- 2021-05-13 03:25:00
- បាល់ទាត់
ស្ថានភាពលំបាកពេក គ្រូជម្រើសជាតិថ្មីកម្ពុជា ជ្រើសរើសកីឡាករតាមវិធីនេះ
- 2021-05-13 03:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានភាពលំបាកពេក គ្រូជម្រើសជាតិថ្មីកម្ពុជា ជ្រើសរើសកីឡាករតាមវិធីនេះ
ចន្លោះមិនឃើញ
ការប្រកួតលីគកំពូលកម្ពុជា ត្រូវបានផ្អាកជាច្រើនលើកជាហេតុធ្វើឲ្យលោក Ryu Hirose គ្រូបង្គោលថ្មីនៃជម្រើសជាតិកម្ពុជា ពិបាកក្នុងការជ្រើសរើសកីឡាករ ត្រៀមប្រកួតព្រឹត្តិការណ៍នានាជាពិសេសស៊ីហ្គេមលើកទី៣១ នៅវៀតណាមឆ្នាំនេះ និងស៊ីហ្គេមឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។ យ៉ាងណាលោកនឹងយកវិធីរើសកីឡាករតាមរយៈ សមិទ្ធផលដែលពួកគេបានសម្រេចកន្លងមកដល់បច្ចុប្បន្ន និងកីឡាករដែលមានសក្ដានុពលខ្ពស់។
លោក Ryu Hirose បានឲ្យដឹងតាមរយៈសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកនេះថា ៖«ពួកយើងបានទស្សនាការប្រកួតមួយចំនួនរួចមក យើងបានកត់សម្គាល់ឃើញថា ការបង្ហាញខ្លួនរបស់កីឡាករនៅមិនទាន់ល្អនៅឡើយទេ ប៉ុន្តែយើងសម្រេចចិត្តជ្រើសរើសកីឡាករ ដោយផ្អែកទៅលើសមិទ្ធផល ដែលពួកគេសម្រេចបានកន្លងមកដល់ពេលបច្ចុប្បន្ន និងជាកីឡាករ ដែលមានសក្តានុពលខ្ពស់ សម្រាប់ពេលអនាគត។ ពួកយើងមានភាពជឿជាក់លើកីឡាករដែលពួកយើងបានជ្រើសរើស»។
គ្រូបង្គោលជនជាតិជប៉ុន បានបន្ថែមទៀថា ៖«ខ្ញុំចង់ឲ្យកីឡាករយើងខិតខំប្រឹងប្រែង និងប្រកួតប្រជែងឲ្យខ្លាំងទៅតាមលទ្ធភាព ដែលពួកគេអាចធ្វើបាន ជាពិសេសកីឡាករវ័យក្មេង ដើម្បីនាំយកបទពិសោធ និងទំនុកចិត្តត្រឡប់មកវិញ ដោយរំពឹងថានឹងមានការរីកចម្រើនបន្ថែមទៀតនៅពេលអនាគត»។
លោក Ryu Hirose គឺជាគ្រូបង្គោលនៃក្រុមជម្រើសជាតិកម្ពុជាថ្មី ជំនួសដំណែងគ្រូបង្គោលចាស់ជនជាតិអាហ្សង់ទីន លោក Felix G. Dalmas ដែលបច្ចុប្បន្នបន្តដឹកនាំក្រុមកម្ពុជាជាមួយអ្នកចាត់ការទូទៅជនជាតិជប៉ុន គឺលោក Keisuke Honda រហូតដល់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។
ក្រៅពីស៊ីហ្គេមនៅវៀតណាមថ្ងៃទី ២១ វិច្ឆិកា ដល់ ២ធ្នូ ឆ្នាំ២០២១ ក្រុមកម្ពុជា ក៏នឹងត្រៀមចូលរួមប្រកួតបន្តបង្រ្គប់កិច្ច ចំនួន៣ប្រកួតចុងក្រោយនៃវគ្គចែកពូលជុំទី២ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022)។
ប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន នាថ្ងៃទី៣ ខែមិថុនា
ប្រកួតជាមួយម្ចាស់ផ្ទះ អ៊ីរ៉ាក់ នាថ្ងៃទី៧ ខែមិថុនា
ប្រកួតជាមួយក្រុមភ្ញៀវ អ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នៅកម្ពុជា។
ក្នុងពូល C ដែលមាន៥ក្រុម មានកម្ពុជា, បារ៉ែន, ហុងកុង, អ៊ីរ៉ាក់ និងអ៊ីរ៉ង់ ឆ្លងកាត់៥ប្រកួតកន្លងមកមិនធ្លាប់ឈ្នះ ស្មើ១ជាមួយក្រុមហុងកុង ១-១ និងចាញ់៤ប្រកួត។ ប្រកួតកម្ពុជារបូតគ្រាប់បាល់ច្រើនជាងគេគឺ ការប្រកួតជាមួយម្ចាស់ផ្ទះអ៊ីរ៉ង់រហូតដល់ ១៤ទល់០ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩៕