- 2021-09-20 04:09:40
- បាល់ទះ
បាល់ទះ៤ស្មើ៖ ក្រុមយុន រាជ ឌូក ម៉េងហួង ដាវញីឈ្មោល វិសាខា ប៉ះគ្នាកក្រើកស្រុកខ្មែរ
- 2021-09-20 04:09:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាល់ទះ៤ស្មើ៖ ក្រុមយុន រាជ ឌូក ម៉េងហួង ដាវញីឈ្មោល វិសាខា ប៉ះគ្នាកក្រើកស្រុកខ្មែរ
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ប្រកួតបាល់ទះ៤ស្មើដ៏កក្រើកមិនធ្លាប់មាន Special Volleyball Challenge នឹងចាប់ផ្ដើមសកម្មភាពនាថ្ងៃទី២៤ ខែកញ្ញា រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ខណៈក្រុមចូលរួមសុទ្ធតែខ្លាំងៗលំដាប់ស្រុកខ្មែរដូចជាក្រុមឥន្ទ្រីពិឃាដឌូក, យុនស្រែស្រែ, អធិរាជប្រអប់រាជ, ធី ម៉េងហួង, ដាវញីឈ្មោល និងក្រុមខ្លាំងវិសាខាជាដើម។
ទោះបីគណៈកម្មការរៀបចំការប្រកួតមិនទាន់បង្ហាញបញ្ជីឈ្មោះក្រុមជាផ្លូវការ ប៉ុន្តែបើផ្អែកតាមការឱ្យដឹងពីប្រភពផ្ទៃក្នុងនៃក្រុមនីមួយៗ ក្រុមអធិរាជប្រអប់មានស្មាត់រាជ ,ទូចអង្គរក្ស, តោកំណាចស្មីធំ, ផានីត, នួន វិចិត្រ និងស្មាត់ រស់ ហាន់វ៉ា។
ចំណែកក្រុមរបស់កងពលធំលេខ៩មាន ជុក សោភា ហៅឥន្ទ្រីពិឃាដឌូក, សុខ រ៉ាដូ ហៅឥន្ទ្រីស្លាបដែកក្ដូ, សាមីត, ទង់, ភាប៉ះសេ ចំណែកក្រុមស្នងការមាន ទុយ កុសល ហៅយុនស្រែស្រែ, ឌី លីដា ហៅចាវកំពង់ចាម, ជិន រ៉ាត, កែវ សុធារិទ្ធ, អឹុម ណារិទ្ធ ហៅតាក់អន្លង់វែង និងឃាងប៉ះសេ។
បើតាមហ្វេសប៊ុកផេករបស់សុវណ្ណនាថ ក្រុមរបស់ដាវញីឈ្មោលមាន ម៉ាប់ឆ្វេង, សុវណ្ណនាថ, ផានិត, ជឿនកំពង់ស្ពឺ, ស្ដា, និងខ្មៅលិកម៉ាទីអូ។
ក្រុមរបស់ក្រសួងមហាផ្ទៃ មាន ធី ម៉េងហួង, ប៊ន ណារិទ្ធ, ខឿន ភារិន, មាស វាសនា, ប៊ន ណារិទ្ធ, ឃុន វាសនា ហៅស្មាត់យក្ស ខណៈក្រុមវត្តប្រាសាទមានអតីតអ្នកដេញបាល់លឿនជម្រើសជាតិកម្ពុជា ម៉ា ប៊ិនយ៉ា, អតីតកីឡាករក្រសួងមហាផ្ទៃ លុខ គឹមសៀន, អតីតឆ្វេងវិសាខា ប៉ូច ចាន់ថុល, ម៉ី សុធារ៉ា អ្នកប៉ះសេរបស់ក្រុមអង្គរក្សការពារផ្ទាល់, នៅ តុលា និង ទុំ សេរីរាជ្យ។
ការប្រកួតលក្ខណៈស្តង់ដារនេះ ត្រូវបានមហាជនមើលឃើញថានឹងធ្វើអោយកក្រើកតារាងបាល់ទះវិសាខានៅកីឡដ្ឋានព្រីនស៍។
លោក ចាន់ សីហា អ្នកស្នេហាវិស័យកីឡាបាល់ទះមួយរូប បានបង្ហាញការសាទរដែលគណៈកម្មការ Special Volleyball Challenge បង្កើតអោយមានកម្មវិធីនេះឡើយ។
លោកបានពន្យល់ថា ៖«ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលគេរៀបចំការប្រកួតបួនស្មើ ហើយស្តង់ដារទៀត។ ខ្ញុំជឿថាការប្រកួតនេះនឹងល្អមើល ហើយកីឡាករយើងនឹងបានបទពិសោធថ្មីៗពីការប្រកួតមួយនេះ»។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ លោកបណ្ឌិត អាំង សេរីពិសិដ្ឋ ប្រធានគណៈកម្មការរៀបចំការប្រកួតពានរង្វាន់ព្រឹត្តិការណ៍នេះក៏បានអោយដឹងដែរថា លោករៀបចំការប្រកួតនេះឡើង ដោយមានការអនុញ្ញាតពីសហព័ន្ធបាល់ទះ និងក្នុងគោលបំណងអោយកីឡាករដកស្រង់បច្ចេកទេសថ្មី និងបង្ហាញសមត្ថភាព។
លោក សេរីពិសិដ្ឋ បានបញ្ជាក់ថា ៖«...រៀបចំការប្រកួតនេះឡើងក្នុងគោលបំណងដកស្រង់បច្ចេកទេសថ្មីៗ និងផ្ដល់ឱកាសឱ្យកីឡាករបានហ្វឹកហាត់កន្លងមកបានបង្ហាញសមត្ថភាពរៀងៗខ្លួន។ មួយវិញទៀតចង់បំផុសការគាំទ្រពីមហាជន ព្រោះការប្រកួតក្រៅប្រព័ន្ធកន្លងមក មិនទាន់មានការរៀបចំស្តង់ដារត្រឹមត្រូវ។ ដូច្នេះហើយទើបយើងកំណត់ជាគោលការណ៍ និងស្តង់ដារមួយឱ្យសមស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវវិញ។ ជាមួយគ្នានេះការរៀបចំការប្រកួតនេះគឺដើម្បីរិតចំណងមិត្តភាព សាមគ្គីភាព រវាងកីឡាករ គ្រូបង្វឹកនិងថ្នាក់ដឹកនាំក្រុមនានា»។
លោកបានបន្ថែមទៀតថាការប្រកួត៤ស្មើនេះ ក៏ធ្វើឡើងស្របតាមវិធានរបស់ក្រសួងសុខាភិបាលដែរ។
លោកបន្តថា ៖«យើងរៀបចំការប្រកួតលក្ខណៈ៤ទល់៤ នេះឡើង ហើយអាចកាត់បន្ថយចំនួនកីឡានៅក្នុងទីលានប្រកួត។ ម្ខាងលេខបាន៤នាក់ បូកគ្រូបង្វឹក១រូប កីឡាករបម្រុង២រូបទៀត និងគណៈកម្មការបច្ចេកទេសខ្លះគឺស្របតាមការកំណត់របស់វិធានសុខាភិបាល»។
ការប្រកួតនេះគណៈកម្មការតម្រូវជ្រើសយក១២ក្រុម (អាស្រ័យតាមក្រុមដាក់ពាក្យ) ដោយបែងចែកជាវគ្គជម្រុះតាមពូល វគ្គ៨ក្រុមចុងក្រោយ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ។ ក្រុមឈ្នះជើងឯកនឹងទទួលបានពានចំនួនមួយ និងថវិកាចំនួន ១០លានរៀល ក្រុមជើងឯករងទទួលបានថវិកា៨លានរៀល និងក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបាន៦លានរៀល។ ដោយឡែកពានរង្វាន់ឯកត្តជន (ម្នាក់ៗ) ជាកីឡាករវាយប្រយុទ្ធល្អជាងគេ, កីឡាករធ្វើរនាំងល្អជាងគេ, កីឡាករវាយសេវាល្អជាងគេ និងកីឡាករលើកបាល់ល្អជាងគេ ទទួលរង្វាន់ជាថវិកាម្នាក់ ចំនួន៤សែនរៀល៕