• 2021-04-08 02:03:19
  • បាល់ទះ

ចង់ដឹងណាស់ តាំងពីចេះលេងបាល់មក សុវណ្ណនាថ សល់ទ្រព្យអ្វីខ្លះ?

  • 2021-04-08 02:03:19
  • ចំនួនមតិ 1 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

បន្ទាប់ការផ្សព្វផ្សាយលើបណ្ដាញសង្គមមានភាពទូលំទូលាយ វ៉េត សុវណ្ណានាថ ចាប់ផ្ដើមមានភាពល្បីល្បាញខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការបង្ហាញសមត្ថភាពលេងបាល់ទះទាំងក្នុងនិងក្រៅប្រទេស។

សុវណ្ណនាថ និងភរិយា

ក្រោយក្រសោបបានភាពល្បីល្បាញ តើស្មាត់ធំមកពីខេត្តកណ្ដាលមានសល់ទ្រព្យអ្វីជាដុំកំភួនខ្លះ?

ក្នុងបទសម្ភាសន៍ជាមួយ Sabay កាលពីពេលថ្មីៗ ដៃគូចាក់ទឹកមិនលិចរបស់​ម៉ាប់ឆ្វេង បានបង្ហើបថា គេសល់ដីខ្ទង់ម៉ឺនៗដុល្លារ២កន្លែង និងសម្ភារៈប្រើប្រាស់មួយចំនួនតួយ៉ាង ខ្សែករ ខ្សែដៃ ទូរសព្ទទំនើបៗ និងរថយន្តជាដើម​។

យ៉ាងណាសុវណ្ណនាថប្រាប់ថា របស់របរនិងដីធ្លីទាំងអស់នេះ មិនមែនបានពីការលេងបាល់ភ្នាល់លុយនោះទេ តែបានពីការលក់ផលិតផល Online ដូចជាឈុតសាប៊ូកក់សក់ និងអាវកៅស៊ូហាត់ប្រាណផ្សេងៗ ដែលមានប្រពន្ធជាអ្នករ៉ាប់រង។ ព្រោះតែកេរ្តិ៍ឈ្មោះល្អ និងល្បីល្បាញ របរនេះធ្វើឱ្យអ្នកទាំងពីរអាចរកចំណូលបាន​ច្រើនគួរសមក្នុង​មួយ​ថ្ងៃៗ ពីអតិថិជន និង​អ្នក​ស្រលាញ់​ចូល​ចិត្តពួកគេ​។

អ្នកលេងរសហស្សនាមប្ដូរចង្កេះលើឱកាស បានបញ្ជាក់បន្ថែមថា ៖«តាំងពីលេងបាល់មិនសល់អីច្រើនទេ សល់ដី២ដុំដែរ សល់របស់របរ សល់ទូរសព្ទ សល់មាស សល់លុយតិចតួច ហើយសល់ឡាន»។

មិនតែប៉ុណ្ណោះ វ៉េត សុវណ្ណនាថ ក៏អាចរកប្រាក់កម្រៃបានតាមរយៈក្រុមដឹកជញ្ជូនក្នុងស្រុក Best Express ហៅថតផ្សាយពាណិជ្ជកម្ម ដែលមានរយៈពេលកុងត្រាចំនួន១ឆ្នាំ។

សុវណ្ណនាថ ថតនៅតារាងបាល់ទះហេងហេងមានរិទ្ធ

ការបង្ហាញ និងរៀបរាប់ខាងលើសុវណ្ណនាថ សូមកុំឱ្យបងប្អូនប្រិយមិត្តយល់ច្រឡំ គឺមិនមែនជាការអួតអាងបង្ហាញទ្រព្យឡើយ ហើយអ្វីដែលគេនិងភរិយារកបានក៏មិនច្រើនដែរ។

ជាចុងក្រោយស្មាត់ល្អទាំងផ្ដាច់ និងធ្វើរនាំង សូម​លើកទឹកចិត្តអ្នកគាំទ្រគ្រប់រូប លេងកីឡាឱ្យបានច្រើន ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ហើយបើចេះអ្វីមួយត្រូវចេះឱ្យប្រាកដ នោះប្រាក់នឹងរត់តាមហៅ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់