• 2021-10-27 04:09:04
  • បាល់ទះ

លោកគ្រូ សាន សុក្រិត្យ ស្ដាយមិនគួរណា អ៊ឹម ណារិទ្ធ សុំឈប់ពីក្លឹបស្នងការ​

  • 2021-10-27 04:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូបង្វឹក​សមាគមន៍បាល់ទះវិសាខាលោក សាន សុក្រិត្យ បានបង្ហាញអារម្មណ៍​សោកស្ដាយ ពេលដឹងដំណឹងថាស្មាត់មាន​សមត្ថភាព​ អ៊ឹម ណារិទ្ធ សុំឈប់ពីក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាល​ពី​ពេល​ថ្មីៗ​​​។

លោក​ សាន សុក្រិត្យ គ្រូបង្វឹក​សមាគមន៍​បាល់ទះ​វិសាខា និង អ៊ឹម ណារិទ្ធ អតីតកីឡាករស្នងការ

លោកបានបញ្ចេញមតិក្នុងប្រអប់ Comment ខាងក្រោមព័ត៌មានផ្សាយ​ពីការចាកចេញរបស់ណារិទ្ធថា «ខំប្រឹងបន្តទៀតប្អូន សមត្ថភាពប្អូនមាន កុំបោះបង់អី លោកគ្រូសូមជូនពរប្អូន»។

ជុំ​វិញ​មតិ​នេះ Sabay បាន​សាកសួរ​បន្ថែម ហើយ​លោក​បញ្ជាក​ថា ៖«​បាទ​បង​បាទ! តាមពិតខ្ញុំឃើញផេកហ្នឹង ខ្ញុំអត់ដឹងករណីនៃការពាក់ព័ន្ធ​របស់គាត់ឈប់រឿងអីទេ ខ្ញុំអត់ដឹងទេគ្រាន់ថា ខ្ញុំឃើញក្នុងនោះគាត់ប្រាប់ហេតុផលរឿងគ្រួសាររឿងអី​អ៊ីចឹង ខ្ញុំមិនដឹងហេតុផលទេ តែគ្រាន់ថាយើងស្ដាយការខំប្រឹងប្រែងរបស់គាត់ហ្វឹកហាត់យូរហើយ យើងស្ដាយទីមួយ​កាយសម្បទារបស់គាត់ សមិទ្ធផលការខំប្រឹងប្រែងរបស់គាត់ ហើយណាមួយសមត្ថភាពរបស់គាត់មានពេញលេញ អ៊ីចឹងគាត់មានបញ្ហាពាក់ព័ន្ធជាមួយគ្រួសារ អាហ្នឹងបើសិនគាត់អាចដោះស្រាយបាន យើងអាចវិលចូលក្នុងវិស័យបាល់ទះវិញ យើងស្ដាយស្ដាយសមត្ថភាព ដែលយើងប្រឹងប្រែងពីមុនមក»។

គ្រូ​បង្វឹក​ដែល​មាន​បទ​ពិសោធ​២៨​ឆ្នាំ​លើ​វិថី​បាល់ទះ ពន្យល់​ថា​នេះ​ជា​ជោគជ័យមួយជំហ៊ានសម្រាប់​ណារិទ្ធ ហើយបើគេខំប្រឹងបន្ត កុំបោះបង់ នោះគេនឹងអាចក្លាយជាកីឡាករល្អមួយរូប​នា​ថ្ងៃ​អនាគត។ ម្យ៉ាងបច្ចុប្បន្នកីឡាករមកពីស្រុកអន្លង់វែង ខេត្តបន្ទាយមានជ័យ ជាកីឡាករជម្រើសជាតិឆ្នេរខ្សាច់មួយ​រូប​ដែរ ដូច្នេះមិនគួរណា​បោះបង់ឡើយ។

អតីត​ជម្រើស​ជាតិ​បាល់​ទះ​ក្នុង​សាល​រូប​នេះ បាន​ពន្យល់​បែប​នេះ​ ៖«...គាត់ជាកីឡាករជម្រើសជាតិឆ្នេរខ្សាច់ទៀត អ៊ីចឹងការខំប្រឹងប្រែងមួយមិនងាយទេ មិនងាយនឹងការខំប្រឹងប្រែងដើម្បីឱ្យ​យើងបានក្លាយជាជម្រើសជាតិតំណាង​ឱ្យ​​ជាតិទាំងមូលទេ ហើយណាមួយស៊ីហ្គេម២០២២នៅវៀតណាមនេះជិតដល់ អ៊ីចឹងគួរតែគាត់បន្ថែមនូវសមត្ថភាពហ្វឹកហាត់ខ្លាំងជាងនេះទៀត ដើម្បីឆ្ពោះទៅស៊ីហ្គេមនៅវៀតណាមឱ្យ​មានលទ្ធផលមួយដែលល្អ ពាក់ព័ន្ធនឹងវិបត្តិគ្រួសារ យើងគួរតែជជែកជាមួយខាងគ្រួសារ...»។

គ្រូបង្វឹករូបនេះ មើល​ឃើញអ៊ឹមណារិទ្ធលេងបាល់ទះយូរឆ្នាំ​ហើយ ប៉ុន្តែទើបតែមួយឆ្នាំចុងក្រោយនេះប៉ុណ្ណោះ​ លោក​សង្កេត​ថា​គេវិវឌ្ឍខ្លួននិងរីកចម្រើនច្រើន​លឿន ប៉ុន្តែ​យ៉ាងណា​គេ​ក៏មានចំណុចខ្វះខាតខ្លះដែរ ដែល​ត្រូវ​ពង្រឹងបន្ថែម។

អ៊ឹម ណារិទ្ធ និង​​គ្រូជម្រើសជាតិ​ឆ្នេរ​ខ្សាច់​ សោម ចំណាប់

គួរ​បញ្ជាក់​ថា កីឡាករ​ជម្រើស​ជាតិ​ឆ្នេរ​ខ្សាច់ អ៊ឹម ណារិទ្ធ ឬ​តាក់​អន្លង់​វែង បាន​សុំឈប់​ពី​ក្លឹប​បាល់ទះ​ស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ ក្រោម​ហេតុផល​មាន​វិបត្តិ​គ្រួសារ​ដែល​ត្រូវ​ដោះស្រាយ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី