខណ្ឌសុវត្ថិភាពបានកំណត់នូវការការកាត់បន្ថយកម្មវិធីជប់លៀង កម្មវិធីប្រជុំជួបជុំគ្នា និងកម្មវិធីមិនចាំបាច់មួយចំនួន។ អ្នកចូលរួមរត់ប្រណាំងត្រូវបានកំណត់យកតែប្រជាពលរដ្ឋកម្ពុជា និងជនបរទេស ដែលស្នាក់នៅកម្ពុជាប្រមាណ ២៥០០នាក់ប៉ុណ្ណោះ។ អត្តពលិករត់ប្រណាំងត្រូវបានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួចរាល់។ រៀបចំធ្វើតេស្តរហ័ស មុនចូលទីលានរត់ប្រណាំង។ រក្សាគម្លាត ១,៥ម៉ែត្រ ពីគ្នា ដោយតម្រៀបជាជួរវែង តែរត់តាមក្រុមចម្ងាយផ្លូវ ដែលបានកំណត់។ មុនចេញដំណើរត្រូវពាក់ម៉ាសរហូតដល់រយៈចម្ងាយ ២០០ម៉ែត្រ ទើបអនុញ្ញាតឲ្យដោះម៉ាសចេញ។ ការថែទាំងសុខភាព និងប្រព័ន្ធរក្សាសុវត្ថិភាព ត្រូវបានរៀបចំយ៉ាងហ្មត់ចត់ និងតឹងរឹងបំផុតផងដែរ។

NOCC ទើបទទួលបានការឯកភាពជាគោលការណ៍ពីគណៈប្រចាំការនៃគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) និងកំពុងរង់ចាំការសម្រេចពីរាជរដ្ឋាភិបាលកម្ពុជា ឆាប់ៗនេះ។ ទិវារត់ប្រណាំងនេះ គឺជាបុរេលក្ខខណ្ឌសម្រាប់បើកទេសចរណ៍ នៅខេត្តសៀមរាបឡើងវិញផងដែរ។ NOCC ស្នើឲ្យប្រជាពលរដ្ឋ និងកីឡាករ កីឡាការិនីបន្តជួយគាំទ្រព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ។

ជាមួយគ្នានោះ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិនៅតំបន់អង្គរ ក៏បានបញ្ជាក់ដែរថា ក្រោមការអនុញ្ញាតពី NOCC ទិវារត់ប្រណាំងអន្តរជាតិ លើកទី២៦ ប្រចាំឆ្នាំ២០២១នេះត្រូវបានកំណត់ចំនួនកីឡាករ កីឡាការិនីឲ្យចូលរួមត្រឹម ២៥០០នាក់ ដើម្បីងាយស្រួលរៀប និងរយៈពេលសល់ខ្លីឆាប់ៗខាងមុខនេះ ក៏ដូចជាអនុវត្តឲ្យបាននូវវិធានសុខាភិបាល ដូច្នេះហើយចំនួននេះផ្តល់អាទិភាពដល់កីឡាករ កីឡាការិនី ដែលបានចុះឈ្មោះ កាលពីឆ្នាំ២០២០ មកចុះឈ្មោះចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្រាប់អ្នកចុះឈ្មោះថ្មីអាចចុះឈ្មោះពីថ្ងៃទី២៣វិច្ឆិកា ដល់ថ្ងៃទី១ធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការក្រុមហ៊ុន Cambodia Events Organizer ផ្ទះលេខ ៧៩CEo ផ្លូវ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ភ្នំពេញ៕

អត្ថបទ៖ CAMSOC

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម