- 2021-05-11 02:33:18
- បាល់ទះ
លោកគ្រូ សោម ចំណាប់ ចាត់ទុកប្រទេស២នេះមានគុណភាពបាល់ទះឆ្នេរខ្សាច់ខ្ពស់ជាងគេនៅស៊ីហ្គេម
- 2021-05-11 02:33:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកគ្រូ សោម ចំណាប់ ចាត់ទុកប្រទេស២នេះមានគុណភាពបាល់ទះឆ្នេរខ្សាច់ខ្ពស់ជាងគេនៅស៊ីហ្គេម
ចន្លោះមិនឃើញ
លោក សោម ចំណាប់ ត្រូវបានសហព័ន្ធបាល់ទះកម្ពុជាតែងតាំងជាគ្រូបង្គោលដឹកនាំក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ផ្នែកបុរស ទៅប្រកួតស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម។ ក្នុងនាមជាបង្ហាត់ និងគ្រូបង្គោលរយៈពេល២ឆ្នាំមកនេះ លោកក៏បានសិក្សាអំពីគូប្រជែងខ្លះៗរួចហើយដែរ និងមើលឃើញថាប្រទេសថៃ និងឥណ្ឌូណេស៊ី មានសមត្ថភាពខ្លាំងជាងគេបើធៀបនឹងប្រទេសផ្សេង។
លោក សោម ចំណាប់ បានបង្ហើបថា ៖«យើងធ្លាប់ដឹងថាស៊ីហ្គេមគេធ្វើ២ឆ្នាំម្ដង។ ប្រទេសដែលខ្លាំងៗគឺមានបីបួនប្រទេស គឺប្រដងត្រសងគ្នាមានឥណ្ឌូណេស៊ី ថៃ វៀតណាម ហ្វីលីពីន ស៊ីងហ្គាពួរ ប៉ុន្តែកម្រិតឱ្យខ្លាំងជាងគេឥណ្ឌូណេស៊ីខ្លាំងជាងគេហើយនឹងថៃ ក្រៅពីហ្នឹងយើង(កម្ពុជា)អាចប្រដងត្រសងគ្នា»។
អតីតជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ និងលើក្ដារល្បីខ្លាំងកាលជាង១០ឆ្នាំមុន បានបន្ថែមទៀតថា កាលស៊ីហ្គេមនៅប្រទេសហ្វីលីពីនឆ្នាំ២០១៩ មានតែប្រទេសឥណ្ឌូណេស៊ី និងថៃប៉ុណ្ណោះឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ហើយឥណ្ឌូណេស៊ីជាក្រុមជើងឯក។
ទោះបីជាយ៉ាងណាលោកគ្រូ សោម ចំណាប់ មិនបានចាត់ទុកក្រុមណាមួយជាក្រុមខ្សោយឡើយ ហើយលោកក៏មិនធ្វេសប្រហែសដែរ ព្រោះបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រជែងយកលទ្ធផលល្អពីព្រឹត្តិការណ៍មួយនេះជូនជាតិមាតុភូមិ។
លោកបានបញ្ជាក់បែបនេះ ៖«ដោយសារយើងសង្កេតឃើញស៊ីហ្គេមនៅហ្វីលីពីន មានតែក្រុមថៃនិងឥណ្ឌូណេស៊ីទេ ដែលគេឡើងទៅជុំផ្ដាច់ព្រ័ត្រជាមួយគ្នានោះ។ ឃើញថាកម្រិតគេនៅខ្ពស់ដដែល ក្នុងចំណោម១១ប្រទេសហ្នឹង គេឈរជើងនៅលេខ១ លេខ២ លេខ៣រហូត។ ដោយឡែកយើងកម្រិតយើងនៅក្រោមគេ យើងនៅស្ទើរជាងគេ ដូច្នេះនៅឆ្នាំនេះយើងបានត្រៀមខ្លួនហើយ។ សហព័ន្ធក៏បានតែងតាំងខ្ញុំជាគ្រូបង្វឹក ដើម្បីដឹកនាំកីឡាកររបស់យើងទៅប្រកួតកីឡាស៊ីហ្គេមនៅទីក្រុងហាណូយប្រទេសវៀតណាម យើងមានការប្ដេជ្ញាចិត្តមានការប្រឹងប្រែង ពេលនោះយើងសង្ឃឹមនឹងមានលទ្ធផលល្អ»។
ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនវិញ្ញាសារបាល់ទះឆ្នេរខ្សាច់ផ្នែកបុរសកាលពីឆ្នាំ២០១៩ កម្ពុជាបានបញ្ជូនអត្តពលិកចំនួន២ក្រុមចូលរួមដោយមានកីឡាករ ជុក សោភា ហៅឥន្ទ្រីពីឃាដឌូក ចាប់ដៃគូជាមួយ ធី ម៉េងហួងជាដើម ប៉ុន្តែមិនទទួលបានលទ្ធផលល្អទេ។
ស៊ីហ្គេមលើកលើកទី៣១ នៅទីក្រុងហាណូយប្រទេសវៀតណាម នឹងធ្វើឡើងចាប់ពីថ្ងៃទី២១ វិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១៕