• 2021-09-30 08:03:26
  • បាល់ទះ

គួន ម៉ុម៖ ខ្ញុំយឹតហើយ លទ្ធភាពឈ្នះបានប៉ុណ្ណា យកប៉ុណ្ណឹងហើយ

  • 2021-09-30 08:03:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លង​កាត់​បី​ប្រកួតកន្លងមកសមាគមបាល់ទះវិសាខា បាន​ឈ្នះទាំងបីប្រកួត ពោល​គឺ​ពួកគេ​​បំបាក់​គូប្រជែង​ ២សិត​ទល់​សូន្យ​ដាច់​តែម្ដង​ មាន៩ពិន្ទុកំពុង​ឈរកំពូលតារាងបណ្ដោះអាសន្ន​ក្នុងពូល A។

រូបតំណាង

ជុំវិញជ័យជម្នះដ៏​ត្រចះត្រចង់​នេះស្មាត់ធំរបស់ក្រុមវិសាខា គួន ម៉ុម បានឱ្យ​ដឹងថាក្រុមរបស់ខ្លួននឹងមិនបន្ធូរដៃឱ្យ​គូប្រជែងឡើយ ក្នុង​គោល​បំណង​ឱ្យ​ការប្រកួតល្អមើលនិងជក់ចិត្ត និងដើម្បីដណ្ដើម​ពានផងដែរ។

កីឡាករជម្រើសជាតិបាល់ទះក្នុងសាលកម្ពុជារូបនេះ បាន​បញ្ជាក់ថា ៖«យើងលេងតំណាងឱ្យ​មហាជនមើលឱ្យ​សប្បាយចិត្ត អ៊ីចឹងយើងមិនអាចលេងសើចឱ្យ​ខុសបច្ចេកទេសយើងបានទេ អ៊ីចឹងប្អូនយឹតហើយ លទ្ធភាពឈ្នះបានប៉ុណ្ណាយកប៉ុណ្ណឹងហើយ អត់មានពាក្យថាទម្លាក់ឬដំឡើងអីទេ ចូលទីលានគឺវ៉ៃហើយ បានពិន្ទុសូន្យគឺសូន្យ​»។

គួន ម៉ុម មានជំនឿចិត្តច្រើនចំពោះការប្រកួតដណ្ដើមពានរង្វាន់បាល់ទះ Special Volleyball Challenge ព្រោះការ​ប្រកួត​៤​ស្មើ​នេះ​លេងតាម​លក្ខណៈស្តង់ដារ មិន​ដូច​ការ​លេង​ក្រៅ​ប្រព័ន្ធ​ទេ។

កីឡាករធ្លាប់ទៅលេងនៅទឹកដីថៃដដែលបន្តថា ៖«និយាយចំឱ្យ​តែចូលស្តង់ដារប្រកួត វារៀងមានសង្ឃឹមដែរ បួនស្មើក៏សង្ឃឹមដែរ ខ្លាចតែលេងចាប់បោកអាតេអាតាយតើ ទើប​ពិបាកលេងជាមួយគេ»។

គួរ​បញ្ជាក់​ថា មុន​នេះ​បន្តិច​ក្រុម​បាល់ទះវិសាខា បាន​យកឈ្នះ​លើ​ក្រុម​បាល់ទះ​កោះដាច់​ទាំងពីរ​សិត​ដោយ​គ្មាន​ការ​តបត ពោលគឺ​សិត​ទី​មួយ​ពួកគេ​យក​ឈ្នះ ២៥-១៥ និងសិត​ទី​ពីរ​ ២៥-១៤ពិន្ទុ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់