• 2021-05-12 05:12:12
  • បាល់ទាត់

ប៉ះក្រុមការពារ​ជើងឯកបឹងកេត AEU អវត្តមានកីឡាករសំខាន់ៗច្រើន

  • 2021-05-12 05:12:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ក្រុមអាស៊ីអឺរ៉ុបយូណាធីត នឹងបើកកីឡដ្ឋានខ្លួនទទួលស្វាគមន៍ក្រុម​បឹងកេត ក្នុង​ពានរង្វាន់លីគកំពូល ក្រោយការ​ផ្អាក​ដំណើរ​ការ​អូស​បន្លាយ​ អស់​រយៈ​ពេល​ជិតមួយខែដោយជំងឺឆ្លង​កូវីដ-១៩។

ក្នុងជំនួបប៉ះក្រុមខ្លាំងបឹងកេត កូនក្រុមសំខាន់ៗរបស់លោក សុក វាសនា នឹងអវត្តមានច្រើនដោយពួកគេ​ខ្លះ​ជាប់ពិន័យ មាន​របួស ហើយ​ខ្លះ​ទៀត​ សង្ស័យពាក់ព័ន្ធនឹងព្រឹត្តិការ២០កុម្ភៈ ត្រូវជាប់ធ្វើចត្តាឡីស័កនៅផ្ទះ តាមដានសុខភាព និងគោរពតាមគោលការណ៍ ៣កុំ ៣ការពាររបស់ក្រសួងសុខាភិបាល​។

លោកបានសង្កត់ធ្ងន់ លើកីឡាករសង្ស័យជាប់ពាក់ព័ន្ធ ព្រឹត្តិការណ៍​២០​កុម្ភៈ​ថា ៖«និយាយរួមទៅគឺគាត់មិនប៉ះពាល់អីច្រើនទេ គ្រាន់តែគេហៅថាបងប្អូនមកពីខេត្តចឹង គាត់ចត្តាឡីស័កនៅផ្ទះខ្លួនឯង គាត់អត់មានអីថាឆ្លងពីណា​ពីណីទេឆ្លងអីទេ គ្រាន់តែគាត់សង្ស័យក៏គាត់ដាក់ខ្លួនដោយឡែកទៅ ចឹងយើងក៏ឱ្យ​គាត់អនុវត្តតាមហ្នឹងទៅ គ្រាន់តែថាគាត់អត់មានឆ្លងកូវីដអី ទាក់ទងដោយប្រយោលឬក៏អីទេគ្រាន់តែសង្ស័យ គាត់ក៏មិនមានអាការៈអីផងដែរ»។

ចំពោះ​កីឡាករដែលនឹងខកខានក្នុង​ជំនួប​នេះ​មានដូចជា ឡាយ រស្មី ឡាក់ សុភ័ក្ត្រា ព្រីង ចិត្រា និង សាន នីរាក់ធន។ ទោះជួបវិបត្តិកីឡាកររបួស ពេលប្រមូលផ្ដុំមានរយៈពេលខ្លី ហើយ​កីឡាករធ្លាក់កម្លាំងក្ដី ប៉ុន្តែក្រុមលោកត្រៀមខ្លួនបាន៧០%ហើយ។ លោកសង្ឃឹមថាកូនក្រុមនឹងធ្វើបានល្អ និងជាពេលដែលពួកគេត្រូវបង្ហាញសមត្ថភាព ក្នុងជំនួបប៉ះក្រុមការពារជើងឯក ដែលសំបូរដោយកីឡាករឆ្នើមៗបឹងកេត៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី