- 2021-09-10 07:00:26
- បាល់ទាត់
ប៉ះវិសាខាសប្ដាហ៍នេះ បឹងកេតបារម្ភតំបន់ការពារទេ ពេលបាត់ ទេស សម្បត្តិ?
- 2021-09-10 07:00:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ះវិសាខាសប្ដាហ៍នេះ បឹងកេតបារម្ភតំបន់ការពារទេ ពេលបាត់ ទេស សម្បត្តិ?
ចន្លោះមិនឃើញ
ក្រុមជើងខ្លាំងបឹងកេត នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នឹងបើកកីឡដ្ឋានខេមបូឌាអ៊ែរវេទទួលស្វាគមន៍ក្រុមខ្លាំងសំបូរធន់ធានវិសាខា ដើម្បីបិទបញ្ចប់ការប្រកួតជុំទីមួយរបស់ខ្លួន។ ក្នុងជំនួបនេះម្ចាស់ជើងឯកលីគ៤សម័យកាល បានបាត់បង់ខ្សែការពារដ៏សំខាន់មួយរូបគឺ ទេស សម្បត្តិ បន្ទាប់ពីគេសម្រេចចូលរួមជាមួយវិសាខា ដើម្បីត្រៀមការប្រកួតជុំទីពីរ។
បាត់បង់កំផែងការពារដ៏រឹងមាំម្នាក់នេះ តើបឹងកេតមានការព្រួយបារម្ភយ៉ាងណាដែរនៅតំបន់ការពារ ខណៈគូបដិបក្សជាក្រុមខ្លាំងសំបូរកីឡាករល្អៗ និងជម្រើសជាតិកម្ពុជា?
មិនចំពោះតែក្រុមវិសាខាទេ បឹងកេតតែងព្រួយបារម្ភគ្រប់ការប្រកួតកន្លងមក ហើយមិនដែលភ្លេចការខិតខំប្រឹងប្រែងដែរ និងតែងគោរពដល់គូប្រជែងជានិច្ច។ នេះជាការលើកឡើងរបស់គ្រូបង្គោលក្លឹបបឹងកេត លោក គឹម ភក្ដី។
គ្រូបង្វឹកជួយអោយបឹងកេតលើកពានលីគឆ្នាំ២០២០ បានសង្កត់ធ្ងន់បែបនេះ ៖«...(វិសាខា)ជាក្រុមមួយល្អនៅការប្រកួតពានរង្វាន់ Metfone Cambodian Leauge ហើយក្រុមបឹងកេតយើងក៏បាត់បង់សមាជិកម្នាក់ដែលជាខ្សែការពារ...ច្បាស់ណាស់យើងមានការព្រួយបារម្ភចំពោះការប្រកួតទាំងអស់ មិនមែនតែវិសាខាទេ យើងមានការព្រួយបារម្ភ មានការខ្វល់។ ដូច្នេះហើយទើបយើងរៀបចំក្រុមរៀបខ្លួន ដើម្បីប្រកួតប្រជែងរាល់ការប្រកួតទាំងអស់»។
លោកបានបញ្ជាក់បន្ថែមថា ៖«ដូច្នេះពួកយើងនឹងប្រឹងប្រែង និងគោរពគូប្រកួត មានន័យថាយើងប្រឹងប្រែងអោយអស់ពីសមត្ថភាព ដើម្បីស្វាគមន៍គូប្រកួតនៅថ្ងៃសៅរ៍នេះ ហើយលទ្ធផលយ៉ាងណានោះ គឺយើងរងចាំមើលទាំងអស់គ្នា ថាតើលទ្ធផលយ៉ាងណាចប់ការប្រកួតនៅថ្ងៃស្អែកនេះ។ បាទ! សូមអរគុណ!»។
គួរបញ្ជាក់ថា នៅដើមរដូវកាលឆ្នាំ២០២១ ក្រុមនាគខៀវចាញ់បីប្រកួតជាប់គ្នាតែម្ដង ប៉ុន្តែ៨ប្រកួតក្រោយមក ពួកគេពិតជាធ្វើបានល្អ ដោយឈ្នះទាំង៨ប្រកួត មាន២៤ពិន្ទុឈរលេងរៀងទី៣។ ចំណែកក្រុមវិសាខា ១១ ប្រកួតកន្លងមក ឈ្នះ ៧ ស្មើ ៤ មិនមែនចាញ់ដូចក្រុមកំពូលតារាងភ្នំពេញក្រោន និងមាន២៥ពិន្ទុដូចគ្នា៕