• 2021-01-23 08:32:22
  • បាល់ទាត់

Wilshere ៖ ​ខ្ញុំ​មិន​ដែល​គិត​ដល់​ទេ ថា​ខ្លួន​ធ្លាក់​ដល់​លេង​លីគ​លំដាប់​ទី​២​

  • 2021-01-23 08:32:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Jack Wilshere អតីត​កីឡាករ​ឆ្នើម​ម្នាក់​របស់​ក្រុម​កាំភ្លើង​ធំ Arsenal ​ថា​ខ្លួន​មិន​ដែល​ស្រមៃ​ដល់​ទេ​ថា ​ខ្លួន​ធ្លាក់​មក​លេង​នៅ​លីគ​លំដាប់​ទី​២ Championship ​ដូច​រដូវ​កាល​នេះ​។

​ខ្សែ​បម្រើ​អង់គ្លេស​ខាង​លើ​នេះ ​បាន​បញ្ជាក់​ថា​ខ្លួន​អាច​នៅ​លេង​ឱ្យ​ក្រុម West Ham ​បាន​នា​រដូវ​កាល​នេះ ប៉ុន្តែ​មិន​ធានា​ការ​បាន​លេង​ទៀងទាត់​នោះ​ទេ។ ដោយសារ​តែ​ចង់​បង្ហាញ​សមត្ថភាព​លើ​ទីលាន ​រូបគេ​ក៏​សម្រេច​ចិត្ត​មក​ជួយ​ក្រុម Bournemouth ​ដែល​កំពុង​លេង​នៅ​លីគ​លំដាប់​ទី​២​នេះ​តែ​ម្ដង។ ​ដោយ​រំពឹង​ថា​នា​រដូវ​កាល​នេះ អាច​ស្រោចស្រង់​ក្លឹប​នេះ​ដើម្បី​ឡើង​ទៅ Premier League ​វិញ​បាន។

​កីឡាករ​វ័យ​២៩​ឆ្នាំ​បាន​និយាយ​អារម្មណ៍​ខ្លួន​ឯង​ផ្ទាល់​ថា​៖ “ពី​មុន​មក ​ខ្ញុំ​មិន​ដែល​ចង់​លេង​នៅ​ទី​នេះ ឬ​ព្យាយាម​ឈ្នះ​ពាន​រង្វាន់​នេះ​ទេ ​កាល​ពី​១០​ឆ្នាំ​មុន។ ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​បាន​មក​ដល់​ទី​នេះ​ហើយ។ រួច​រាល់ ​និង​ត្រៀម​ជា​ស្រេច ដើម្បី​ជួយ Bournemouth ​ឱ្យ​ឡើង​ទៅ​វិញ​។ ខ្ញុំ​មាន​សំណាង​ណាស់​ហើយ​ដែល​អាច​រក​ប្រាក់​បាន​គ្រប់គ្រាន់​ក្នុង​អាជីព​បាល់ទាត់​នេះ ប៉ុន្តែ​ជាក់​ស្ដែង​ទៅ​ខ្ញុំ​ចង់​មាន​ឱកាស​បាន​លេង​ច្រើន​មុន​ពេល​បញ្ចប់​អាជីព​ជា​កីឡាករ”។

​Jack Wilshere ​អតីត​កីឡាករ​អង់គ្លេស​ខាង​លើ​នេះ ​លេង​ឱ្យ​ក្រុម​កាំភ្លើង​ធំ​១០​ឆ្នាំ ពី​ឆ្នាំ​២០០៨​ដល់​២០១៨។ ​បន្ទាប់​មក​ទៀត ​រូបគេ​ក៏​ត្រូវ​បាន​ក្រុម Bolton ​ខ្ចី​ជើង ​ហើយ​ក៏​បន្ដ​ឱ្យ Bournemouth ​ខ្ចី​ជើង​ទៀត ​មុន​ពេល​សម្រេច​ផ្ទេរ​ទៅ West Ham ​តែ​ម្ដង​នៅ​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ។ ​ខណៈ​ដែល​ពេល​នេះ រូបគេ​ក៏​បាន​សម្រេច​ការ​ផ្ទេរ​ទៅ​លេង​ឱ្យ Bournemouth ​ជា​ផ្លូវការ​ហើយ​នៅ​លីគ​លំដាប់​ទី​២៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី