• 2021-09-07 08:13:19
  • បាល់ទាត់

បើស៊ុតខ្លួនឯង យ៉ាន់ សុខា អាចរកគ្រាប់ឱ្យ EDC ស្មើ​បឹង​កេត តែនេះជាមូលហេតុ...

  • 2021-09-07 08:13:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅនាទីទី៣៣ក្រុមអគ្គិសនីកម្ពុជាមានឱកាសច្បាស់មួយលើក ដើម្បីបំប៉ោងសំណាញ់ទីក្រុមបឹងកេត ប៉ុន្តែខ្សែប្រយុទ្ធវ័យ​ក្មេង​ សារ ទី ធ្វើមិនបានល្អដោយទាត់បាល់​ពែនប៉ះចុង​ដៃអ្នកចាំទី ហ៊ុល គឹមហ៊ុយ ទៅបុកនឹងបង្គោលទី។

យ៉ាន់ សុខា (ឆ្វេង)កំពុង​ប្រជែង​យក​បាល់​ជាមួយ Mothusi Gopane

ការបញ្ចប់ទីមិនបានល្អរបស់ សារ ទី បាន​ធ្វើឱ្យ​ក្រុមទាំងមូលជា​ពិសេសអ្នកបញ្ជូនបាល់ យ៉ាន់ សុខា សោកស្ដាយជាខ្លាំង ព្រោះមិនអាចរក​គ្រាប់​តាមស្មើក្រុមនាគខៀវបាន។ ទោះបី​ជា​យ៉ាងណាសុខា​ មិនបាន​ខឹងនឹងអតីតកីឡាករសាលាបាល់ទាត់ជាតិបាទីឡើយ ព្រោះវា​ជាបាល់ទាត់ត្រូវការលេង​ជា​ក្រុម និង​ត្រូវ​ការ​សំណាងគួបផ្សុំដែរ។

ត្រង់ចំណុចនេះត្រូវ​បាន​គេ​មើល​ឃើញ​ថា បើអតីតកីឡាករបឹងកេត​សុខាសម្រេចចិត្តស៊ុតខ្លួនឯង គេប្រហែលជាអាចរកគ្រាប់តាមស្មើ ១ ទល់ ១ ជាមួយម្ចាស់ជើងឯកលីគកំពូល៤សម័យកាលបាន។

អតីសិស្សវិទ្យាល័យជាស៊ីមសន្ធរមុខ បានបញ្ជាក់ពីមូលហេតុដែលគេ​មិនស៊ុតខ្លួនឯងថា ៖«...ហ្នឹង​ហើយ​បង​ណាវ៉ា [ខ្សែ​ការពារ​បឹង​កេត​] គាត់រត់មកកាត់ចង្វាក់ខ្ញុំ អ៊ីចឹងខ្ញុំឃើញសារទីទៅ [ដែល​គេ​] អាចសម្រេចទីបានស្រួល។ កន្លែងហ្នឹងស្ដាយដែរ តែបើខឹងគាត់ក៏ខឹងមិនកើត​ បាល់ទាត់វាតែប៉ុណ្ណឹង យើងអត់សំណាងទាត់អត់ចូល។ និយាយទៅមកពីខ្ញុំសម្រេចចិត្តដែរ បើទាត់ខ្លួនឯងទៅវាបានបាត់ហើយ តែឃើញគាត់ល្អពេកឱ្យ​ទៅគាត់...»។

ខ្សែ​ប្រយុទ្ធ​ សារ ទី ប្រកួត​ម្សិលមិញ

នៅកីឡដ្ឋានអគ្គិសនីកម្ពុជាម្សិលមិញក្រុមលោក មាស សំអឿន ក៏មានឱកាសច្បាស់ពីរបីលើកដែរ ប៉ុន្តែ​គ្រាន់​គ្មានសំណាងតួយ៉ាង ឈឿង វិស៊ីនុ មានឱកាសដាច់មួយស្មើជាមួយ ហ៊ុល គឹមហ៊ុយ តែទាត់ហោះលើរបារទីមិនចំគោលដៅ។ ចប់​ការ​ប្រកួត​ក្រុម​ម្ចាស់​ផ្ទះ​ចាញ់​ក្រុម​ភ្ញៀវបឹង​កេត​ ០-២៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី