- 2021-08-17 09:08:57
- បាល់ទះ
ស្រីមុំ រាជ វិចិត្រ យល់យ៉ាងណាចំពោះការចង់ចាកចេញពីតួនាទីប៉ះសេរបស់លោក ស៊ ដាវុធ
- 2021-08-17 09:08:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីមុំ រាជ វិចិត្រ យល់យ៉ាងណាចំពោះការចង់ចាកចេញពីតួនាទីប៉ះសេរបស់លោក ស៊ ដាវុធ
ចន្លោះមិនឃើញ
លោក ស៊ ដាវុធ កាលពីពេលថ្មីៗនេះបានប្រកាសថា នឹកអាចចាកចេញពីតួនាទីប៉ះសេក្នុងការប្រកួតក្រៅផ្លូវការ ដ្បិតការលេងរបស់លោកជាប់ស្អិតដៃដែលជាគំរូមិនល្អដល់ក្មេងៗជំនាន់ក្រោយ។
ក្នុងបទសម្ភាសន៍ជាមួយ Sabay កាលពីម្សិលមិញ លោកដាវុធបានប្រាប់ថា ៖«ខ្ញុំរាល់ថ្ងៃនេះប្រឹងប្រែងកែប្រែណាស់រាល់ចំណុចជាប់ៗដៃហ្នឹង...ខ្ញុំគិតថាវាជាគំរូអាក្រក់មួយពេលលេងចឹងហើយផ្សព្វផ្សាយចេញទៅ។ ខ្ញុំឃើញរាល់ថ្ងៃមានក្មេងៗបានលេងដូចខ្ញុំដែរ មានក្មេងៗខ្លះបានចាប់ផ្ដើមលេងមកអាក្រក់មើលជាងខ្ញុំទៀត។ ខ្ញុំគិតថា បើសិនកែប្រែមិនបានទេ ខ្ញុំឈប់លេងតែម្ដង ដោយគ្រាន់តែចាប់គូឲ្យគេលេងវិញ។ និយាយទៅវាខ្មាស់ខ្លួនឯងដែរនៅពេលឃើញក្មេងៗលេងតាមចឹង ក្នុងនាមខ្ញុំជាអ្នកស្រលាញ់វិស័យមួយហ្នឹងខ្ញុំគិតថា ក្មេងៗគួរតែឈប់លេងជាប់ៗដៃចឹងទៅវាក្រក់មើលណាស់មិនថា បាល់បោក ឬប៉ះសេទេ...»។
កញ្ញា សែត ស្រីមុំ អ្នកស្នេហាវិស័យកីឡាបាល់ទះ និងតែងឃើញមុខនៅតាមតារានានានៅភ្នំពេញ បានបង្ហាញអារម្មណ៍សោកស្ដាយចំពោះដំណឹងចាកចេញ ប៉ុន្តែកញ្ញាក៏គាំទ្រខ្លាំងណាស់ដែរបើលោកដាវុធឈប់លេងជាអ្នកប៉ះសេ ព្រោះការលេងរបស់លោកអាចជិះឥទ្ធិពលមិនល្អដល់ក្មេងៗជំនាន់ក្រោយ។
កញ្ញា ស្រីមុំ បានពន្យល់ថា ៖«បើសិនគាត់ឈប់លេងចឹងសោកស្ដាយដែរបង ព្រោះដោយសារ(ខ្ញុំ)ធ្លាប់មើលលេង (យើង)ខំមិនបាញ់គាត់លេង បើគាត់ឈប់លេងសោកស្ដាយដែរ តែបើសិនគាត់កែអត់បានខ្ញុំគាំទ្របង ព្រោះវាជាទម្លាប់មិនល្អដល់ក្មេងជំនាន់គាត់ដែរ»។
ទោះលោកដាវុធឈប់លេងជាអ្នកប៉ះសេ ស្រីមុំថានៅតែស្រលាញ់គាំទ្រ ប៉ុន្តែដើម្បីអោយបាល់ទះក្រៅផ្លូវការកាន់តែមានភាពទំនើប និងល្អមើលអ្នកលេងគួរតែហ៊ានលះបង់។
ចំណែកស្មាត់ ទុយ រាជ ដែលមានជំនាញទាំងបាល់ទះអាជីពនិងក្រៅផ្លូវការ និងជាកូនក្រុមដ៏ល្អរបស់លោកដាវុធ បានបង្ហាញទស្សនៈថា អ្នកលេងបាល់ទះជាប់ដៃមិនមែនមានតែលោកដាវុធម្នាក់ទេ តែបើលោកចង់ចាកចេញមែនឬអាចកែប្រែទម្លាប់នេះបាន អធិរាជប្រអប់ស្រុកខ្មែររូបនេះក៏គាំទ្រដូចគ្នា។
កីឡាកររបស់ក្លឹបបញ្ជាការដ្ឋានអង្គរក្សបានបញ្ជាក់ថា ៖«ខ្ញុំគិតថាបើថាគាត់ចង់ឈប់លេង ឬចាកចេញពីអ្នកប៉ះសេចាប់បោះចឹងក៏ល្អម្យ៉ាងដែរ ព្រោះអីធម្មតាកុំអោយក្មេងៗរៀនលេងក្រោយៗមើលគំរូតាមអ្នកចាស់ៗ តែបើខ្ញុំគិតថាមិនមែនមានតែគាត់ម្នាក់ទេប៉ះសេចាប់បោះ ព្រោះអីមានអ្នកប៉ះសេច្រើន សូម្បីក្មេងៗជំនាន់ក្រោយឥឡូវក៏ប៉ះសេចាប់បោះ អ៊ីចឹងមិនមែនមានតែរូបគាត់មួយទេ»។
ដោយឡែក នួន វិចិត្រ អ្នកប៉ះសេដៃទីពីរប្រចាំក្លឹបបញ្ជាការដ្ឋានអង្គរក្ស និងជាកូនក្រុមរបស់លោកដាវុធដែរនោះក៏គាំទ្រពេញទំហឹងដូចគ្នា បើលោកឈប់លេងប៉ះសេជាប់ដៃ ឬអាចកែទម្លាប់ជាប់ដៃមកបាញ់ម្រាមបាន។ ទោះបីជាយ៉ាងណាវិចិត្រថា វាអាស្រ័យទៅលើកាយសម្បទា និងវ័យរបស់ពួកគាត់ដែរ ខណៈលោកដាវុធមិនអាចបាញ់ម្រាមដូចអ្នកប៉ះសេអាជីពឡើយ។ ម្យ៉ាងលោកជាស្ពន់ស័រមានវ័យចំណាស់ និងចាស់ទុំមួយរូប ក្នុងចំណោមស្ពន់ស័រវ័យចំណាស់ផ្សេងទៀត តែបើគ្មានក្រុមស្ពន់ស័រវ័យចំណាស់ទេ ក៏អាចនឹងពិបាកចាប់គូរលេងដែរ។
កីឡាករមកពីខេត្តស្វាយរៀងរៀបរាប់ថា ៖«...តែអ្វីដែលបងវុធចង់និយាយគឺក្មេងៗ ក្មេងៗដែលទើបតែឡើងលេងជាប់ដៃជាប់អីច្រើន...លេងជាប់ដៃជាប់អីហ្នឹងសឹងតែទាំងអស់ហើយ គ្មានណាគេមួយដែលលេងស៊ីលុយអត់ចាប់បោះទេ ទាល់តែមានគូធំៗល្អៗតាមបណ្ដាក្លឹបមកលេងដូចជាណារិទ្ធ ណារ៉ូ អីចឹងទៅបានគេបាញ់ម្រាម ក្រៅពីហ្នឹងគឺចាប់បោះទាំងអស់ហ្នឹង»។
មានបទពិសោធយូរឆ្នាំ និងជាគ្រូបង្វឹកនៃក្លឹបបាល់ទះក្រសួងមហាផ្ទៃលោក អ៊ូ សុផល ក៏យល់ស្របតាមមតិរបស់អ្នកប៉ះសេ នួន វិចិត្រ ដែរ ព្រោះថាស្ពន់ស័រភាគច្រើនមានវ័យចំណាស់ កាយសម្បទាមិនសូវល្អ លេងដើម្បីកែអផ្សុកប៉ុណ្ណោះ។ ប៉ុន្តែបើសិនក្មេងៗមិនបានគិតដល់ចំណុចនេះ ពួកគេច្បាស់ជាមិនគិតបែបនោះឡើយ ហើយផ្ទុយទៅវិញបែរជាចាប់យកទម្លាក់អាក្រក់ទាំងនោះជាមិនខាន។
អតីតជម្រើសជាតិបាល់ទះលើក្ដារកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា ៖«បញ្ហាដែលស្ពន់ស័រគាត់លេងគាត់ជាប់ដៃហ្នឹងគឺថាគាត់របៀបមនុស្សចាស់ៗ គាត់ចង់លេងគាត់ចង់សប្បាយ អាហ្នឹងយើងហាមឃាត់គាត់អត់បានទេ ប៉ុន្តែអ្វីដែលជាទម្លាប់មិនល្អសម្រាប់ក្មេងៗគឺគាត់លេងតាមមនុស្សចាស់ ដែលគាត់កម្លាំងកាយកម្លាំងគាត់ខ្សោយ គាត់ចង់លេងធ្វើម៉េចអោយសប្បាយ តែក្មេងៗវាយកគំរូតាម ប៉ុន្តែក្មេងៗគាត់អត់គិតដល់ចំណុចហ្នឹងទេ ចំណុចល្អៗគាត់អត់រៀនតាម គាត់រៀនតាមតែចំណុចអាក្រក់ៗចឹង»។
គ្រូបង្វឹករូបនេះបានបន្តថា មានតែការផ្សព្វផ្សាយញឹកញាប់តាមបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមនានាទេ ទើបអាចបញ្ជ្រាបព័ត៌មានទាំងអស់នេះបាន។ លោកក៏សំណូមពរដល់ក្មេងៗស្រលាញ់វិស័យកីឡាបាល់ទះ គួរកុំលេងជាប់ដៃតាមចាស់ៗដែលមានកម្លាំងកំហែង និងរាងកាយមិនម៉ាំទាំ ដើម្បីអភិវឌ្ឍវិស័យបាល់ទះអោយកាន់តែរស់រវើក និងទាន់សម័យ៕