• 2021-08-25 06:20:45
  • បាល់ទាត់

ក្រោយចូលរួមជាមួយព្រៃវែង Omogba និយាយអ្វីខ្លះពីក្លឹបមួយនេះ?

  • 2021-08-25 06:20:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅជុំទី២​នៃ​ការ​ប្រកួត​ប្រជែង​ដណ្ដើម​ពាន​រង្វាន់​លីគកំពូល​កម្ពុជារដូវ​កាល​២០២១ ខ្សែបម្រើ Esoh Paul Omogba បានចូលរួមជាមួយក្លឹបបាល់ទាត់ខេត្ត​ព្រៃវែង បន្ទាប់ពី​រូប​គេ​ចេញពីក្លឹបសិង្ហក្រហម​ភ្នំពេញក្រោន។

វត្តមានរបស់ Paul ត្រូវបានគេមើលឃើញថា នឹងធ្វើឱ្យ​តំបន់ប្រយុទ្ធរបស់ព្រៃវែងកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្រពពេលសព្វថ្ងៃក្លឹបនាំចូលកីឡាករល្អៗមកបន្ថែមទៀត។

ក្រោយចូលហ្វឹកហាត់មួយរយៈ អតីតកីឡាករបឹងកេត បានបង្ហើបថា រូបគេបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតនៅជុំទី២។

កីឡាករមានប្រពន្ធថៃរូបនេះបានប្រាប់ថា ៖«ខ្ញុំបានត្រៀមខ្លួនរួចហើយឱ្យ​ព្រៃវែង ខ្ញុំបានហ្វឹកហាត់ជាមួយពួកគេ ហើយចូលចិត្តហ្វឹកហាត់ជាមួយកីឡាករក្មេងៗ ពួកគេលេង និងមានបច្ចេកទេសល្អ ខ្ញុំជឿថាថ្ងៃ​អនាគតពួកគេនឹងក្លាយជា​កីឡាករឆ្នើម ខ្ញុំរីករាយដែលបានរួម​ក្រុម​ជាមួយ​ពួកគេ»។

ក្រៅពីនេះអតីតសមាជិកភ្នំពេញក្រោនក៏បានលើកសរសើរពីលោក​ Thongchai Rungreangleas ថាគ្រូបង្វឹកសញ្ជាតិថៃរូបនេះជឿជាក់លើរូបគេ ហើយ​បើ​និយាយ​ពី​ភាសាកីឡាករ​នីហ្សេរីយ៉ារូបនេះថាមិន​លំបាក​ឡើយ​ ព្រោះគេក៏ចេះថៃខ្លះៗ​ដែរ។

បើតាមការឱ្យ​ដឹងរបស់ Paul មុនមកព្រៃវែង​គេ​ត្រូវបានក្លឹបក្នុងស្រុកហៅឱ្យ​ចូលរួមដែរនៅ​ជុំ​ទី​២ ប៉ុន្តែគេ​បានសម្រេចចូលក្លឹបមួយនេះ។

Paul បញ្ជាក់ថា ៖«មានក្លឹបក្នុងស្រុកហៅខ្ញុំដែរ តែខ្ញុំសម្រេចមកព្រៃវែង បន្ទាប់ពីបានជជែកជាមួយគ្រូបង្វឹក ហើយគណៈគ្រប់គ្រងបានប្រាប់ខ្ញុំពីគម្រោងដែលខ្ញុំគិតថាល្អសម្រាប់ខ្ញុំ និងជីវិតបាល់ទាត់របស់ខ្ញុំ។ ជើងទី២នៅសល់តែប៉ុន្មានប្រកួតទៀតប៉ុណ្ណោះ តែខ្ញុំគ្មានបញ្ហាអ្វីទេ ហើយសប្បាយចិត្តមកទីនេះ ព្រោះខ្ញុំដឹងអនាគតនឹង​ភ្លឺស្វាង»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី