• 2021-08-04 05:09:24
  • បាល់ទះ

បាល់ទះក្រៅផ្លូវការផុសផុលខ្លាំង តែចំណុចអវិជ្ជមានក៏មានច្រើន គួរកែប្រែទម្លាប់អាក្រក់ចោល

  • 2021-08-04 05:09:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការលេងបាល់ទះក្រៅផ្លូវការឬបាល់ទះសហគមន៍ ទទួលបានការគាំទ្រខ្លាំងជាយូរមកហើយពីប្រជាជនកម្ពុជា ព្រោះ​វា​ជា​កីឡាដ៏​ពេញ​និយម​មួយ​ក្នុង​ចំណោម​កីឡាផ្សេង​ទៀត ហើយ​ប្រជាជន​ចូល​ចិត្តលេងគ្រាន់​កែភាពអផ្សុក មាន​សុខភាពមាំមួន និងចំណងមិត្តភាព ដូចពាក្យស្លោកថា «កីឡានាំមកនូវសុខភាព លេងកីឡាជៀសឆ្ងាយពីគ្រឿងញៀន»។

ម៉ាប់ឆ្វេង និង​សុវណ្ណនាថ ក្នុង​ការ​ប្រកួត​ក្រៅ​ប្រព័ន្ធ​

ទោះពីមុន​ការ​លេង​បាល់ទះតាម​សហគមន៍ មិនមាន​ភាព​ទំនើបនិងត្រូវស្តង់ដារ១០០% ក៏ប្រភេទកីឡាមួយនេះ ត្រូវបានប្រជាជនខ្មែរលេងមានលក្ខណៈបច្ចេកទេស និង​ល្អមើល​ជក់ចិត្ត​បំផុត។ ប៉ុន្តែ​ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយមានការផ្សាយផុសផុលតាមបណ្ដាញសង្គមនានា ការប្រកួតក្រៅផ្លូវការកាន់​តែ​ទទួលបានការគាំទ្រខ្លាំងលើសលប់ ស្រប់​ពេល​អ្នកជំនាញបាន​សង្កេតឃើញថា ការលេងមិនដូចពីមុននិងកាន់តែអាក្រក់ឡើងៗ ដែលប៉ះពាល់ខ្លាំងដល់ក្មេងៗជំនាន់ក្រោយ ខណៈពួកគេគឺជាទំពាំងដែលយើងត្រូវយកចិត្តទុកដាក់មើលថែរក្សា។

លោក អ៊ូ សុផល គ្រូបង្វឹកបាល់ទះក្លឹបក្រសួងមហាផ្ទៃ បានយល់ស្រប់បាល់ទះសហគមន៍ មានសកម្មភាពងើបឡើង​ល្អណាស់ និងគាំទ្រ១០០% ក្នុងការជម្រុញអោយពលរដ្ឋ ជាពិសេសក្មេងៗលេងអោយបានច្រើន ជៀសឆ្ងាយអំពើឧបាយមុខនិងគ្រឿងញៀន ដើម្បីអោយពួកគេទទួលបាននូវសុខភាពល្អ បង្កើតចំណងមិត្តភាព និងមានស្មារតីកីឡាខ្លាំងក្លា។ ប៉ុន្តែសព្វថ្ងៃនេះការលេងបាល់ទះតាមសហគមន៍ បានលេចឡើងនូចចំណុចអវិជ្ជមានជាច្រើនដូចជា ការបោកជាប់ដៃ ការបោកពីក្រោយឡើងលើ និងប៉ះសេចាប់បោះជាដើម ដែលទម្លាប់អាក្រក់នេះបានសាបព្រួសចាក់ឬសយ៉ាងជ្រៅ​ក្នុង​ផ្នត់គំនិត​ក្មេងៗជំនាន់ក្រោយ។

លោក អ៊ូ សុផល (ស្ដាំ)

គ្រូ​បង្វឹក​បាល់ទះ​រូប​នេះបាន​បញ្ជាក់បែប​នេះ​ ៖«អ្នកលេងបាល់សហគមន៍មួយចំនួន និយាយទៅខ្ញុំឃើញអ្នកខ្លះលេងបានល្អ អ្នកខ្លះក៏លេងទម្លាប់គេថាទម្លាប់មិនល្អ ដល់អ៊ីចឹងធ្វើអោយក្មេងៗជំនាន់ក្រោយគិតថាលេងរបៀបអ៊ីចឹងក៏លេងបាន មិនបាច់លេងលក្ខណៈមួយថាស្តង់ដារបាល់ទះទេ យើងលេងរបៀបដូចបាល់អោបបាល់បោះក៏យើងលេងបាន ខ្ញុំគ្រាន់ថាចង់សំណូមពរអោយការលេងបាល់ទះតាមសហគមន៍ យើងកែប្រែត្រង់កន្លែងនឹងបន្តិចគឺល្អ បើសិនជានៅលេងចឹងគឺ បាល់ទះយើងនៅតែលេងដឹងតែផុសផុលហើយតាមសហគមន៍ ប៉ុន្តែពេលយើងឡាយផុសក្នុងបណ្ដាញសង្គម ឃើញខុសឆ្គងច្រើនដូចចាប់បោះអីជាដើម…វាប៉ះពាល់ដល់អ្វីដែលគាត់(ក្មេងៗ)ចូលចិត្ត អ៊ីចឹងធ្វើអោយខូចទម្រង់របស់គាត់ដែលគាត់ចង់ចេះលេងបាល់ទះ»។

ចំណែកលោក សាន សុក្រិត្យ គ្រូបាល់ទះក្លឹបវិសាខាកាលពីពេលថ្មីៗនេះ ក៏បានបង្ហាញចំណាប់អារម្មណ៍ និងរិះគន់ស្ថាបនា លើបណ្ដាញសង្គមរបស់ខ្លួនអំពីការចាប់ស្កុបបោកដ៏អាក្រក់របស់អ្នកលេងតាមសហគមន៍មួយចំនួនដែរ ដោយលោកថាជាទម្លាប់មិនល្អ ធ្វើអោយក្មេងៗជំនាន់ក្រោយយកតម្រាប់តាម។

ថ្ងៃនេះ Sabay ក៏បានសាកសួរជុំវិញបញ្ហានេះ ហើយលោក សាន សុក្រិត្យ ក៏បានបញ្ជាក់បន្ថែមថា៖ «ពាក់ព័ន្ធនឹងការលេងហ្នឹងខ្ញុំមើលឃើញ វាមិនប្រក្រតីក្នុងបច្ចេកទេសបាល់ទះ ទោះយើងលេងក្រៅប្រព័ន្ធម៉េចក៏ដោយតែយើងមិនគួរលេងរបៀបហួសហេតុ យើងលេងអ្វីដែលសមរម្យ បើយើងបោកយើងបោកមានបច្ចេកទេស បោកពីលើឬក៏យើងប្រើម្រាមពីរ អាហ្នឹងវាទំនងបន្តិច គាត់បោកនេះបោករបៀបថា ចាប់បាល់ទុកនៅពីក្រោយហើយទាញបាល់យកមកបោក វាខុសលក្ខណៈបច្ចេកទេសខ្លាំង ទោះអ្នកលេងក្រៅប្រព័ន្ធមួយចំនួនក៏គាត់មិនលេងដល់ថ្នាក់នឹងដែរ មិនមែនពួកគាត់លេងមិនបានទេរបៀបបច្ចេកទេស នេះជាទម្លាប់មួយដែលគាត់ចង់លេងចឹង…ប៉ះសេក៏អ៊ីចឹងដែរ ចាប់ស្កុបចង់៨វិនាទីហើយទើបចេញបាល់»។

ចំពោះការលេងបែបនេះ លោកថាមិនប៉ះពាល់ដល់ក្រុមបាល់ទះអាជីពទេ ព្រោះបាល់ទះអាជីពមានទម្រង់លេង មានក្បួនច្បាប់បច្ចេកទេសស្តង់ដារត្រឹមត្រឹម។ អ្វីដែលប៉ះពាល់គឺប៉ះពាល់ដល់ក្មេងៗតាមភូមិស្រុក ដែលពួកគេចូលចិត្តប្រភេទកីឡាមួយនេះ។

លោកគ្រូ សាន សុក្រិត្យ

គ្រូបង្វឹករូបនេះបន្ថែមថា៖ «ក្មេងៗជំនាន់ក្រោយៗគាត់ខំប្រឹងប្រែងឃើញការលេង ខ្ញុំមើល YouTube ប៉ុន្តែខ្ញុំមិនដែលបានចេញទៅលេងតាមក្រៅប្រព័ន្ធទេ តែការលេងខ្ញុំឃើញក្មេងៗឥឡូវសឹងតែទម្លាប់ (អាក្រក់) ចឹងទាំងអស់ហើយ ពេលខ្លះកីឡាកររបស់ពួកខ្ញុំចេញលេងក្រៅប្រព័ន្ធមែនតែយើងចង់បង្ហាញថា លេងកីឡាបាល់ទះមួយនេះទោះក្រៅប្រព័ន្ធក្នុងប្រព័ន្ធក៏ដោយ យើងត្រូវប្រើលក្ខណៈបច្ចេកទេសនោះអោយត្រូវស្តង់ដារ នោះបាល់លេងយើងឃើញទៅវាល្អមើល បើយើងលេងចឹងដូចចាប់បោក ដូចមិនលេងបាល់ទះទេ ត្រូវរៀបចំការលេងអោយត្រូវស្តង់ដារ។ អ៊ីចឹងហើយជាចុងក្រោយ ខ្ញុំសូមសំំណូមពរដល់ប្អូនៗទាំងអស់ យើងគួរតែលេងតាមលក្ខណៈស្តង់ដារទាំងក្នុងប្រព័ន្ធក្រៅប្រព័ន្ធក៏ដោយ ដើម្បីអោយក្មេងជំនាន់ក្រោយ គាត់មើលមកថាជំនាន់បងៗពីមុនគាត់មិនដែលលេងចឹងទេ គឺការលេងរបស់គាត់គឺស្តង់ដារ យើងគួរធ្វើជាគំរូរ​ល្អដល់​ពួកគេ»។

លោក សាន សុក្រិត្យ លើកឡើងនេះមិនមែនជាការរិះគន់ជាន់ពន្លិចទេ ផ្ទុយទៅវិញលោកចង់កែលំអរអោយវិស័យបាល់ទះ ក្រៅប្រព័ន្ធដ៏ពេញនិយមនេះរីកចម្រើន និងដើម្បីអោយក្មេងៗសិស្សានុសិស្ស មានទម្រង់លេងតាមកម្រិតបាល់ទះស្តង់ដារ ព្រោះអនាគតវានឹងជួយពួកគេក្លាយជាទំពាំងល្អ មិនមែនទំពាំងស្អុយរលួយឡើយ។

ជាចុងក្រោយស្របពេលប្រទេសកម្ពុជាកំពុងជួបវិបត្តិជំងឺកូវីដ១៩ លោកសូមអោយប្រជាជនកម្ពុជាទាំងអស់ជៀសឆ្ងាយពីជំងឺនេះ និងត្រូវគោរពតាមវិធាន «៣កុំ ៣ការពារ» របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្ដាត់ការរីករាយដាល៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់