• 2021-09-06 07:50:42
  • បាល់ទាត់

នគរបាលជាតិមិនទាន់ស្គាល់ពាក្យ «ឈ្នះ» និងបន្តកាន់កាប់តំណែងបាតតារាង

  • 2021-09-06 07:50:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មើសូន្យទល់នឹងសូន្យជាមួយខេត្តព្រៃវែង កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ ក្លឹបបាល់ទាត់នគរបាលជាតិមិនទាន់ស្គាល់ពាក្យថា «ឈ្នះ» នៅឡើយទេ ខណៈ៨ប្រកួតកន្លង​មក​ ពួកគេ​ស្មើ២ និងចាញ់៦ប្រកួត។ ដូច្នេះ​ពួកគេ​មាន៣ពិន្ទុ បន្តកាន់កាប់តំណែងបាតតារាង​។

គ្រូ​បង្គោល​ក្រុម​នគរ​បាលជាតិ អ៊ុង កង​យ៉ានិត​

ចំពោះបរាជ័យហៅលែងឭនេះដែរ ក្រុម​នគរបាល​ជាតិ​ ត្រូវបានគេព្រួយបារម្ភ​អាចនឹងត្រូវបានកាត់ចេញពីក្រប​ខ័ណ្ឌ​លីគកំពូលកម្ពុជារដូវកាលក្រោយ បើ​ជុំទី១និង​​ទី២នៅ​តែ​បន្តចាញ់បែបនេះទៀត។

ពាក់ព័ន្ធនឹងកង្វល់នេះគ្រូបង្គោល អ៊ុង កងយ៉ានិត បានប្រាប់មកកាន់ Sabay ថាពេលនេះក្រុមកំពុងស្ថិតក្នុងស្ថានភាពលំបាក ប៉ុន្តែលោក​ក៏​ដូចជា​កូន​ក្រុម​មិនបោះបង់​ទេ និងប្រឹងប្រែងធ្វើយ៉ាងណាអោយ​ជៀសផុតពីតំបន់កាត់ចោល។

លោកបានបញ្ជាក់បែបនេះ ៖«មកដល់ពេលនេះ ក្រុមស្ថិតក្នុងស្ថានភាពលំបាកខ្លាំងដែលមិនទាន់ឈ្នះការប្រកួតមួយណាទេ ហើយស្ថិតក្នុងតំបន់កាត់ចោលទៀត ដោយសារកីឡាករសំខាន់ៗរបួស។ ប៉ុន្តែពួកយើងមិនបោះបង់នោះទេ យើងនឹងពង្រឹងផ្នែកស្មារតី និងឆន្ទៈក៏ដូចជាកលល្បិចក្រុមអោយបានរឹងមាំ និងមុតស្រួច ដើម្បីយកជ័យជម្នះនូវការប្រកួតបន្ទាប់ទៀត។ បាទ! យើងនឹងប្រឹងប្រែងអោយអស់លទ្ធភាព ដើម្បីទទួលបានជ័យជម្នះ អោយរួចផុតពីតំបន់កាត់ចោល»។

ដោយ​មាន​ការ​ផ្អាក​ការ​ប្រកួត​ម្ដង​ហើយ​ម្ដង​ទៀត គណៈកម្មការ​​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) បាន​ចម្រេច​ផ្លាស់​ប្ដូរ​​លក្ខខណ្ឌ និង​ប្រព័ន្ធ​ប្រកួត​ជា​ពីរ​ផ្នែកសម្រាប់​ជុំ​ទី​២​។ ផ្នែក​ទី​១ ក្រុម​លេខ​១ដល់​លេខ​៨ ត្រូវ​ប្រកួត​គ្នា​វិល​ជុំ​សន្សំ​ពិន្ទុបន្ត​ទៀត​ ដើម្បី​រក​ក្រុម​ជើងឯក គឺ​ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេពី​ការ​ប្រកួត​ទាំង​ ២ ​ដំណាក់កាល (ជើង​​ទី​១ និង​ការ​ប្រកួត Top ​8) សរុប​មាន ១៩ ប្រកួត​នោះនឹង​​ក្លាយ​ជា​​ជើងឯក​តែ​ម្តង។

រីឯ​ក្រុម​មាន​​ពិន្ទុ​តិចដែល​ឈរ​ពី​លេខ ​៩ ដល់​លេខ​ ១៣ ត្រូវ​ប្រកួត​​វិល​ជុំ​សន្សំ​ពិន្ទុ​ផង​ដែរ ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​តិច​ជាង​គេ ក្រោយ​ការ​ប្រកួត​បញ្ចប់​នឹង​ត្រូវ​កាត់​ចេញ​ឱ្យ​ទៅ​លេង​នៅ​​លីគ​ ២។

រូបមន្ត​​នេះត្រូវ​បាន​ធ្វើ​ម្តង​ហើយក្នុង​ឆ្នាំ​ ២០២០ ប៉ុន្តែ​កាល​​នោះ CNCC កំណត់​យក​ត្រឹម​​ Top6 ឱ្យ​ប្រកួត​​យក​ពាន និង​ដាក់​ឱ្យ​ក្រុម​ពី​លេខ​ ៧ ដល់​​លេខ​ ១៣ ប្រកួត​គ្នា រក​ក្រុម​ត្រូវ​កាត់​ចេញ ហើយ​ជា​លទ្ធផល​ក្រុម​បឹងកេត ​ជា​ម្ចាស់​ជើង​ឯកដោយ​ឈ្នះ​ ១២ និង​ស្មើ​ ៥ មាន​ ៤១ ​​ពិន្ទុ ខណៈ​ក្រុម​យុវជន​បាល់​ទាត់​ជាតិ​បាទី​អាយុ​ក្រោម​ ១៨ ​ឆ្នាំ ត្រូវ​ធ្លាក់ ក្រោយ​នៅ​បាត​តារាង​មាន ៧ ​ពិន្ទុ ដោយ​​ឈ្នះ​ ១ ស្មើ​ ៤ និង​ចាញ់​ ១៣ ​ដង​។

ទោះ​បី​ជា​យ៉ាងណាសម្រាប់​​ជុំ​ទី១ ក្រុម​នគរបាលជាតិ​ នៅ​សល់​៤​ប្រកួត​​​ក្នុង​ដៃ​ ដូច្នេះ​ពួកគេ​នៅតែ​​មាន​សង្ឃឹម​ឈ្នះ និង​​អាច​ជៀស​ផុត​ពី​តំបន់​កាត់​ចោល បើ​ធ្វើ​បាន​ល្អ​នៅ​ជុំ​ទី​២​។

គួរបញ្ជាក់ថា ក្រុមរបស់លោកកងយ៉ាងនិត ធ្វើបានល្អណាស់ក្នុងការប្រកួតដណ្ដើមពានរង្វាន់បើករដូវកាល Cambodia Airways Pre-season Cup 2021 នៅកីឡដ្ឋានខេមបូឌាំអ៊ែរវេរ។ ពួកគេ​ជាក្រុម​ជើងឯក និងជើងឯករងបានលើក្រុមអាស៊ីអឺរ៉ុបយូណាយធីត បឹងកេតលេខ៣ និងអគ្គិសនីកម្ពុជាបានលេខ៤៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី