- 2021-05-22 03:22:59
- បាល់ទាត់
ល្បីថាចង់បានច្រើននាក់ណាស់! ចាំមើល Man Utd អាចទិញបានម្នាក់ណាឬអត់?
- 2021-05-22 03:22:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថាចង់បានច្រើននាក់ណាស់! ចាំមើល Man Utd អាចទិញបានម្នាក់ណាឬអត់?
ចន្លោះមិនឃើញ
Manchester United ត្រូវបានសារព័ត៌មាននៅអង់គ្លេស រាយការណ៍ថាកំពុងចចារជាមួយ Cristiano Ronaldo ដើម្បីនាំយកវីរបុរសរបស់ខ្លួនរូបនេះ ត្រឡប់មកកាន់ Old Trafford វិញ។ ចំណែក Jadon Sancho ក៏នៅតែជាមុខសញ្ញារបស់ក្លឹបនេះផងដែរ ខណៈក្ដីសង្ឃឹមទិញយក Harry Kane និង Erling Haaland ហាក់រសាត់ទៅឆ្ងាយម្ដងបន្តិច ដោយសារបញ្ហាតម្លៃថ្លៃពេក។
យោងតាមសារព័ត៌មាន Athletic របស់អង់គ្លេស ដែលដកស្រង់ដោយ Daily Mail បានឲ្យដឹងថា Kane និង Haaland ទំនងជាថ្លៃពេកសម្រាប់ Man Utd ប៉ុន្តែ Ronaldo និង Sancho ដែលបិសាចក្រហមចិញ្ចឹមចិត្តចង់បានជាយូរមកហើយនោះ ទំនងជាអាចទៅរួច។
គួរដឹងផងដែរថា ក្រុមលោក Ole បានបន្ថែមកុងត្រាដល់ខ្សែប្រយុទ្ធចាស់វស្សា Edison Cavani មួយរដូវកាលទៀត ប៉ុន្តែមិនគ្រប់គ្រាន់នោះទេ ពោលគឺក្លឹបត្រូវទិញឲ្យបានខ្សែប្រយុទ្ធជួរមុខលំដាប់ Super star មួយរូបទៀត ដែលអាចជាម្នាក់ ក្នុងចំណោម ៤នាក់ខាងលើ។
សម្រាប់ Kane ទោះបីប្រធានក្លឹប Spurs លោក Daniel Levy ចេញមកបញ្ជាក់ថាមិនលក់ក៏ដោយ ប៉ុន្តែតម្លៃខ្ទង់ ១២០លានផោន (ប្រហែល ១៧០លានដុល្លារ) ទំនងជាអាចឆក់យកខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ចេញពីមាន់ខ្នាយមាសបាន។ យ៉ាងណាក្ដី Man Utd ក៏នឹងមិនចាយច្រើនដល់ថ្នាក់នេះ សម្រាប់កីឡាករតែម្នាក់ដែរ។ ពីដើមឡើយ Jesse Lingard និង Anthony Martial អាចជាផ្នែកមួយបន្ថែមលើទឹកប្រាក់ ដើម្បីយក Kane ប៉ុន្តែ Man Utd អាចមានជម្រើសចំណេញជាងនេះទៀត ក្រោយ Lingard ឡើងតែមខ្លាំង ពេលទៅលេងនៅ West Ham (ខ្ចីជើង)។
ងាកមកនិយាយពី Ronaldo ដែលជាសំណព្វចិត្តរបស់អ្នកគាំទ្រ Man Utd ជាច្រើនវិញម្ដង។ ម៉ាស៊ីនរកគ្រាប់បាល់របស់ជម្រើសជាតិព័រទុយហ្គាល់រូបនេះ បានបញ្ជាក់ជារឿយៗថាមិនទាន់ចង់ចេញពី Juventus នោះទេ ប៉ុន្តែការចាកចេញនៅតែអាចទៅរួច ជាពិសេស ប្រសិនបើក្លឹបយក្សអ៊ីតាលីមួយនេះ មិនអាចចូលតំបន់ Top 4 ទៅលេងនៅ Champions League រដូវកាលក្រោយបាន។ ទោះឈានដល់វ័យ ៣៦ឆ្នាំ Ronaldo នៅតែអាចស៊ុតបានដល់ទៅ ៣៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៤ប្រកួតឲ្យក្រុមលោក Andrea Pirlo នារដូវកាលនេះ ដែលធ្វើឲ្យលោក Solskjaer នៅតែលេបទឹកមាត់ ចង់នាំតួឯករូបនេះ ត្រឡប់ទៅវិញ។ យ៉ាងណា Daily Mail បញ្ជាក់ថា ទាល់តែ Man Utd ហ៊ានចាយធំ លើលុយប្រាក់ខែ ពោលគឺអាចឲ្យប្រាក់ខែខ្ពស់បំផុតក្នុងក្លឹប ក្នុងកុងត្រារយៈពេលខ្លីណាមួយ។ តែបើនិយាយពីថ្លៃផ្ទេរវិញ ទំនងជាមិនខ្ពស់ណាស់ណាទេ ដោយសារកុងត្រានៅក្រុង Turin សល់តែ ១ឆ្នាំប៉ុណ្ណោះ។ សរុបមកវិញ ការនាំ Ronaldo មកវិញ គឺអាចទៅរួច។
ករណីទៅរួចមួយទៀត គឺ Sancho។ United បានត្រឹមខកចិត្តម្ដងរួចមកហើយ កាលពីមុនចាប់ផ្ដើមរដូវកាល។ យ៉ាងណាក្ដី លើកនេះ ទំនងជាមានភាគរយខ្ពស់ជាងមុន ដោយសារ Dortmund នឹងទម្លាក់តម្លៃផ្ទេរ ក្រោយ Sancho សល់កុងត្រាតែ ២ឆ្នាំ ពោលគឺអាចទម្លាក់ពី ១១០លានផោន មកត្រឹម ៧០លាន ទៅ ៨០លានផោន ដែលល្មមអាចឲ្យបិសាចក្រហម បើកខ្ទង់ចំណាយបាន ខណៈរឿងកញ្ចប់ប្រាក់ខែកីឡាករ និងថ្លៃទឹកតែសម្រាប់ភ្នាក់ងារ មិនជាបញ្ហានោះទេ ដោយសារបានព្រមព្រៀងគ្នារួចទាំងពីពេលចែចូវលើកមុនមកម្ល៉េះ (អត់ត្រូវគ្នាតែថ្លៃផ្ទេរប៉ុណ្ណោះ)។ មួយវិញទៀត Sancho ជាសម្លាញ់ជិតស្និទ្ធរបស់ Marcus Rashford ស្រាប់ រឿងអីដែលថាមិនអាចទៅរួច?
ក្រៅពី Super Star ទាំង ៤ខាងលើ Jack Greatlish ក៏ស្ថិតក្នុងរ៉ាដារបស់ United ដែរ តែ Aston Villa រំពឹងថានឹងទាមទារថ្លៃដល់ ៨០លាន ឬអាចលើសផងក៏ថាបានសម្រាប់ខ្សែបម្រើប្រយុទ្ធវ័យ ២៥ឆ្នាំរូបនេះ ខណៈដែល Man City ក៏ំកំពុងសម្លឹងមិនដាក់ភ្នែកលើ Greatlish ផងដែរ។
នៅមិនទាន់អស់ទេ ប្រភពពីអង់គ្លេស ក៏បានរាយការណ៍ផងដែរថា Man Utd អាចនឹងលក់ខ្សែការពារ Axel Tuanzebe ក្នុងតម្លៃប្រមាណ ១០លានផោន ស្របពេលដែលក្លឹបនេះ កំពុងមានជម្រើសខ្សែការពារជាច្រើន ដែលអាចទិញយកមកចាប់ដៃគូជាមួយប្រធានក្រុម Harry Maguire ដែលរួមមាន Raphael Varane របស់ Real Madrid, Jules Kounde របស់ Sevilla និង Pau Torres របស់ Villarreal ជាដើម។
រង់ចាំមើលទាំងអស់គ្នា ថាតើក្រុមលោក Ole អាចទិញបានកីឡាករណាម្នាក់ ក្នុងចំណោមនេះ បានឬយ៉ាងណា?