• 2021-04-30 09:02:25
  • បាល់ទះ

ពេជ សុផុន ប្ដេជ្ញាខំប្រឹងដើម្បីបានកៅអីទៅលេងនៅវៀតណាម

  • 2021-04-30 09:02:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ ពេជ សុផុន បាននឹងកំពុងតែហ្វឹកហាត់បាល់ទះឆ្នេរខ្សាច់ តាមប្រព័ន្ធ Online ក៏​ដូច​ជា​ប្រជែងយកកៅអី ៤ នាក់ចុងក្រោយ ដើម្បីតំណាងឱ្យ​កម្ពុជាទៅប្រកួតដណ្ដើមមេដាយនៅព្រឹត្តិការណ៍ SEA Game លើកទី៣១នៅប្រទេសវៀតណាមក្នុង​ពេលដ៏ខ្លីខាងមុខ។

កីឡាករ​ ពេជ សុផុន របស់​ស្នងការ​នគរបាលរាជធានីភ្នំពេញ

តាមរយៈការហ្វឹកហាត់បាន១ឆ្នាំកន្លងមក សុផុន មើលឃើញថារូបគេនៅស្ទើរបច្ចេកទេស ព្រោះតែហាត់ក្រោយគេ និងហ្វឹកហាត់បានតិចឆ្នាំពេក។ យ៉ាងណាយុវជនមានជំនឿចិត្តលើខ្លួនឯង ហើយថែមទាំងប្ដេជ្ញាធ្វើអោយបានល្អ ដើម្បីប្រជែងយកជម្រើស៤នាក់នៅលេងនៅ SEA Game នៅទីក្រុងហាណូយ នាថ្ងៃទី២១ វិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។

ពេជ សុផុន បានបញ្ជាក់បែបនេះ ៖«កីឡាករផ្សេងទៀតគាត់ល្អៗដូចជា បងឌូក មម៉េងហួង បងមីត និងបងតាក់។ ប្អូនប្ដេជ្ញាចិត្តថាខំប្រឹងហ្វឹកហាត់ មើលបច្ចេកទេសកីឡាករល្អៗ កែប្រែចំណុចខ្វះខាត ដើម្បីជាប់ជម្រើសជាតិ៤នាក់»។

ក្នុងកិច្ចសម្ភាសន៍តាមរយៈប្រអប់​សារ​ហ្វេសហ៊ុក​នា​រសៀល​នេះ​ យុវជន​ដែល​ហាត់​បាល់ទះ​ឆ្នេរ​ខ្សាច់​បាន​២​ឆ្នាំ​រូប​នេះ ទទួលស្គាល់ថា​សមត្ថភាពរបស់ខ្លួននៅមានកម្រិត ត្រូវការ​ការ​ហ្វឹកហាត់បន្ថែម។

បើតាមសម្ដីរបស់គ្រូបង្គោលលោក សោម ចំណាប់ កីឡាករទាំង៦នាក់ដែលជ្រើសរើសដោយមន្ត្រីសហព័ន្ធ ក្រុម​ការងារ​របស់​លោក និងភាគី​ពាក់ព័ន្ធ គឺមានសមត្ថភាពសឹង​តែ​ប្រហាក់ប្រហែលគ្នា។

ក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា បានប្រមូលផ្ដុំតាំងពីថ្ងៃទី១៩ ខែមេសា ប៉ុន្តែ​ដោយ​ប្រទេស​កម្ពុជាកំពុងតែ​ជួប​វិបត្តិជំងឺកូវីដ-១៩ ការហ្វឹកហាត់ត្រូវធ្វើឡើង​នៅផ្ទះរៀងខ្លួន និង​មានការត្រួតពិនិត្យយកចិត្តទុកដាក់ពីក្រុមគ្រូបង្វឹក។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិបាល់ទះកាលពីឆ្នាំ២០២០ មិនមានស្មាត់ ជុក សោភា របស់កងពល និងធី ម៉េងហួង របស់ក្រសួងមហាផ្ទៃឡើយ។ ស្ថានការណ៍ប្រែប្រួល និងដើម្បីអោយការជ្រើសរើសកីឡាមានប្រសិទ្ធភាព ក្រុមមន្ត្រីសហព័ន្ធ និងភាគីពាក់ព័ន្ធ បានដកកីឡាករពីររូបចេញ ជំនួសដោយឥន្ទ្រីពិឃាដឌូក និងស្មាត់មកពីខេត្តកណ្ដាល ធី ម៉េងហួង។

កីឡាករ​ទាំង​៦​រូប ដែល​ត្រូវ​ហ្វឹកហាត់​ជម្រុះ​យក​បួន​នាក់​ទៅ​លេង​ SEA Game នៅ​ប្រទេស​វៀតណាម៖

១- ជុក សោភា៖ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣

២- សំ សាមីត៖ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣

៣- ថុន លាបហេង៖ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣

៤- ធី ម៉េងហួង៖ មកពីក្លឹបក្រសួងមហាផ្ទៃ

៥- អ៊ឹម ណារិទ្ធ៖ មកពីក្លឹបអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

៦- ពេជ សុផុន៖ មកពីក្លឹបអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់