- 2021-08-18 03:43:40
- បាល់ទាត់
ស្ងាត់ៗ Booysen ត្រូវក្លឹបនគរបាលជាតិបញ្ចប់កុងត្រាមុនការកំណត់
- 2021-08-18 03:43:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ Booysen ត្រូវក្លឹបនគរបាលជាតិបញ្ចប់កុងត្រាមុនការកំណត់
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធមកពីអាហ្វ្រិកខាងត្បូង Shane Booysen កំពុងក្លាយជាកីឡាករគ្មានក្លឹបលេងនៅលីគកំពូលកម្ពុជា បន្ទាប់ពីគេត្រូវបានក្លឹបនគរបាលជាតិ បញ្ចប់កុងត្រាមុនការកំណត់។
បច្ចុប្បន្នអតីតខ្សែប្រយុទ្ធឆ្នើមរបស់ភ្នំពេញក្រោនកំពុងហ្វឹកហាត់ខ្លួនឯង ដើម្បីរក្សារូបរាងនិងរងចាំការទាក់ទងពីក្លឹបផ្សេងៗ។
អតីតខ្សែប្រយុទ្ធណាហ្គាវើលដ៍ បានប្រាប់ថា៖ «របួសរបស់ខ្ញុំជាហើយ វាមិនធ្ងន់ធ្ងរទេ វាមានរយៈពេលបួនខែហើយ ដូច្នេះខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបានលេងម្ដងទៀត»។
ពាក់ព័ន្ធនឹងការបញ្ចប់កុងត្រាមុនការកំណត់នេះ គ្រូបង្វឹកក្លឹបនគរបាលជាតិលោក អ៊ុង កងយ៉ានិត បានមកបញ្ជាក់ថា ព្រោះ Booysen មានបញ្ហាសុខភាពបេះដូងបូកផ្សុំនឹងករណីផ្សេងទៀត។
លោកបានពន្យល់ថា ៖«សម្រាប់កីឡាករ Booysen ដែលគាត់មានបញ្ហាជំងឺបេះដូង ចឹងគាត់បានសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ ហើយគាត់បានចេញពីពេទ្យមកវិញដែរដោយធូរស្បើយ ប៉ុន្តែនៅក្នុងលក្ខខណ្ឌដែលគាត់មិនអាច បានន័យថាធ្វើកម្លាំងឱ្យហួសពីអ្វីដែលតាមវេជ្ជបញ្ជាទេ គឺគាត់នៅមានកម្រិត បើសិនគាត់ធ្វើការហ្វឹកហាត់ខ្លាំងនឹងប៉ះពាល់ម្ដងទៀត ម្ល៉េាះហើយក្លឹបក៏បានពិភាក្សាសម្រេចឱ្យគាត់ផ្អាកការហ្វឹកហាត់ និងធ្វើការព្យាបាលនៅផ្ទះសិន ហើយមួយទៀតក៏គាត់សុំទៅស្រុកគាត់វិញ ដើម្បីទៅព្យាបាលដែរ អ្វីដែលបានគាត់ប្រាប់មកចឹង ចឹងចាប់ពីពេលហ្នឹងមកគឺខាងក្លឹបនិងគាត់បានចែកផ្លូវគ្នាហើយ ដោយគាត់ត្រូវទៅប្រទេសគាត់ដើម្បីព្យាបាលជំងឺរបស់គាត់...។ ហ្នឹងហើយ! អរគុណច្រើន!»។
ក្រោយចេញពីក្លឹបណាហ្គាវើល៍នៅឆ្នាំ២០២០ Booysen បានចុះកុងត្រាជាមួយក្លឹបនគរបាលជាតិ រយៈពេល១ឆ្នាំនៅរដូវកាលឆ្នាំ២០២១នេះ។ គេបង្ហាញខ្លួនបាន២ប្រកួត រកបាន១គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី១លើក។ ចំណែកការប្រកួតបើករដូវកាល គេរកបាន៥គ្រាប់ និងជួយឱ្យនគរបាលជាតិឈ្នះពានរង្វាន់ Cambodia Airways Cup៕