- 2021-09-08 11:36:45
- ព័ត៌មាន
Pique ធ្លាប់ឈ្លោះគ្នាជាមួយ Pep ក្រោយមានស្នេហាជាមួយ Shakira
- 2021-09-08 11:36:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pique ធ្លាប់ឈ្លោះគ្នាជាមួយ Pep ក្រោយមានស្នេហាជាមួយ Shakira
ចន្លោះមិនឃើញ
ខ្សែការពារក្លឹប Barcelona កីឡាករ Gerard Pique បានទម្លាយប្រាប់សារព័ត៌មាន La sotana កាលពីថ្ងៃអង្គារកន្លងទៅថា ខ្លួនធ្លាប់ចូលដល់ដំណាក់កាលឈ្លោះគ្នាជាមួយគ្រូបង្គោល Pep Guardiola នៅរដូវកាល ២០១១/១២ អំឡុងពេលភ្ជាប់ចំណងស្នេហាជាមួយតារាចម្រៀងកូឡុំប៊ីអ្នកស្រី Shakira។
''យើងធ្លាប់ឈានដល់ចំណុចសំខាន់នៃជម្លោះមួយជាមួយគាត់ [Pep Guardiola] និងអ្នកនៅបន្ទប់សំលៀកបំពាក់ [សំដៅលើមិត្តរួមក្រុម] ទាំងមូលតែម្ដង។ ការប្រជែងគ្នាជាមួយលោក Jose Mourinho ពិតជាហត់មែនទែនតែម្ដង។ Pep គាត់ចង់បានក្ដោបអ្វីគ្រប់យ៉ាង ដែលបានកើតឡើង"។ នេះបើតាមការលើកឡើងរបស់កីឡាករបាល់ទាត់មហាសេដ្ឋីរូបនេះ។
លោកបានបន្ថែមថា៖ "ខ្ញុំចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយ Shakira ហើយធ្វើឱ្យទំនាក់ទំនងជាមួយគាត់ប្រែប្រួលតែម្ដង តែឥលូវយើងត្រូវគ្នាល្អណាស់។ ពេលនោះ ខ្ញុំមានសម្ពាធ ខ្ញុំគិតថា នៅពេលហ្វឹកហាត់ ខ្ញុំត្រូវតែធ្វើអ្វីៗឱ្យបានឥតខ្ចោះ"។
Pique បានបន្តថា៖ "ប្រសិនបើនិយាយអំពីពេលដែលខ្ញុំចង់ចេញពី Barca គឺនៅរដូវកាល ២០១១/១២។ ខ្ញុំឈឺចាប់ខ្លាំងណាស់នៅក្នុងឆ្នាំចុងក្រោយជាមួយគាត់"។
លោក Pep បានដឹកនាំ Barcelona ពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១២។ អំឡុងឆ្នាំ២០១១-១២ គេសង្កេតឃើញថា លោក Pep និងលោក Mourinho បានប្រជែងគ្នាយ៉ាងខ្លាំង ដែលធ្វើឱ្យការប្រកួត El Clasico (ប្រកួតរវាង Real Madrid និង Barcelona) មានសភាពស្វិតស្វាញយ៉ាងខ្លាំង។
Pique និង Shakira ជួបគ្នាអំឡុងពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១០ ដែលធ្វើនៅប្រទេសអាហ្វ្រិកខាងត្បូង។ អ្នកទាំងពីរបានផ្ដើមចំណងស្នេហ៍ជាផ្លូវការនៅឆ្នាំ២០១១ ហើយគូស្នេហ៍មានកូនចំនួន ២នាក់ជាមួយគ្នា៕