- 2021-05-03 02:04:26
- បាល់ទះ
ហេតុផលធំៗ២នេះហើយទើប សំ សាមីត ចូលរួមក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់
- 2021-05-03 02:04:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលធំៗ២នេះហើយទើប សំ សាមីត ចូលរួមក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់
ចន្លោះមិនឃើញ
ដោយមើឃលញពីសមត្ថភាព និងការខំប្រឹងប្រែង សំ សាមីត ត្រូវបានសហព័ន្ធបាល់ទះកម្ពុជាកោះហៅឱ្យចូលរួម ដើម្បីត្រៀមស៊ីហ្គេមឆ្នាំ ២០២១ នៅប្រទេសវៀតណាម។
កីឡាកររបស់ក្លឹបកងពលធំអន្តាគមន៍លេខ៣ បានបង្ហើបអំពីការចូលរួមក្រុមជម្រើសជាតិនេះគឺដោយសារ គេចង់ពង្រឹងសមត្ថភាពខ្លួនឯងឡើងវិញ ព្រោះបាល់ទះលើក្ដារ មិនសូវមានការហ្វឹកហាត់និងការប្រកួត គាប់ជួនជាងមួយឆ្នាំមកនេះ ពិភពលោករួមទាំងប្រទេសកម្ពុជា បាននឹងកំពុងជួបវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ធ្វើឱ្យសកម្មភាពបាល់ទះលើក្ដារកាន់តែកាត់ផ្ដាច់។ ហេតុផលធំមួយទៀតគឺស្មាត់រូបនេះ ចង់តំណាងកម្ពុជាប្រជែងប្រទេសផ្សេងៗលើឆាកអន្តរជាតិ។
កីឡាករវ័យ២៨ឆ្នាំកម្ពស់១,៧៨ម៉ែត្រ បានពន្យល់បែបនេះ ៖«ដោយសារខ្លួនឯងឥឡូវកំពុងតែធ្លាក់ បានជាប់ជម្រើសជាតិឆ្នេរខ្សាច់ យើងបានទៅហាត់លើឆ្នេរខ្សាច់ វាមានសំទុះឡើងវិញខ្លះៗ ណាមួយយើងអាចមានឱកាសចេញទៅលេងនៅក្រៅ ព្រោះឥឡូវបើអត់ជាប់លើឆ្នេរខ្សាច់ ក៏អត់សូវមានការហ្វឹកហាត់នៅលើក្ដារដែរ ដល់អ៊ីចឹងកីឡាករម្នាក់ៗចាប់ផ្ដើមធ្លាក់កម្លាំង បាត់បង់សមត្ថភាពច្រើន»។
ហេតុនេះហើយតាមរយៈ Sabay ថ្ងៃនេះ កីឡាករកងពលតាំងពីឆ្នាំ ២០១២ បានស្នើសុំដល់សហព័ន្ធបាល់ទះកម្ពុជាក៏ដូចក្រសួងពាក់ព័ន្ធនានា ធ្វើយ៉ាងណាឱ្យមានការប្រកួតពីរទៅបីដងក្នុងមួយឆ្នាំ ដើម្បីសម្រួចសមត្ថភាព ដកស្រង់បច្ចេកទេសនិងបទពិសោធ ដើម្បីត្រៀមការប្រកួតផ្សេងៗទាំងក្នុងនិងក្រៅប្រទេស ពិសេសពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ ២០២៣។
បច្ចុប្បន្នកីឡាករជម្រើសជាតិ ដែលត្រូវបានសហព័ន្ធកោះហៅហ្វឹកហាត់មាន៦នាក់គឺ អតីតជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ ២០១៩ ជុក សោភា របស់កងពល និង ធី ម៉េងហួង របស់ក្រសួងមហាផ្ទៃ, អតីតកីឡាករបាល់ទះឆ្នេរខ្សាច់ឆ្នាំ ២០១៥-២០១៦ សំ សាមីត របស់កងពល, កីឡាករ អ៊ឹម ណារឹទ្ធ, ពេជ សុថុន របស់ស្នងការ និងកីឡាករ ថុន លាបហេង របស់កងពល។
យ៉ាងណាការប្រជែងដណ្ដើមយកកៅអី៤នាក់ទៅលេងស៊ីហ្គេលើកទី៣១ នៅទីក្រុងហាណូយប្រទេសវៀតណាម នាថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២១ សំ សាមីត មិនទាន់ហ៊ានថាជាប់ ១០០% ទេ ព្រោះកីឡាករទាំងអស់មានសមត្ថភាពល្អៗនិងប្រហាក់ប្រហែលគ្នា ប៉ុន្តែគេបានប្ដេជ្ញានឹងខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត។
អ្នកភ្នំពេញរូបនេះបានបន្តថា ៖«អត់ហ៊ានថាដែរ ព្រោះគេសុទ្ធតែល្អៗចឹងដែរ ហើយណាមួយគេសុទ្ធតែខ្ពស់ៗជាងខ្ញុំ យើងរៀងស្ទើរកម្ពស់ជាងគេតិច ហើយគេល្អៗដែរ ម៉េងហួង ឌូកអីសុទ្ធល្អៗចឹងអត់ហ៊ានថា ដណ្ដើមបានឬមិនបានទេ មានតែជាក់ស្ដែងតាមហ្នឹង ខំប្រឹងហ្វឹកហាត់មើលតាមសមត្ថភាព គ្រូក៏គាត់មើលតាមសមត្ថភាពដែរ បើយើងកើតល្អគាត់ចុចឈ្មោះទៅ បើយើងនៅចំណុចដែលថាទៅអត់កើត គាត់អត់ឱ្យទៅទេ ទាល់យើងត្រូវខំខ្លួនឯង»៕