• 2021-11-03 07:52:09
  • បាល់ទាត់

ជួបវិសាខាបន្តិចទៀតនេះ អង្គរថាយហ្គឺរសន្យា​ផ្ដល់ស្នាមញញឹមដល់អ្នកសៀមរាប

  • 2021-11-03 07:52:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ោង៣កន្លះរសៀល ថ្ងៃពុធ ទី៣ ខែវិច្ឆិកានេះ ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ នឹង​បើក​កីឡដ្ឋាន អេស អ យូ ទទួលក្រុមភ្ញៀវវិសាខា​សម្រាប់ការប្រកួតជើងទី២ ក្នុងការប្រកួតក្របខ័ណ្ឌលីគកំពូលរដូវកាល២០២១។

លោក Yusuke Shinoda

លោក Yusuke Shinoda អ្នកចាត់ការអង្គរថាយហ្គឺរ លើកឡើងថា ក្លឹបរបស់លោកនឹងលើកទឹកចិត្ត ផ្ដល់ស្នាមញញឹម កម្លាំងចិត្តដល់អ្នកខេត្តសៀមរាប ដែល​ប៉ះ​ពាល់ដោយសារជំងឺកូវីដ-១៩ តាមរយៈការខំប្រឹងប្រែង​លើសមរភូមិវាលស្មៅ និងបង្ហាញឱ្យ​ឃើញថា នេះគឺជាថ្ងៃរបស់​ក្លឹបអង្គរថាយហ្គឺរ ឬ Angkor Tiger FC Day។

លោក Yusuke Shinoda ពន្យល់ថា ៖«វាពិតជារឿងល្អមែនទែន! បើនិយាយ​ពី​ខេត្តសៀមរាបវិញ ពិតជាមានការលំបាកខ្លាំង ព្រោះជាទឹកដីទេសចរណ៍ផង។ តែយ៉ាងណា យើងជឿថា ទេសចរណ៍ក្នុងខេត្តនឹងល្អឡើងវិញឆាប់ៗ បន្ទាប់ពីមានការប្រកាសពីការមិនធ្វើចត្តាឡីស័កចាប់ពីថ្ងៃទី០១ ខែមករា តទៅ។ ក្លិបរបស់យើងនឹងផ្ដល់នូវការលើកទឹកចិត្ត, ស្នាមញញឹម និងកម្លាំងចិត្តដល់អ្នកខេត្តសៀមរាប តាមរយៈការតស៊ូរបស់យើង។ មិនថា ស្ថានភាពពិបាកកម្រិតណាទេ ក្នុងនាមជាតំណាងកម្ពុជា និងតំណាងខេត្តសៀមរាប យើងនឹងតស៊ូដល់ទីបញ្ចប់។ យើងនឹងបង្ហាញថា ថ្ងៃនេះ គឺជា Angkor Tiger FC Day។ សូមឲ្យអ្នកគាំទ្រផ្ដល់កម្លាំងចិត្តដល់យើងនៅលើទឹកដីដ៏ស្រស់ស្អាតរបស់យើង។ សូមគាំទ្រយើង និងប្រយុទ្ធទាំងអស់គ្នា»។

គួរបញ្ជាក់ថា កាលពីជើងទី១នៅកីឡដ្ឋានព្រីនស៍ អង្គរថាយហ្គឺរ បានចាញ់ក្នុងលទ្ថផល ១-៣។ ចាំមើលថាតើ ក្រុមខ្លាពណ៌ទឹកក្រូចអាចយកឈ្នះក្រុមខ្លាំងវិសាខាបានដែរឬទេ?

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី