• 2021-03-09 03:56:53
  • បាល់ទះ

អ្នកលេងផ្លែសេវាវ័យក្មេង រស់ វេត កាន់តែជិតឃ្លាតឆ្ងាយពី​បាល់ទះហើយ

  • 2021-03-09 03:56:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកលេងផ្លែសេវាវ័យក្មេង រស់ វេត ជិតឃ្លាតឆ្ងាយពីអ្នកសេ្នហាវិស័យកីឡាបាល់ទះហើយ ក្រោយរូបគេធ្លាក់ឈ្មោះទៅធ្វើពលករផ្នែកឧស្សាហកម្ម នៅប្រទេសកូរ៉េខាងត្បូង។

បើតាមការបញ្ជាក់ពីស្មាត់វេតនាព្រឹកនេះ រូបគេកំពុងធ្វើតេស្តឈាម។ បើធ្វើតេស្តឈាមជាប់ នោះគេនឹងតម្រូវឱ្យបង់ថ្លៃសំបុត្រយន្តហោះតែម្ដង។

ស្មាត់ល្អទាំងផ្ដាច់ និងគប់សេវារូបនេះបន្តថា «ឥឡូវកំពុងធ្វើតេស្តឈាម ធ្វើតេស្តឈាមហើយដឹងលទ្ធផល គេហៅទៅបង់សំបុត្រយន្តហោះ ទើបបានដឹងថ្ងៃឡើងបង»។

ចំពោះអ្នកគាំទ្រក្រោយដឹងដំណឹងនេះ ពួកគេក៏បានបង្ហាញអារម្មណ៍សាទរ ​ជូនពរវេតជួប​សំណាងល្អ មានសុខភាពមាំមួន ហើយនឹងជួបតែថៅកែល្អៗ។

បើនិយាយពីអារម្មណ៍នាពេលកន្លងមក យុវជនបានបង្ហាញការសោកស្ដាយ ដែលខ្លួនទើបតែលេងឡើងពីរបីឆ្នាំចុងក្រោយនេះ បែរជាឈប់ទៅវិញ។ យ៉ាងណា​គេ​ក៏សប្បាយចិត្ត ដែលប្រឡងជាប់ និងមានឱកាសទៅធ្វើការផ្នែកឧស្សាហកម្ម នៅប្រទេសស៊ីវិល័យមួយនេះ។

វេត ជាអ្នកលេងបាល់ទះមិនផ្លូវការល្អមួយរូប កើតនៅភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ យុវជនវ័យ២២ឆ្នាំ ចាប់ផ្ដើមលេងល្អក្នុងឆ្នាំ២០១៨ និងអាចលេងជាមួយគីឡូធំៗបាននៅអំឡុងឆ្នាំ ២០១៩-២០២០។

គួរបញ្ជាក់ថា នាថ្ងៃទី១០ ឬ១១ខែមីនា ឆ្នាំ២០២១ ស្មាត់វេត នឹងចាប់ដៃជាមួយអធិរាជប្រអប់ ទុយ រាជ និងអ្នកប៉ះសេ នួន វិចិត្រ តតាំងជាមួយអេគីបប៉ោយប៉ែត ដែលជាក្រុមមួយខ្លាំងឈ្នះស្ទើរអស់ស្មាត់ធំៗស្រុកខ្មែរ។ ប៉ុន្តែដោយ​សារ​ស្មាត់វេតធ្លាក់ឈ្មោះទៅកូរ៉េ ស្របពេលស្ថាន​ភាពឆ្លង​ជំងឺកូវីដក្នុងប្រទេសកំពុងកើនឡើង ទើបការប្រកួត៣ទល់៤នេះ ត្រូវបាន​លុប​ចោល ដើម្បី​ទប់ស្កាត់ការរីករាលដាល៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់