/Visakha-V/604990de3e8dd_1615433940_medium.jpg)
- 2021-03-11 03:40:30
- បាល់ទះ
បងប្អូនត្រកូល «រស់» និង «មី» ៦នាក់ មានអ្នកខ្លះជាស្មាត់ Grade A ស្រុកខ្មែរ
- 2021-03-11 03:40:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បងប្អូនត្រកូល «រស់» និង «មី» ៦នាក់ មានអ្នកខ្លះជាស្មាត់ Grade A ស្រុកខ្មែរ
ចន្លោះមិនឃើញ
បងប្អូនប្រុសត្រកូល «រស់» មាន រស់វ៉ៃ, រស់ ហាន់វ៉ា, រស់ វេត ចំណែកត្រកូល «មី» មាន មី រស្មី, មី សុធារ៉ា និង មី សុផាណា។ យុវជនទាំង៦នាក់នេះ សុទ្ធតែចេះលេងបាល់ទះ ហើយពួកគេខ្លះជាកីឡាករលំដាប់ Grade A ក្នុងស្រុកខ្មែរ។
ដំបូង Sabay សូមលើកត្រកូល «រស់» មកនិយាយមុន។ អ្នកទាំងបីរូបនេះ ជាកីឡាករលេងបាល់ទះមិនផ្លូវការ ប៉ុន្តែទទួលបានភាពល្បីល្បាញ។
- រស់ ហាន់វ៉ា៖ អំឡុងឆ្នាំ២០១៥-២០១៦ កីឡាករ Grade A ជំនាញដេញបាល់លឿន រស់ ហាន់វ៉ា បានចូលហាត់នៅក្លឹបបញ្ជាការដ្ឋានអង្គរក្ស ហើយគេចាប់ផ្ដើមលេងប្រកួតមិត្តភាពក្រៅផ្លូវការឡើងខ្លាំងបំផុត នៅរវាងឆ្នាំ ២០១៦-២០១៧ ដែលមានអេគីប យុន រាជ និងវីដប៉ះសេ។
មិនតែប៉ុណ្ណោះក្នុងឆ្នាំ២០១៨ ក្រុមស្មាត់វ៉ាក៏ធ្លាប់ប្រកាសរកគូប្រកួត៣ស្មើពេញសាច់ស្រុកខ្មែរដែរ ឱ្យតែមានអ្នកហ៊ានលេង ដោយអេគីបស្មាត់ធំរូបនេះមាន រាជ យុន និងវ៉ាខ្លួនឯងផ្ទាល់។ ទោះកាលនោះឡើងខ្លាំងក៏ពិតមែន ប៉ុន្តែវ៉ាថាខ្លួននៅមិនទាន់ច្បាស់ល្អដូចសព្វថ្ងៃឡើយ។
ក្នុងឆ្នាំ២០២០ អតីតកីឡាករក្លឹបបញ្ជាការដ្ឋានអង្គរក្ស បានបង្កើតអេគីបថ្មីគឺប្អូនបង្កើត រស់ វេត រស់ ហាន់វ៉ា និងកុយប៉ះសេ ដែលបានបង្កព្យុះភ្លៀងខ្លាំងនៅតាមតារាងបាល់ទះនានា ទាំងក្នុងនិងក្រៅទីក្រុងភ្នំពេញ។ អេគីបបីនេះអាចទទួលបានគ្រប់បីស្មើ ដែលមានអ្នកប៉ះសេសមត្ថភាពប្រហាក់ប្រហែលនឹងកុងប៉ះសេដែរ។ កីឡាករវ័យ២៥ឆ្នាំ បានផ្អាកលេងជាមួយប្អូនបង្កើតមួយរយៈ ដ្បិតជាប់ភារៈកិច្ចនៅខេត្តសៀមរាប។
អ្វីធ្វើឱ្យអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើល កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ អេគីប៤របស់ស្មាត់វ៉ា ឌីពោធិ៍សាត់ ចាវពោធិ៍សាត់ និងសីហាអន្លង់វែង បានយកឈ្នះក្រុម គួន ម៉ុម វឿនវាសនា ផុល រតនៈ និង សួន ចាន់ណារ៉ូ ដល់ទៅ២សិត (បីស្មើ១សិត បួនស្មើ១សិត) នៅទឹកដីអង្គរខេត្តសៀមរាប។
- រស់ វេត៖ ឆ្នាំនេះវេតមានវ័យទើបតែ២៤ឆ្នាំ។ គេជាស្មាត់ពូកែគប់សេវា និងម៉ាត់បានល្អ។ ស្មាត់មកពីខេត្តកាកែវរូបនេះ លេងឡើងនៅរវាងឆ្នាំ២០១៨-២០១៩ ហើយល្អខ្លាំងអាចលេងគីឡូធ្ងន់ៗបានចាប់ពីឆ្នាំ ២០២០។
- រស់ វៃ៖ វ៉ៃជាបងបង្កើតរបស់ស្មាត់ វ៉ា និងវេត។ ថ្វីបើត្រូវជាបងបង្កើត ប៉ុន្តែសមត្ថភាពរបស់គេបានត្រឹម៤០% និង៥០% ពីអ្នកទាំងពីរ។ ដកវេតវ៉ាចេញ យុវជនសម្បុរខ្មៅស្រអែមជាស្មាត់ធំជាងគេនៅក្នុងភូមិ និងអាចលេងបីឬបួនស្មើពេញសាច់ឆ្លងខេត្ត ជាមួយក្រុមសមត្ថភាពប្រហាក់ប្រហែលគ្នា។ បច្ចុប្បន្ន រស់ វ៉ៃ អាយុវ័យ២៧ឆ្នាំ មានជំនាញធ្វើស្មាត់ និងចាប់បាំង។
ងាកមកមើលបងប្អូនត្រកូល «មី» វិញម្ដង! អ្នកទាំងបីជាកីឡាករអាជីព និងកំពុងលេងឱ្យក្លឹបធំៗនៅស្រុកខ្មែរតួយ៉ាងក្លឹបបាល់ទះវិសាខា និងបញ្ជាការដ្ឋានអង្គរក្សការពារផ្ទាល់។
- មី រស្មី៖ កីឡាករ Grade A រស្មីបានកសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺ និងក្រសោបបានប្រជាប្រិយភាពខ្លាំងក្នុងពិភពបាល់ទះនៅកម្ពុជា។ មកទល់ពេលនេះរូបគេលេងឱ្យក្លឹបតែមួយគត់គឺសមាគមន៍បាល់ទះវិសាខា តាំងពីបង្កើតដំបូងនៅឆ្នាំ២០១៣ ក្នុងតំណែងទាបក្រោយ (វៃបាល់ស្រួច) និងបាល់បីម៉ែត្រកណ្ដាល មិនដូរលីប៊័ររ៉ូកាងសេវា និងការពារឡើយ។
ក្រោយទទួលបានការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់ពីក្លឹប ស្មាត់កម្ពស់១,៨៧ម៉ែត្រវ័យ២៧ឆ្នាំ ធ្លាប់បានចេញទៅលេងឱ្យក្លឹបថៃ NK Fitness ឆ្នាំ២០១៧ ហើយក៏ធ្លាប់ជាជម្រើសជាតិបាល់ទះលើក្ដារកម្ពុជាទៅលេងស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ីឆ្នាំ២០១៧ និងហ្វីលីពីនឆ្នាំ២០១៩។
បច្ចុប្បន្នអតីតសិស្សដែលជាប់បាក់ឌុបឆ្នាំ២០១២ នៃវិទ្យាល័យហ៊ុនសែនកំពង់រោទ៍ បាននឹងកំពុងសម្រាកព្យាបាលរបួសភ្លាត់ឆ្អឹងចង្កេះ ដែលអាការៈនេះចាប់ផ្ដើមឈឺខ្លាំងនៅចុងឆ្នាំ២០២០ និងបានធូរស្បើយ៦០%ហើយ។
- មី សុធារ៉ា៖ អតីតនិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូង ជាកូនទី២ ក្នុងគ្រួសារមានវ័យ២៣ឆ្នាំ កម្ពស់១,៨៣ម៉ែត្រ ទម្ងន់៦៩គីឡូក្រាម។ គេមានជំនាញប៉ះសេ ដែលបាននឹងកំពុងលេងឱ្យក្លឹបបញ្ជាការដ្ឋានអង្គរក្សការពារផ្ទាល់ បើគិតទល់ពេលនេះមានរយៈពេលជិត២ឆ្នាំហើយ។
- មី សុផាណា៖ បច្ចុប្បន្នកូនប្រុសពៅរូបនេះ មានវ័យ២១ឆ្នាំ កម្ពស់១,៧៧ម៉ែត្រ ទម្ងន់ ៧៥គីឡូក្រាម។ គេចូលហាត់បាល់ទះនៅក្លឹបវិសាខាតាំងពីឆ្នាំ២០១៥មក ដោយលេងតំណែងការពារ (Libero)។ សុផាណាចូលហាត់បាល់ទះដំបូង ដោយសារឃើញបងប្រុសច្បង មី រស្មី ទទួលបានភាពល្បីល្បាញ និងមានអ្នកគោរពស្រលាញ់ច្រើន ដូច្នេះហើយគេក៏ចង់ធ្វើដូចបងប្រុសដែរ។ ចំពោះមូលហេតុដែលអតីតសិស្សថ្នាក់ទី១២ នៃវិទ្យាល័យឥន្ទ្រៈទេវី ជ្រើសយកតំណែងការពារ ព្រោះតែគេមានកម្ពស់ទាប ប៉ុន្តែរហ័សរហួនដែលស័ក្តិសមបំផុតនឹងតួនាទីមួយនេះ៕