• 2021-08-11 02:58:49
  • បាល់ទាត់

ឈិន ឈឿន ថាយកខ្សែប្រយុទ្ធ TIMOTHY មកគឺល្អសម្រាប់ក្រុម

  • 2021-08-11 02:58:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករក្លឹបបាល់ទាត់ TIFFY ARMY ឈិន ឈឿន បានយល់ឃើញថាការនាំយកខ្សែប្រយុទ្ធ TIMOTHY មកកាន់ក្រុមគឺជារឿងល្អ ខណៈបច្ចុប្បន្នក្រុមបានបាត់បង់ខ្សែប្រយុទ្ធប្រេស៊ីលម្នាក់ និងកំពុងត្រូវការអ្នក​ជំនួសនៅ​តំបន់ខាងលើ។

ខ្សែបម្រើស្លាប ឈិន ឈឿន

អតីតកីឡាកររបស់ក្លឹបព្រះខ័នរាជស្វាយរៀង បានបង្ហើបថា ៖«សម្រាប់ TIFFY ARMY ដែលយកកីឡាករ TIMOTHY មកចូលរួមដើម្បីត្រៀមលេងនៅជុំទី២ហ្នឹង ខ្ញុំគិតថាក៏ជាការល្អម្យ៉ាងដែរ ដោយសារយើងបានបាត់កីឡាករជនជាតិប្រេស៊ីលមួយរូប បន្ទាប់មកយើងយកគាត់មកជំនួស សម្រាប់គាត់មានផលចំណេញការប្រកួតប្រជែងបាល់លើ ហើយមួយរយៈដែលហាត់ជាមួយគាត់ហ្នឹងគឺ យើងមានការលេងយល់ចិត្តគ្នាគ្រាន់បើដែរ ហើយមិនរំពឹង១០០%ថាគាត់មកជួយក្រុមបាន១០០%ទេ តែនៅតែសង្ឃឹមថាគាត់អាចនឹងជួយក្រុមក្នុងការប្រយុទ្ធឱ្យ​កាន់តែមានប្រសិទ្ធភាព»។

កីឡាករ​ដែលកើត​ចេញ​ពី​យុវជន​របស់ TIFFY ARMY រូប​នេះ​បាន​បន្ថែមទៀត​ថា ខ្សែប្រយុទ្ធខាងលើមានមាឌធំខ្ពស់ មានជំនាញបាល់លើ និងពិតពាំងបានល្អនៅតំបន់ប្រយុទ្ធ ជាហេតុធ្វើឱ្យ​មិត្តរួមក្រុមចំណេញកម្លាំង និងអាច​មានឱកាសក្នុងការរកគ្រាប់ជាដើម។

ខ្សែបម្រើស្លាបបានបញ្ជាក់​បែប​នេះ ៖«គាត់មានជំនាញបាល់លើ ក្បាលជាមួយនឹងការគ្រប់គ្រងបាល់គឺគាត់អាចគ្រប់គ្រងបាន យើង​​ដឹងពីស្តាយរបស់គាត់ចឹងយើងស្រួល ពេលបាល់ទៅដល់គាត់យើងព្យាយាមទៅជួយគាំទ្រគាត់ អាហ្នឹងក៏ជាចំណុចពិសេសខ្លាំងរបស់គាត់មួយដែរបង។ ចឹងផលចំណេញមានន័យថា បើសិនមានបាល់នៅគាត់ អាចការពារម្នាក់ទៅពីរនាក់ អាចនឹងទៅប្លក់ជាមួយគាត់ អ៊ីចឹងយើងមានផលចំណេញសម្រាប់ក្រុមយើងដែរ»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់