• 2021-09-03 07:51:45
  • បាល់ទាត់

ចាន់ រតនា ជឿថា Xiong Jing Nan ការ​ពារ​ខ្សែ​ក្រវាត់​ជោគជ័យទល់​នឹង Nicolini យប់​នេះ

  • 2021-09-03 07:51:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ថ្ងៃ​សុក្រ ទី​៣ ខែ​កញ្ញានេះ កីឡាការិនី​ចិន Xiong Jing Nan នឹង​ឡើង​ការពារ​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក ONE Women’s Strawweight របស់​នាង​ទល់​នឹង​អ្នក​ជំនាញ​ជឺជីតស៊ូ​របស់​ប្រេស៊ីល Michelle Nicolini នៅក្នុងព្រឹត្តិការណ៍ ONE: EMPOWER។

សម្រាប់​ការ​ប្រកួត​ខ្សែ​ក្រវាត់​ពិភព​លោក​នេះ អ្នក​លេង​គុន​ចម្រុះ​លេខ​១​កម្ពុជា ចាន់ រតនា ជឿ​ជាក់​លើ​ម្ចាស់​ខជើង​ឯក​របស់​ចិន​នឹង​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោកបាន​ជោគជ័យ។

ចាន់ រតនា បាន​លើក​ឡើង​ថា ៖«ខ្ញុំ​គិត​ថា កីឡាការិនី​ប្រេស៊ីល Nicolini ពិបាក​យក​ឈ្នះ​ Xiong ពី​ព្រោះ​តាម​ខ្ញុំ​ឃើញ​កីឡាការិនី​ប្រកួត​កន្លង​មក​គឺ​នាង​ល្អ។ មាន​កត្តា​៣​សំខាន់​ដែល​កីឡាការិនី​ចិន​ម្នាក់​នេះ​នឹង​ឈ្នះ»។

«ទី​១ Xiong មាន​ជំនាញ​វ៉ៃ​ឈរ​ល្អ​ណាស់។ គាត់​ពូកែ​វ៉ៃ​កណ្តាប់​បាន​ល្អ​ស្ទើរ​ដូច​មនុស្ស​ប្រុស។ ក្រៅ​ពី​កណ្តាប់​ដៃ​ គឺ​គាត់​អាច​ទាត់​បាន​ល្អ​ថែម​ទៀត។ ទី​២ កីឡាការិនី​ចិន​នេះ​មាន​កម្លាំង​ស៊ុហ្វ​ល្អ។ តាម​បទ​ពិសោធ​ដែល​គាត់​វ៉ៃ​ខ្សែ​ក្រវាត់​ជា​ច្រើន​លើក​កន្លង​មក​គឺ​គាតើ​កម្រ​ចុះ​ខ្សោយ​ណាស់​ នៅ​ពេល​គាត់​វ៉ៃ​​៥​ទឹក​ពេញ»។ ចាន់ រតនា បាន​រៀប​រាប់ និង​បន្តថា ៖«ទី​៣ Jing Nan មាន​ក្បាច់​ការ​ពារ​ជំនាញ​ក្រោម​ល្អ។ ដៃ​គូ​ល្មម​ពីបាក​ធ្វើ​គាត់​ណាស់»។

ពេលលើក​ឡើង​​ថា កីឡាការិនី​ប្រស៊ីល Michelle Nicolini ជា​ជើង​ឯក​ពិភព​លោក​ជំនាញ​ជឺជីតស៊ូត​ដែល​ជា​ក្បាច់​ក្រោម​កម្រិត​ស្តង់ដារ​អន្តរជាតិ​ត្រូវ​បាន​ ចាន់ រតនា បញ្ជាក់​ថា ៖«ខ្ញុំ​ទទួល​ស្គាល់​ថា Nicolini ល្អ​ក្បាច់​ក្រោម តែខ្ញុំ​ឃើញ Xiong វ៉ៃ​ជា​មួយ Angela Lee ដែល​ពូកែ​ក្បាច់​ក្រោម ប៉ុន្តែ​ធ្វើ​អ្វីកីឡាការិនី​ចិន​មិន​កើត ពី​ព្រោះ​នាង​ល្អ​ការពារ»។

ចាន់ រតនា បន្ថែម​ទៀត​ថា កីឡាការិនី​ប្រស៊ីល Michelle Nicolini អាច​នឹង​ខ្សោយ​កម្លាំង​ដែល​មិន​អាច​វ៉ៃ​បាន​ល្អ​៥​ទឹក​ ដូច្នេះ​នៅទឹក​ទី​៤ ឬ​ទី​៥​គឺ​ពិបាក​ទប់​ទល់​នឹង​កណ្តាប់​ដៃ​របស់ Xiong Jing Nan ណាស់។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រកួត ONE: EMPOWER នា​រាត្រី​ថ្ងៃ​សុក្រនេះ ការ​ប្រកួត​ខ្សែ​ក្រវាត់​នារី​គុន​ចម្រុះ​ពិភព​លោក​​គឺ ONE Women’s Atomweight World Grand សម្រាប់​ការ​ប្រកួត​ជុំ​ដំបូង​ដែល​មាន​កីឡាការិនី​ឆ្នើម​ៗ​មក​ពី៨​ប្រទេស។

កីឡាការិនីហ្វីលីពីន​ Denice Zamboanga ប្រកួត​ជា​មួយ​កីឡាការិនី​កូរ៉េ​ខាង​ត្បូង Seo Hee Ham, កីឡាការិនី​អ៊ុយក្រែន Alyona Rassohyna ប្រកួត​ជា​មួយ​កីឡាការិនី​ថៃ Stamp Fairtex ថៃ​ជា​លើក​ទី​២ កីឡាការិនី​ជប៉ុន Itsuki Hirata ប៉ះ​កីឡាការិនី​អាមេរិក Alyse Anderson និង​កីឡាការិនី​ចិន Meng Bo ប៉ះ​ខ្លាញី​ឥណ្ឌា Ritu Phogat៕

ដោយ៖ ស៊ីធី

មតិយោបល់