• 2021-07-05 07:52:56
  • បាល់ទាត់

ឡេង ណូរ៉ា ​​​បង្ហាញ​ល្អ​​នៅ​ជម្រើសជាតិ​​តែ​​​មាន​ប្រវត្ត​ិកម្សត់​រស់​នៅ​មណ្ឌល​​ និង​អង្គការ​

  • 2021-07-05 07:52:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ​​ស្លាប​​ជម្រើស​ជាតិ​កម្ពុជា និង​ក្លឹប​ព្រៃវែង ឡេង ណូរ៉ា បង្ហាញ​ទម្រង់​យ៉ាង​ល្អ​គួរឲ្យកត់សម្គាល់​ទាំង​ក្នុង​ក្លឹប​ និង​ជម្រើសជាតិ ប៉ុន្តែ​ប្រិយមិត្ត​ដឹង​ទេ​​យុវជន​វ័យ​១៧​ឆ្នាំ​រូប​នេះ​​ជា​ក្មេង​មាន​ប្រវត្ត​ិកម្សត់​រស់​នៅ​មណ្ឌល​កុមារ​កំព្រា​និង​តាម​អង្គការ​​នៅ​ក្រុង​ភ្នំពេញ​​កាល​​​វ័យ​៧​ឆ្នាំ​ដល់​១៤​​ឆ្នាំ​។

ឡេង ណូរ៉ា កាល​នៅជ្រើសជាតិ

យុវជន​ពាក់លេខ​១៧​នៅ​ជម្រើសជាតិ​រូប​នេះ​មាន​បង​ប្អូន​៤​នាក់​គេ​ជា​កូន​ទី​៣​ក្នុង​គ្រួសារ​​មាន​ម្ដាយ​ឈ្មោះ នី​ ណា បច្ចុប្បន្ន​ទៅ​រស់នៅ​ជា​មួយ​បង​ស្រី​របស់​គេ​ហើយ​។ យុវជន​រូប​នេះ​មាន​ឪពុក​ជា​ជន​ជាតិ​ ហ្គាណា បាន​ស្លាប់​នៅ​កម្ពុជា​កាល​​ឆ្នាំ​២០១០។

​កូនកាត់​ ហ្គាណា ​ខាង​លើ​ត្រូវ​បាន​ម្ដាយ​យក​ទៅ​ឲ្យ​រស់​នៅ​ជា​មួយ​អង្គការ​មួយ​ដែល​គេ​មិន​ចាំ​ឈ្មោះ​​កាល​ឆ្នាំ​២០១០​ ដែល​ពេល​នោះ​ ណូរ៉ា មាន​វ័យ​៧​ឆ្នាំ។ ការ​យក​កុមារ​វ័យ​៧​ឆ្នាំ​ទៅ​រស់​នៅ​ជា​មួយ​អង្គការ​នេះ​គឺ​​​​ក្រោយ​ពេល​ដែល​ប្ដី​របស់​ខ្លួន​បាន​ស្លាប់ និង​មិន​មាន​ជីវភាព​គ្រប់គ្រាន់​ក្នុង​​ចិញ្ចឹម​កូន​​។ ​ចាំ​បាន​ថា​​កុមារា​វ័យ​៧​​​ឆ្នាំ ណូរ៉ា រស់​នៅ​​ជា​មួយ​អង្គការ​​​​បាន​ពីរ​ឆ្នាំ​ក៏​ត្រូវ​ផ្លាស់​មក​រស់​នៅ​​ក្នុង​មណ្ឌល​កុមារ​​កំព្រា​ភ្នំពេញ​ថ្មី​​ក្នុង​ឆ្នាំ​២០១២​។

​​​​​មក​រស់​នៅ​​មណ្ឌល​កុមារ​កំព្រា​នោះ​ហើយ ​ជា​ពេល​ដែល​គេ​ចាប់​ផ្ដើម​ចង់​លេង​បាល់ទាត់ និង​បាន​ទៅ​លួច​មើល​ក្លឹប​ណាហ្គា ហ្វឹកហាត់នៅ​ជិត​មណ្ឌល​របស់​ខ្លួន​ស្ទើរ​រាល់​ថ្ងៃ​​។ ពេល​នោះ​គេ​ក៏​ចាប់​ផ្ដើម​ចង់​ចេះ​លេង និង​​ទទួល​បាន​ឱកាស​ទៅ​ហាត់​បាល់ទាត់​ជា​មួយ​ក្លឹប​ឱម៉ាល់ ប៉ុន្តែ​ហ្វឹកហាត់​មិន​ទាន់​ជាប់​លាប់​​ទេ​​។

រហូត​ដល់​ថ្ងៃ​មួយ​​​ចុង​ឆ្នាំ​២០០៨​​ ពេល​នោះ​ ណូរ៉ា ​​ក៏​ទទួល​បា​ន​ឱកាស​ចូល​ហាត់​ជា​មួយ​ក្លឹប​ឱម៉ាល់​ពេញលេញ​​។ ​ហ្វឹកហាត់​ជាមួយ​ឱម៉ាល់​​ដល់​ចុង​ឆ្នាំ​២០១៨​ក៏​បាន​ចូល​ធ្វើ​តេស្ត​សមត្ថភាព​​ជា​យុវជន​របស់​វិសាខា។ ក្រោយ​ធ្វើ​តេស្ត​ជាប់​ភ្លាម​​គេ​បាន​ប្រាប់​ខ្លួន​ឯង​ថា ជីវិត​របស់គេ​មាន​ភាព​ប្រសើរ​​ឡើង​ហើយ ពេលនោះ​គេ​ទទួល​បាន​ឱកាស​លេង​ឲ្យ​យុវជន​វិសាខា U16 ក្នុង​វ័​យ​១៤​ឆ្នាំ​។​ ​ចូល​រួម​ជា​មួយ​វិសាខា​បាន​ពីរ​​ឆ្នាំ​​ពោល​គឺ​២០២០ គេ​ក៏​បាន​ឡើង​មក​លេង​ឲ្យ​យុវជន​ក្រោម​អាយុ​១៨​ឆ្នាំ​វិសាខា​ក្នុង​វ័យ​១៦​ឆ្នាំ​។

​មាន​ទីតាំង​ហ្វឹកហាត់​​ និង​កន្លែង​ស្នាក់​នៅ​ហូប​ចុក​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​យុវជន​​វ័យ​ក្មេង​ដែល​ធ្លាប់​មាន​ប្រវត្តិ​​កម្សត់​មួយ​រូប​ដាក់​ចិត្ត​ដាក់​កាយ​ប្រឹងប្រែង​គ្មាន​ដែន​កំណត់​។ រហូត​​ដល់​ឆ្នាំ​២០២១​នេះ​​គេ​ក៏​បាន​ផ្លាស់​មក​លេង​ឲ្យ​ព្រៃវែង ហើយ​ក៏​​បាន​ជាប់​ជម្រើសជាតិ​ទៅ​លេង​នៅ​បារ៉ែន​កាល​ពី​េល​ល​ថ្មី​ៗ​នេះ​ ព្រម​ទាំង​បង្ហាញ​ឲ្យ​ប្រិយមិត្ត​កម្ពុជា​រាប់​ម៉ឺន​នាក់​សរសើ​ថា​​បង្ហាញ​ទម្រង់​លេង​ច្បាស់​ និង​មាន​ភាព​ក្លាហាន​ហ៊ាន​លេង​ថែម​ទៀត​ផង​៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី