• 2021-01-13 07:51:22
  • បាល់ទះ

អ្នកប៉ះសេអាជីព អ៊ុង សម្បត្តិបញ្ញា ប្ដេជ្ញារៀនឱ្យចប់អនុបណ្ឌិតច្បាប់ ទោះមមាញឹកនឹងបាល់ទះ

  • 2021-01-13 07:51:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន អ៊ុង សម្បត្តិបញ្ញា ជាកីឡាករបាល់ទះអាជីព​មួយរូប ដែលរៀនបានខ្ពស់ជាងគេ ក្នុងចំណោមកីឡាករផ្សេងទៀត របស់​ក្លឹបស្នងការនគរបាលរាជធានីភ្នំពេញ ហើយអ្នកប៉ះសេរូបនេះ បានប្ដេជ្ញារៀនឱ្យចប់ថ្នាក់អនុបណ្ឌិតច្បាប់ បើទោះបីគេមមាញឹកនឹងបាល់ទះក្ដីយ៉ាងណាក្ដី។

ការប្ដេជ្ញារៀនឱ្យចប់អនុបណ្ឌិត ក៏ដោយសារតែសម្បត្តិបញ្ញា ចង់សម្រេចក្ដីស្រមៃចង់ក្លាយជាអ្នកធ្វើការខាងផ្នែកច្បាប់ និងតាមការចង់បានរបស់ឪពុកម្ដាយ។

អ៊ុង សម្បត្តិបញ្ញា ដែលនឹងបញ្ចប់ថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំនេះ បានប្រាប់ថា ៖«ខ្ញុំរៀនបរិញ្ញាបត្រ និង​ម៉ាស់ស្ទ័រហ្នឹង លុយម៉ាក់ប៉ាខ្ញុំគាត់ឱ្យរៀនតបង ព្រោះអីគាត់អត់ឱ្យខ្ញុំបោះបង់ការសិក្សាទេ លេងកីឡាក៏លេងទៅ តែរៀនហ្នឹងក៏គាត់បន្តឱ្យរៀនហ្នឹងដែរ»។

ចំពោះការងារផ្នែកច្បាប់ យុវជនវ័យ២៣ឆ្នាំ មិនសំដៅលើការងារមេធាវីឬអ្វីឡើយ ឱ្យតែពាក់ព័ន្ធនឹងផ្នែកច្បាប់ ហើយគេក៏មិនបោះបង់ចោលបាល់ទះដែរ។

អ៊ុង សម្បត្តិបញ្ញា អាវសកណ្ដាលមុខគេ

យុវជនវ័យក្មេងរូបសង្ហា បានបញ្ជាក់បែបនេះថា ៖«បាទបង! ​ខ្ញុំរៀនច្បាប់ហ្នឹង ខ្ញុំមិនថាមេធាវី ឬការងារអីទេ​ ឱ្យតែពាក់ព័ន្ធនឹងច្បាប់ ដូចក្លឹបរបស់ខ្ញុំអ៊ីចឹង ប៉ូលិសចឹងវាពាក់ព័ន្ធនឹងច្បាប់ ច្បាប់ព្រហ្មទណ្ឌព្រហ្មអីចឹង វាត្រូវនឹងការសិក្សារបស់ខ្ញុំដែរ អ៊ីចឹងខ្ញុំចង់លេងកីឡាផង ខ្ញុំចង់ធ្វើការឱ្យក្លឹបប៉ូលិសខ្ញុំផង។ ​ខ្ញុំស្រលាញ់ទាំងពីរ ស្រលាញ់ទាំងការសិក្សាខាងច្បាប់ ស្រលាញ់ទាំងការលេងកីឡាបាល់ទះ»។

កីឡាករកម្ពស់១,៨៣ម៉ែត្រ ទម្ងន់៧៥គីឡូ ដែលមានឪពុកជាសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យស្វាយរៀង និងម្ដាយជាអ្នករកស៊ីរូបនេះ ត្រូវហ្វឹកហាត់បាល់ទះចាប់ពីថ្ងៃច័ន្ទដល់សុក្រ (ព្រឹកហាត់២ម៉ោងកន្លះ ថ្ងៃហាត់២ម៉ោង) និងរៀនអនុបណ្ឌិតច្បាប់ថ្ងៃសៅរ័អាទិត្យ។

គួរបញ្ជាក់ថាប្រធានក្រុមមកពីខេត្តស្វាយរៀង​ បានចូលហ្វឹកហាត់នៅក្លឹបបាល់ទះស្នងការនគរបាលរាជធានីភ្នំពេញ នៅឆ្នាំ២០១៩ តាមរយៈលោកគ្រូបង្វឹក សោម ចំណាប់៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់