- 2021-07-15 07:58:58
- បាល់ទាត់
លោក សុក វាសនា ទម្លាយមូលហេតុ AEU របូតគ្រាប់បាល់ច្រើននៅ៣ប្រកួតចុងក្រោយនេះ
- 2021-07-15 07:58:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក សុក វាសនា ទម្លាយមូលហេតុ AEU របូតគ្រាប់បាល់ច្រើននៅ៣ប្រកួតចុងក្រោយនេះ
ចន្លោះមិនឃើញ
បីប្រកួតចុងក្រោយនេះ ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាធីតធ្វើមិនសូវបានល្អទេ ដោយពួកគេរបូតគ្រាប់បាល់ដល់ ១៧ គ្រាប់ច្រើនមិនគួរឱ្យជឿ។
ប្រកួតសប្ដាហ៍ទី៧ ថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២១ ជាមួយក្រុមជើងខ្លាំងវិសាខា អាស៊ីអឺរ៉ុបបានចាញ់ក្នុងលទ្ធផល ៩-០។ ប្រកួតថ្ងៃទី១២ ចាញ់អង្គរថាយហ្គឺរ ៣-១ និងថ្ងៃទី១៤ ខែកក្ដដាម្សិលមិញនេះ ពួកគេចាញ់ណាហ្គាវើលដ៍ ៥-៣។
ជុំវិញការរបូតគ្រាប់បាល់ដ៏ច្រើននេះលោក សុក វាសនា គ្រូបង្គោលក្លឹបបាល់ទាត់អាស៊ីអឺរ៉ុប បានទម្លាយថាទី១ ដោយសារក្រុមលោកប៉ះក្រុមខ្លាំងៗ ដែលមានកីឡាករល្អៗ សំបូរបទពិសោធ និងរៀបចំប្រព័ន្ធលេងបានល្អ។ ទី២ក្រុមលោកមានប្រព័ន្ធការពារខ្សោយ ព្រោះសំបូរកីឡាករថ្មី។ ទី៣លោកបានកែប្រែប្រព័ន្ធលេងថ្មី និងទី៤កូនក្រុមលោកមានបញ្ហារបួសច្រើន កីឡាករខ្លះឆ្លងជំងឺកូវីដ-១៩ តម្រូវឱ្យសម្រាកព្យាបាល និងខ្លះទៀតត្រូវបានបញ្ឈប់ ដ្បិតល្មើសនឹងវិន័យក្លឹប។
អតីតគ្រូយុវជនរបស់ក្លឹបព្រះខ័នរាជស្វាយរៀង បានបន្ថែមលើការប្រកួតចាញ់ ណាហ្គាវើលដ័ ៥-០ ថា ៖«ចំពោះការប្រកួតម្សិលមិញ គឺនៅ៣០នាទីដំបូង យើងពិបាកនឹងគ្រប់គ្រងបាល់ ក៏ដូចជាបង្កើតកំហុសច្រើននៅតំបន់មុខទី ធ្វើឱ្យយើងរបូតគ្រាប់បាល់ដល់ទៅ៤គ្រាប់ ក្នុងរយៈពេល៣០នាទីហ្នឹង ហើយយើងមើលទៅលើការរៀបចំខាងគូប្រកួតគេធ្វើបានល្អ ហើយណាមួយមានកីឡាករដែលទាត់ Free Kick ល្អៗទៀត អ៊ីចឹងក្នុងគ្រាប់បាល់៥គ្រាប់ម្សិលមិញ មាន Free Kick ៣គ្រាប់ និង Corner Kick ១គ្រាប់ទៀត សុទ្ធតែជាបាល់ Set Piece»។
ទោះបីជាយ៉ាងណាកូនក្រុមរបស់លោក សុក វាសនា មិនបោះបង់ការប្រជែងទេ ដោយខំប្រឹងធ្វើការវាយបកវិញ រហូតរកបាន៣គ្រាប់សឹងតែតាមស្មើ ហើយលោកសុក វាសនា ក៏បានអរគុណដល់កូនក្រុមទាំងអស់ ដែលបានខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត៕