• 2021-10-26 03:46:08
  • បាល់ទាត់

​CNCC បញ្ជាក់​ពី​ការ​បញ្ចប់​ Hun Sen Cup ថ្នាក់​ខេត្ត​ក្នុង​បរិបទ​កូវីដ-១៩ ​​

  • 2021-10-26 03:46:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​២៣ ​ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឌី វិជ្ជា ប្រធានគណៈកម្មការនាយក នៃគណៈកម្មការ​ប្រកួត​បាល់​ទាត់ជាតិ​កម្ពុជា (CNCC) បាន​អញ្ជើញ​ចូល​រួម និង​ប្រគល់​ពាន​ឯកត្តជន ក្នុង​កម្មវិធី​ប្រកួត​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​លើកទី១៥ ​ឆ្នាំ២០២១ (ថ្នាក់ខេត្ត)។

សម្រាប់​រដូវកាល២០២១ នេះ​ក្រុម​ដែល​ទទួលបាន​ជ័យលាភីជើងឯក ពាន​រង្វាន់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន លើក​ទី១៥ ឆ្នាំ២០២១ (ថ្នាក់ខេត្ត) គឺ ក្រុម ​កោះកុងអេហ្វស៊ី​ ចំណែកក្រុមមន្ទីរអប់រំយុវជន​ និង​កីឡា​ខេត្តត្បូងឃ្មុំ ទទួលបានចំណាត់ថ្នាក់លេខ២ ហើយក្រុមខេត្តបន្ទាយមានជ័យ ទទួលបានចំណាត់ថ្នាក់លេខ៣ផងដែរ។

ពាន​រង្វាន់​សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ត្រូវ​បាន​រៀប​ចំ​ឡើង​តាំង​ពី​ឆ្នាំ ២០០៧ ជារៀងរាល់​ឆ្នាំ ហើយ​រដូវកាល ២០២១ នេះ ​ជារដូវកាលទី១៥។ ចាប់​តាំង​ពី​ឆ្នាំ​២០១៨ រហូត​ដល់​បច្ចុប្បន្ន ​ការ​ប្រកួត​បែង​ចែក​ជា​២ គឺ ​ពាន​រង្វាន់ ​ថ្នាក់​ខេត្ត និងថ្នាក់ជាតិ។

ការប្រកួត​ពានរង្វាន់សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ ថ្នាក់ខេត្ត ​ក្នុង​ឆ្នាំ​២០២១​ នេះ​ ត្រូវ​បាន​ចាប់​ផ្តើម​ប្រកួត​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ២០២១ និង​មាន​ក្រុម​តំណាងរាជធានីខេត្តចំនួន២១ ​បានចូលរួមនាដើមរដូវកាល​ តែ​ដោយ​បញ្ហា​កូវីដ-១៩ ​ឆ្នាំ២០២១ ការ​ប្រកួត​ក៏​បាន​ផ្អាក​មួយ​រយៈពេល។

ដល់​ពេល​វេលា​ដែល​កម្ម​វិធី​ប្រកួត​អាចចាប់​ផ្តើមដំណើរការវិញ​នោះ ​គណៈកម្មការ​ក៏​បាន​ប្រជ៉ំ​ជាមួយ​ក្រុម​ទាំង​អស់​ពិភាក្សា​រួមគ្នា ដើម្បី​ពិនិត្យ​លើស្ថានភាព​ជាក់​ស្តែង​ក្នុង​មូលដ្ឋាន​របស់​ក្រុម​និមួយៗ ថាអាច​បន្ត​ចូលរួម ឬយ៉ាងណា ហើយ​ក៏​ទទួល​បាន​ការ​បញ្ជាក់​ពីក្រុម​ចំនួន៨ បន្ត​ការ​ចូលរួម​ប្រកួត។

ដូច្នេះ​គណៈ​កម្មការ​ប្រកួត​បាល់ទាត់​ជាតិកម្ពុជា (CNCC) បាន​ដំណើរ​ការ​ការ​ប្រកួត​ឡើង​វិញ​នៅ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ២០២១ រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅថ្ងៃទី២៣ ខែតុលា ឆ្នា២០២១ ដែល​បាន​បញ្ចប់​ទៅ​ដោយ​សុវត្ថិភាព​ និង​ជោគជ័យ​ក្នុង​បរិបទ​កូវីដ-១៩ ជិត​ពីរឆ្នាំ​ម​ក​​នេះ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី