• 2021-05-03 05:23:11
  • បាល់ទះ

លោក អ៊ូ សុផល ថាកូន​នាគ​ស្លាប​ហង្ស ធី ម៉េងហួង ២​ឆ្នាំ​ទៀត​ទើប​ល្អ!

  • 2021-05-03 05:23:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងក្រសែមហាជន ធី ម៉េងហួង អាចត្រូវបានចាត់ទុកជាកីឡាករល្អរូបទាំងការប្រកួតបាល់​អាជីពនិងមិនផ្លូវការ ប៉ុន្តែគ្រូបង្គោលក្លឹបបាល់ទះក្រសួងមហាផ្ទៃលោក អ៊ូ សុផល យល់ថាកូន​ក្រុម​របស់​លោក​មិនទាន់ល្អនៅឡើយទេ ព្រោះគេក្មេង​ខ្ចី​មានចំណុចខ្វះខាតច្រើន និងត្រូវការពេលមួយឬពីរឆ្នាំទៀត ទើបអាចចាត់ទុកថាល្អបាន។

លោក អ៊ូ សុផល គ្រូ​បង្គោល​ក្លឹប​ក្រសួង​មហាផ្ទៃ​ (ស្ដាំ)

លោក អ៊ូ សុផល បានពន្យល់ថា ៖«ម៉េងហួងប៉ុណ្ណឹងយើងឃើញថាគាត់ល្អ ប៉ុន្តែគាត់នៅមានចំណុចខ្វះខាតច្រើន គាត់ត្រូវប្រើរយៈពេល ១ឆ្នាំឬក៏២ឆ្នាំទៀត ដើម្បីសម្រួចសមត្ថភាពរបស់គាត់ឱ្យ​បានពូកែខ្លាំងជាងហ្នឹង ព្រោះអីគាត់ស្ទើរនៅការចាប់សឺវីស ហើយគាត់នៅក្មេង គាត់លេងស្មារតីរបស់គាត់អត់ទាន់ថាចិត្តអត់ទាន់ត្រជាក់ គាត់នៅមានអារម្មណ៍ឆេវឆាវច្រើន ធ្វើឱ្យ​ការលេងរបស់គាត់ក៏អត់សូវល្អដែរ គាត់អត់ទាន់គ្រប់គ្រាន់ទេ ស្ទើរចាប់​សឺវីសស្ទើរអីច្រើនណាស់ អត់ទាន់ថាគាត់ល្អបានទេ»។

លោកបន្ថែមថាកាល​បើចាប់សេវាស្ទើរហើយនោះ ការការពារក៏ស្ទើរទៅតាមនឹងដែរ ហើយទោះនៅ​វ័យក្មេង លេងល្អ​ប៉ុណ្ណាដ៏ដោយ បើចិត្តមិននឹងនរដូចមនុស្សចាស់ គឺពិបាកក្នុងការប្រកួតប្រជែង។ ដូច្នេះយុវជន​ត្រូវបន្ត​ការហ្វឹកហាត់ និង​​ប្រឡូកក្នុងវិស័យមួយនេះឱ្យ​បានច្រើន។

ធី ម៉េងហួង ឈរមុខ​គេ​រាប់​ពី​​ឆ្វេង​ទី​២​ដោះ​ទ្រនាប់​ជើង​

ចំណែកការម៉ាត់ផ្ដាច់ គ្រូធ្លាប់ជាអតីតកីឡាករជម្រើសជាតិរូបនេះ មើល​ឃើញ​ម៉េងហួងបានត្រឹម៨០%ប៉ុណ្ណោះ ព្រោះគេមិនអាចវ៉ៃបាល់បានគ្រប់កាលៈទេសៈ​នៅ​ឡើយ។ គេ​នៅខ្វះភាពឆ្លាតវ័យក្នុងការសំលាប់។ រីឯការធ្វើរនាំងវិញ កីឡាករមកពីខេត្តកណ្ដាលក៏នៅស្ទើរដែរ ដ្បិតគេមិនសូវចេះបាំង និងយល់ពីរបៀបអ្នកវ៉ៃរបស់គូប្រជែង។

ទោះបី​ជា​យ៉ាងណា​លោក​មើល​ឃើញ​កីឡាករ​វ័យ​​២០​ឆ្នាំ​ ធី ម៉េងហួង មានចំណុចល្អត្រង់ថាគេនៅក្មេង លោតបានខ្ពស់ ម៉ាត់ធ្ងន់ និងគប់សេវាល្អដែលយើង​ត្រូវ​ទទួល​ស្គាល់។

គួរបញ្ជាក់ថា ធី ម៉េងហួង ត្រូវបានសហព័ន្ធកោះហៅប្រមូល​ផ្ដុំ​សារជាថ្មី បន្ទាន់ពីជាប់ម្ដងរួចមកហើយកាលពីឆ្នាំ២០១៩ ប្រកួតនៅ​ប្រទេស​ហ្វីលីពីន ហើយបច្ចុប្បន្នគេ​បាននឹងកំពុងតែហ្វឹកហាត់តាមផ្ទះ តាម​​កកម្មវិធី​សិក្សា​របស់​ក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា ត្រៀមស៊ីហ្គេមនៅប្រទេស​វៀតណាម​​ឆ្នាំ២០២១នេះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី