• 2021-10-12 02:19:28
  • បាល់ទះ

លោក អ៊ឹង ឆាយ សរសើរ ចាន់ សារ៉ន ថាមានសេវាល្អនិងមាន​សំណាង

  • 2021-10-12 02:19:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ឹង ឆាយ ដែលជាអ្នកដឹកនាំក្រុមបាល់ទះ S&E Cambodia បានសរសើរអ្នកប៉ះសេ ចាន់ សារ៉ន របស់ក្រុមបាល់ទះកោះដាច់ថា មានសមត្ថភាពវាយសេវាល្អផ្គួបផ្សំនឹងសំណាង ទើបអាចបំបាកក្រុមរបស់លោករហូតដល់ ២សិតទល់នឹង ០។

រាប់ពីឆ្វេងទៅ​ស្ដាំ​លោក អ៊ឹង ឆាយ​ ទី៣និងក្រុមកីឡាករ S&E

អ្នកឡាយបាល់ទះមានឈ្មោះបោះសំឡេងរូបនេះ បានបញ្ជាក់ថា ៖«សម្រាប់សេវាគាត់ថ្ងៃហ្នុង ខ្ញុំគិតថាទី១សមត្ថភាពគាត់ តែទី២គឺគួបផ្សំជាមួយនឹងសំណាងរបស់គាត់ និយាយចំទៅកម្រអ្នកណាវ៉ៃសេវាទាក់វីឡេស៊ីៗណាស់ មិនងាយទេ ងៃនឹងមិនដឹងថាម៉េច បងរ៉នវ៉ៃទាក់វីឡេស៊ីៗ ខ្ញុំដូចជាឆ្ងល់ក្នុងចិត្តមែនទែន កម្រណាស់បងអើយកម្រណាស់តាំងពីមើលបាល់ច្រើនឆ្នាំមក»។

នៅពេលសួរថាលោកយល់យ៉ាងណាដែរ ពេលក្រុម S&E Cambodia ចាញ់ក្រោមថ្វីដៃក្រុមកោះដាច់? លោក អ៊ឹង ឆាយ បានពន្យល់ថា ក្រុមទាំងពីរមានសមត្ថភាពប្រហាក់ប្រហែលគ្នា ប៉ុន្តែដោយសារក្រុមកោះដាច់យល់ច្បាស់ពីចំណុចខ្សោយក្រុមលោក ទើបអាចយកឈ្នះបានយ៉ាងស្រួល។

នៅសិតទីមួយ​អ្នកប៉ះសេ ចាន់ សារ៉ន វាយសេវាស៊ី២ទៅ៣គ្រាប់ ខណៈសិតទីពីរអតីតស្មាត់ធំរូបនេះ បាន​វាយស៊ីមួយរ៉ូល១០គ្រាប់ ពោលចាប់ពីពិន្ទុ៧ស្មើរហូតដល់ ១៧ ទល់នឹង ៧ ពិន្ទុ។

លោក ចាន់ សារ៉ន លេខឯកសណ្ឋានលេខ២ (ក្រុមកោះដាច់)

ចំណុចនេះហើយអ្នកដឹកនាំក្រុមរូបនេះ​មើលឃើញថា ក្រុមរបស់លោកចាប់ផ្ដើមលេងមិនស៊ីចង្វាក់​គ្នា​។ ចំណុចមួយទៀតនោះ ក្រុម S&E បានអវត្តមានគ្រូបង្វឹកលោក ស៊ីន ចន្ថា ដោយសារលោកពុលអាហារ មិនអាចទៅបង្ហាត់ និងដឹកនាំក្រុមពេលប្រកួត កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១កន្លង​ទៅ​។ ជាលទ្ធផលពួកគេចាញ់ក្រុមកោះដាច់ ២០-២៥ និង ១៧-២៥។

ទោះបីជាយ៉ាងក្រុមទាំងពីរនេះ មិនអាចឡើងទៅវគ្គបន្តបានទៀតទេ ពោលគឺធ្លាក់ក្នុងពូល A ដូចគ្នា។ ក្រុមដែលឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមានសមាគមន៍បាល់ទះវិសាខា និង PS Concrete ខណៈពូល B ក្រុមដែលឡើងមាន ក្រសួងមហាផ្ទៃ និងអធិរាជប្រអប់។ ពួកគេនឹងជួបគ្នានៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ដោយលេង១ពូល A ជួបលេខ២ពូល B លេខ១ពូល B ជួបលេខ២ពូល A។ ចំណែកការប្រកួតរកលេខ៣លេខ៤ និងជើងឯក ជើងឯករងនៃពាន​រង្វាន់ Special Volleyball Challenge 2021 នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី