• 2021-08-27 11:08:47
  • បាល់ទាត់

Ronaldo អត់​ទៅ​ហាត់​បាល់​ទេ​ ហើយ​ឮ​ថា​លា​មិត្ត​នៅ Juventus ទៀត​ផង​ ខណៈ​មាន​ព័ត៌មាន​ថា​ត្រៀម​ទៅ Man City

  • 2021-08-27 11:08:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo មិន​បាន​ទៅ​ហាត់​បាល់​ជាមួយ​ក្រុម​កីឡាករ​ក្លឹប​អ៊ីតាលី​ Juventus ទេ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ (ម៉ោង​នៅ​អ៊ីតាលី)​ ខណៈ​មាន​សេចក្ដី​រាយការណ៍​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា​ កីឡាករ​រូប​នេះ​ត្រៀម​ខ្លួន​ចាកចេញ​ទៅ​កាន់ Manchester City។

យោង​តាម​លោក Fabrizio Romano អ្នក​យក​ព័ត៌មាន​ទីផ្សារ​កីឡាករ​ដ៏​ល្បី​ Ronaldo បាន​ចំណាយ​រយៈពេល ៤០នាទី​ ដើម្បី​លា​មិត្ត​រួម​ក្រុម​របស់​ខ្លួន​នៅ​ Juventus។ បើ​តាម​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​រូប​នេះ​នៅ​រង់​ចាំ​ដំណឹង​ពី​ភ្នាក់ងារ​របស់​ខ្លួន​លោក Jorge Mendes ដើម្បី​យក​សំណើ​ផ្លូវការ​ពី​ក្លឹប Manchester City ខណៈ​នៅ​ពេល​នេះ ការ​ចរចា​ទាំង​ឡាយ​ស្ថិត​ក្នុង​ការ​ព្រមព្រៀង​មាត់ នឹង​មាត់​ប៉ុណ្ណោះ។

សារព័ត៌មាន Goal បាន​ផ្ដិត​យក​វីដេអូ​រថយន្ត​របស់​កីឡាករ​រូប​នេះ​បរ​ចេញ​ពី​កន្លែង​ហ្វឹកហាត់​របស់​ក្លឹប Juventus។ ប្រភព​នេះ​បាន​ឱ្យ​ដឹង​ថា ក្លឹប​អ៊ីតាលី​មួយ​នេះ​ត្រៀម​នឹង​លក់ Ronaldo ក្នុង​តម្លៃ​តែ​ ៣៤លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈ​កុងត្រា​កីឡាករ​រូប​នេះ​ជាមួយ​ក្លឹប​នឹង​ហួស​នៅ​ឆ្នាំ២០២២។

Man City នៅ​ពេល​នេះ​ជា​ក្លឹប​តែ​មួយ​គត់ ដែល​ទាក់ទង​ជាមួយ​នឹង Ronaldo ខណៈ​ក្លឹប Paris Saint-Germain បាន​ដក​ខ្លួន​ចេញ​ការ​ប្រណាំងប្រជែង​នេះ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។ នេះ​បើ​តាម​ប្រភព​ពី​ខាង Goal។

សារព័ត៌មាន​នេះ​បាន​រាយការណ៍​បន្ត​ថា ខាង​ City ចង់​យក​ Ronaldo មក​ជំនួស​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Sergio Aguero ដែល​ផ្លាស់​ទៅ​កាន់​ Barcelona កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ។ យ៉ាងណាមិញ ក្លឹប​របស់​ព្រះអង្គ​ម្ចាស់​ឧបនាយករដ្ឋមន្ត្រី​រាជាណាចក្រ​អារ៉ាប​រួម UAE មួយ​នេះ ហាក់​បី​ដូច​ជា​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្ដល់​ប្រាក់​ឈ្នួល​ក្នុង​មួយ​សប្ដាហ៍​ប្រមាណ ១លាន ២សែន​ដុល្លារ​ទៅ​កាន់ Ronaldo៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់