• 2021-08-18 08:57:28
  • ព័ត៌មាន

៦៣៦​ក្រុម ​ប្រកួត​ជម្រុះ​ច្រើន​ថ្ងៃ ​ទី​បំផុត​លីគ MPL KH ​រក​ឃើញ​៤​ក្រុម​​ឡើង​វគ្គ​Regular

  • 2021-08-18 08:57:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើងឯក​ MPL KH Season 1 ដែល​ជាព្រឹត្តិការណ៍​ប្រកួត​កីឡា​អេឡិចត្រូនិក​លីគអាជីព​លំដាប់​អន្តរ​ជាតិ​លើ​វិញ្ញាសា ​Mobile Legends: Bang Bang លើកដំបូង​បង្អស់នៅក្នុង​ប្រទេសកម្ពុជា​បាន​ស្វែង​រក​ឃើញ​ក្រុមខ្លាំង៤​ចេញ​ពីវគ្គជម្រុះ​ឈានឡើងទៅកាន់​វគ្គ​ Regular ហើយ។

MPL KH ​រដូវកាលទី១ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍ ​និង​ជំរុញ​វិស័យ​កីឡា​អេឡិច​ត្រូនិក​នៅក្នុង​ប្រទេស​ឲ្យឈាន​ដល់កម្រិតស្តង់ដារអន្តរជាតិ​នេះ​រៀបចំដោយក្រុមហ៊ុន​ Moonton​ ដែលជាស្ថាបនិកវិញ្ញាសា​ Mobile Legends: Bang Bang។ ​ព្រឹត្តិការណ៍​អស្ចារ្យ​មិនធ្លាប់​មាន​នេះ​បានបើកដំណើរការចុះ​ឈ្មោះជាផ្លូវការកាល​ពីថ្ងៃ២៩ ខែកក្កដា​ ដល់ថ្ងៃទី៦ ខែសីហា។ ដោយ​វា​ពិត​ជាអស្ចារ្យ​ខ្លាំង ​ដោយសារ​មាន​ក្រុម​ចុះ​ឈ្មោះ​ដល់ ៦៣៦​ក្រុម​ឯ​ណោះ។

ក្រុម​ទាំង​អស់ដែល​បាន​ចុះ​ឈ្មោះ​នេះត្រូវបានចម្រាញ់​ជ្រើសរើសយកតែ២៥៦ក្រុម​ប៉ុណ្ណោះ​ដើម្បី​ប្រកួត​ក្នុងវគ្គជម្រុះដែល​បានដំណើរការរយៈពេល៤ថ្ងៃពោលគឺចាប់ពីថ្ងៃទី៨ ដល់​ទី​១១​ ខែសីហា ​ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំងចំនួន១៦។ ក្រុមខ្លាំង១៦ បាន​បន្តប្រកួតប្រជែងដើម្បី​ស្វែងរកកៅអីចំនួន៤​ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​ចាប់ពីថ្ងៃទី១២ដល់ទី១៥ ខែសីហា​។

ទីបំផុត​កៅ​អីក្រុមខ្លាំងទាំង៤​ចេញពីវគ្គជម្រុះ​ត្រូវ​បាន​រកឃើញ​ហើយ​គឺ​ក្រុម DG Quantum, FENNEC Esport, Notorious Angels និងក្រុម Walker Esports។​ ក្រុម DG Quantum ជា​ក្រុមមួយ​ត្រូវ​បាន​បង្កើត​ឡើងកាល​ពីឆ្នាំ​២០១៦ ​និងមានបទពិសោធច្រើនក្នុងការប្រកួត។​ សមាជិក​ក្រុមសំបូរ​កីឡាករ​ដែល​មាន​បទ​ពិសោធ​ច្រើន និងជោកជាំក្នុងអាជីពកីឡា Esports។

ក្រុម FENNEC Esports ជាក្រុមថ្មីដែលទើបបានបង្កើតឡើង​ ប៉ុន្តែ​សមាជិកក្រុម​សំបូរ​បទពិសោធ​ច្រើន​ ពីព្រោះ​ពួកគេជា​អតីតសមាជិក​ក្រុម Impunity X។​ គោលបំណង​នៃការបង្កើតក្រុមនេះ​ឡើង​គឺ​ដើម្បី​ចូលរួម​ប្រកួត​ MPL KH Season 1 និងក្តីស្រមៃរបស់ពួកគេគឺឈ្នះជើងឯក MPL KH នេះតែម្តង។ ក្រុម ​Notorious Angels (NA) ​ជា​ក្រុម​ទើប​បង្កើត​ថ្មី​ដែរ ប៉ុន្តែ​ពួកគេ​មាន​សមត្ថភាព​ល្អ​មែនទែន​ក្នុង​ការ​ប្រកួត​ MPL KH Season 1 ​នេះ​។

​សម្រាប់​ក្រុម Walker Esports ត្រូវបានបង្កើតឡើងវិញ ​បន្ទាប់ពីដឹង​ថា កម្ពុជាមានព្រឹត្តិការណ៍ប្រកួត MPL KH Season 1 ​លក្ខណៈ​អាជីព។ ក្តីស្រឡាញ់ចំពោះ​កីឡាអេឡិចត្រូនិក​ជំរុញឲ្យពួកគេ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​សំខាន់លើក​ដំបូង​នេះ។

ក្រុមខ្លាំងទាំង៤ខាងលើនេះប្រកួតនៅវគ្គ​ Regular ​ជាមួយក្រុមកំពូលខ្លាំង៤ដែលជារៀមច្បង​ និង​មាន​បទពិសោធ​ច្រើនទាំងការប្រកួតក្នុងស្រុក​ និងអន្តរជាតិ​គឺ ​Impunity KH, SeeYouSoon, NewBlood និង Burn Gaming។ ​ដូច្នេះនៅវគ្គ Regular​ នេះ​មានក្រុម​ខ្លាំង​ឈាន​មុខ​ចំនួន​៨ដែលត្រូវប្រកួត​ប្រជែង​គ្នាយ៉ាងខ្លាំងក្លា​បំផុត។

នាំ​មក​ជូនដោយ​ MOONTON Games, Smart Axiata និងម្ចាស់ឧបត្ថម្ភ Sting និង NCX Honda ការ​ប្រកួត​វិលជុំ​សន្សំពិន្ទុលក្ខណៈ​លីគអា​ជីពនឹង​ចាប់ដំណើរការពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១៩ ខែ​កញ្ញា​ ឆ្នាំ២០២១។ ​ក្រុម​ទទួលបានពិន្ទុលើ​គេ​ទាំង​៦ត្រូវបន្តប្រកួត​វគ្គខ្វែងទៀតមុនពេល​ ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គផ្តាច់ព្រ័ត្រ​ដើម្បីកាត់សេចក្តីរកក្រុមគ្រងជើងឯក MPL KH​ រដូវ​កាល​ទី១​នេះដែល​នឹង​តំណាងឲ្យកម្ពុជាសម្រាប់ចេញទៅប្រកួតលើឆាកអន្តរជាតិ M3 World Championship​ ចុងឆ្នាំនេះ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទថ្មី