• 2021-08-25 02:46:03
  • បាល់ទាត់

តាំង ប៊ុនឆៃ បង្ហាញ​អារម្មណ៍​ខ្លះៗ​ជុំវិញ​ ទេស សម្បត្តិ​ ចេញ​ពី​បឹង​កេត

  • 2021-08-25 02:46:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​​ការពារ​ តាំង ប៊ុនឆៃ បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ​ដែរ នៅ​ពេល​​មិត្ត​រួម​ក្រុម ទេស សម្បត្តិ ចាក​ចេញ​ពី​បឹង​កេត ព្រោះ​ពួកគេទើប​​លេង​ជុំ​គ្នា​​បាន​ប៉ុន្មាន​ប្រកួត​ប៉ុណ្ណោះ​ នៅ​រដូវ​កាល​ឆ្នាំ​២០២១​នេះ​។ ម្យ៉ាង​ពួកគេ​ជា​សិស្ស​ច្បងនិង​សិស្ស​ប្អូន ស្រលាញ់​និង​មើល​ថែ​គ្នា តាំង​ពី​លេង​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​មក​ម្ល៉េះ។

តាំង ប៊ុនឆៃ

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុករបស់​ខ្លួន​ ក្រោយ​ការ​ចាកចេញ​របស់​​ខ្សែ​ការពារ​ជម្រើស​ជាតិ​កម្ពុជា ប៊ុនឆៃ បាន​សរសេរ​រៀបរាប់​ថា ​បុរស​ម្នាក់​នេះ​ហើយដែល​តែង​តែ​ជម្រុញ​ និង​លើក​ទឹក​ចិត្ត​គេ​នៅ​លើ​ទីលាន​ប្រកួត​ ហើយ​​​សង្ឃឹម​ថ្ងៃ​ណាមួយ​គេ​នឹង​បាន​លេង​ក្រុម​ជាមួយ​គ្នា​ម្ដង​ទៀត​។

សំណេរ​​មាន​ន័យ​​បែប​នេះ​ថា ៖«​បុរស​ម្នាក់​នេះ​ហើយ ដែល​តែង​តែ​ជម្រុញ​ខ្ញុំ​ និង​លើក​ទឹក​ចិត្ត​ខ្ញុំ។ ឈរ​ខាង​ខ្ញុំ​ និង​ការពារ​ខ្ញុំ​យ៉ាង​ល្អ​នៅ​លើ​ទីលាន។ ថ្ងៃ​ណា​មួយ​យើង​នឹង​លេង​ជាមួយ​គ្នា​ម្ដង​ទៀត។ យើង​ចែក​រំលែក​វេទិការ​នេះ​ត្រឹម​តែ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ប៉ុន្តែ​វាមាន​ន័យ​ណាស់។ ពិត​ជា​គួរ​ឱ្យ​គោរពណាស់​!»។

ខ្សែ​ការពារ​វ័យ​ក្មេង​រូប​នេះ បាន​សម្ដែង​ការ​ដឹង​គុណ​ដល់ ទេស សម្បត្តិ ដែល​បាន​ជួយ​ណែនាំ​ និង​ផ្ដល់​ដំបូន្មាន​ល្អៗ​ដល់​រូប​គេ តាំង​ពី​នៅ​បាទី​រហូត​ដល់​បឹង​កេត ហើយ​វត្តមាន​របស់​ប៊ុន​ឆៃ​នៅ​បឹង​កេត​នេះ ក៏​ដោយសារ​តែ​ការ​ត្រួសត្រាយ​របស់​សម្បត្តិ​ផង​ដែរ។

យុវជន​បាន​បញ្ជាក់​ថា ៖«ខ្ញុំ​នឹង​គាត់​ដូច​ជា​បងប្អូន​ចឹង ហើយ​គាត់​បាន​ជួយ​ជ្រោមជ្រែង​ខ្ញុំ​ខ្លាំង​ណាស់ នៅ​ពេល​ខ្ញុំ​នៅ​បាទី ដើម្បី​ឱ្យ​ខ្ញុំ​បាន​មក​ចូល​រួម​ជាមួយ​នឹង​ក្លឹប​បឹង​កេត​។ នៅ​បឹង​កេត​គឺ​គាត់​ ការពារ​យើង Take Care យើង​ខ្លាំង​ជាង​នៅ​បាទី​ទៀត​ គាត់​ប្រាប់​យើង​ (ស្ដី​)ថា​ឱ្យ​យើង​ពេល​យើង​ធ្វើ​អី​ខុស​»។

ទេស សម្បត្តិ

ថ្មីៗ​នេះក្លឹប​បឹង​កេត​បាន​សម្រេច​​ផ្ទេរ​ ទេស សម្បត្តិ ទៅ​កាន់​ក្លឹប​អ្នក​មាន​វិសាខា​នៅ​ជុំ​ទី២ក្នុង​តម្លៃ​ខ្លួន​បិទ​ជិត​មួយ ក្រោយ​ខ្សែ​ការ​ពារ​ឆ្នើម​រូប​នេះ ​ចំណាយ​ពេល​ជិត​បី​ឆ្នាំ​នៅ​ក្រុម​នាគខៀវបន្ទាប់​​​ចេញ​ពី​បាទី​។ កំផែង​ដ៏​រឹង​​មាំ​​បាន​ជួយ​ឱ្យ​បឹង​កេត​ លើក​ពាន​លីគ​កំពូល​កម្ពុជាពី​រ​​រដូវ​កាល​គឺ​ឆ្នាំ​២០១៩ និង​​ ២០២០៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់