• 2021-06-14 06:25:13
  • បាល់ទះ

សៅ តាន៖ កីឡាករ​ដេញ​បាល់​លឿនល្អៗ​ច្រើន ទោះជាប់​ឬ​ធ្លាក់​​ខ្ញុំ​នៅ​តែ​ខំប្រឹង​

  • 2021-06-14 06:25:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទះ​ជំនាញ​ដេញ​បាល់​លឿន​ឈុត​យុវជន​របស់​ក្លឹប​​វិសាខា សៅ តាន បាន​បង្ហាញ​​អារម្មណ៍​រីករាយ​ បន្ទាប់​ពី​​គ្រូ​បង្វឹក​ផ្ដល់​ទំនុក​ឱ្យ​គេ​ជាប់​ក្នុង​បញ្ជី​កីឡាករ​ជម្រើស​ជាតិ​បាល់​ទះ​ក្នុង​សាល​ផ្នែក​បុរស​​ ជម្រុះ​ត្រៀម​ប្រកួត​ស៊ីហ្គេម​នៅ​ប្រទេស​វៀតណាម។

សៅ តាន លេខ៨

ទោះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​១៩​រូប​ក៏​ដោយ ប៉ុន្តែ​យុវជន​មិន​​ហា៊ន​ធានា​ថា​ជាប់ជម្រើស​​១៤​នាក់​របស់​លោក Li Jun ឡើយ ដូច្នេះ​​ត្រូវ​​​មើល​លើ​សមត្ថភាព​របស់​គេ។

យុវជន​វ័យ​២២​ឆ្នាំ​មក​ពី​ខេត្ត​កំពង់​ស្ពឺ បង្ហើប​ប្រាប់​ថា ៖«...យើង​ត្រូវ​ពឹង​លើ​ខ្លួន​ឯង ខ្ញុំ​មាន​សង្ឃឹម​តិចតួច​ព្រោះ​កីឡាករ​ដេញ​បាល់​លឿន​ល្អៗ​ច្រើន ជាប់​ឬ​ធ្លាក់​ខ្ញុំ​នៅ​តែ​ខំ​ប្រឹង​ប្រែង...»។

ម្យ៉ាងសៅតាន​នៅ​មាន​បញ្ហា​ជង្គង់ ដែល​ធ្វើ​ឱ្យ​រូប​គេ​ពិបាក​ក្នុង​ការ​ប្រជែង​ជាមួយ​មិត្ត​រួម​ក្រុម ប៉ុន្តែ​គេ​នៅ​មាន​សង្ឃឹម ហើយ​ណាមួយ​គេក៏​​មាន​ឱកាស​​បង្ហាញ​សមត្ថភាព​ឱ្យ​គ្រូជម្រើសជាតិ​បាន​ឃើញ​ដែរ។

បញ្ជី​ឈ្មោះ​ត្រូវ​ប្រកួត​ជម្រុះ​របស់​ក្រុម​ជម្រើស​ជាតិបាល់​ទះ​​ក្នុង​សាល​ផ្នែក​បុរសរបស់​កម្ពុជាមាន​១៩​រូប​ ដែល​សុទ្ធ​សឹង​ជា​កីឡាករ​​ក្លឹប​បាល់​ទះ​វិសាខា។ សម្រាប់​ហេតុ​ផល​យក​តែ​កីឡាករ​វិសាខា សហព័ន្ធ​បាល់​ទះ​កម្ពុជា​បាន​បញ្ជាក់​ហើយ​ថា ដោយសារ​កូវីដ-១៩ ទើប​មិន​មាន​ការ​ប្រមូល​ផ្ដុំ ឬ​ជ្រើសរើស​កីឡាករ​មក​ពី​ក្លឹប​ផ្សេង។ ណា​មួយ​កីឡាករ​វិសាខា​ មាន​ការ​ហ្វឹក​ហាត់​ដិតដល់​ជា​មួយ​គ្នា​រាល់​ថ្ងៃ ទើប​សម្រេច​បែប​នេះ​តែ​ម្ដង។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម ត្រូវ​បាន​លើក​ទៅ​ឆ្នាំ​ក្រោយ​វិញ បន្ទាប់​ពី​ប្រទេស​ជាប់ភូមិ​ផង​របង​កម្ពុជា​មួយ​នេះកំពុង​​ផ្ទុះ​ជំងឺ​កូវីដ-១៩៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់