• 2020-12-22 05:53:00
  • បាល់ទះ

ហេតុផលសំខាន់១នេះ​ទើប អ៊ឹម ណារិត ​មកហ្វឹកហាត់បាល់ទះឆ្នេរខ្សាច់

  • 2020-12-22 05:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ឹម ណារិត ឬតាក់អន្លង់វែង ធ្លាប់ត្រូវបានកោះហៅឱ្យទៅប្រមូលផ្ដុំ និងហ្វឹកហាត់ជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ម្ដងរួចមកហើយ ប៉ុន្តែត្រូវបានគេបដិសេធ។ យ៉ាងណាក្នុងឆ្នាំ២០២០នេះ កីឡាករ​ក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានយល់ព្រម ហើយក៏បាននឹងកំពុងហ្វឹកហាត់រាល់ថ្ងៃ ក្រោមការដឹកនាំរបស់លោកគ្រូបង្គោល សោម ចំណាប់។

ហេតុអ្វីបានជាកីឡាករ មានដើមកំណើតមកពីស្រុកអន្លង់វែង ខេត្តឧត្ដមានជ័យ សម្រេចចិត្តមកចូលរួមក្នុងក្រុមជម្រើសជាតិឆ្នេរខ្សាច់?

ហេតុផលសំខាន់បំផុតមួយគឺ ណារិត ចង់ជាប់ជម្រើសជាតិ​តំណាងឱ្យកម្ពុជា លេងនៅ​ក្នុងព្រឹត្តិការណ៍នានាដូចជាស៊ីហ្គេមជាដើម ហើយមូលហេតុ​ផ្សេងទៀតនោះគឺ គេចង់ផ្លាស់ប្ដូរបទពិសោធ​ចេញ​ពីវិញ្ញាសាបាល់ទះលើក្ដារ​។

កីឡាករបាល់ទះវ័យ២៤ឆ្នាំ បានបញ្ជាក់ថា ៖«ក្រៅពីស្រឡាញ់ ប្អូនមានចិត្តមួយគឺជាឆន្ទៈរបស់ខ្ញុំ គឺ​ឆន្ទៈចង់លេងតំណាងឱ្យប្រទេស។ មួយទៀតប្អូនលេងខាងវិញ្ញាសាបាល់ទះស្រាប់ ហើយប្អូនក៏ងាកទៅចាប់ខាងវិញ្ញាសាបាល់ទះឆ្នេរខ្សាច់នេះ។ ពីមុនប្អូនធ្លាប់គិតថា វិញ្ញាសាមួយណាក៏បានឱ្យតែប្អូនមានឱកាសហាត់ឲ្យតំណាងប្រទេសកម្ពុជា វិញ្ញាសារបាល់ទះ មិនថាលើក្ដារឬលើឆ្នេរខ្សាច់ប្អូននឹងហាត់ ប្អូនមិនខ្លាចការហត់ ឬក្ដៅនោះទេ»។

ចំពោះការប្ដូរមកបាល់ទះឆ្នេរខ្សាច់ ណារិត បានបង្ហើបពីផលពិបាកដ្បិតត្រូវហាត់លើខ្សាច់ កណ្ដាល​ថ្ងៃក្ដៅ ត្រូវប្រើកម្លាំងខ្លាំង ​ហត់នឿយ ហើយរបៀបលេងនៃវិញ្ញាសាមួយនេះក៏ខុសគ្នាដែរ។ ជាក់ស្ដែងមានកីឡាករមួយចំនួនបានសុំ​ឈប់ ដ្បិត​មិនអាចទ្រាំទ្រនឹងឧបសគ្គបាន។

ណារិត បានទម្លាយថា ៖«បាល់ទះឆ្នេរខ្សាច់ជាកីឡាមួយដែលពិបាកហាត់ ពីព្រោះវាក្ដៅហើយ ពិបាកលោត​...បាល់ទះឆ្នេរខ្សាច់ទាមទារឱ្យយើងលេងលើខ្សាច់រៀងផុងៗ ហើយនៅលើក្ដារអត់មានផុងដូចលើខ្សាច់ទេ អ៊ីចឹងចង្វាក់នៃការលេងខុសគ្នាដាច់ដោយឡែកពីគ្នា...ឆ្នេរខ្សាច់វាទាមទារអេឡង់ផ្គុំជើងលោតពីក្រោមទៅ ហើយបើនៅលើក្ដារ អេឡង់គេ ភាគច្រើគឺគេចោលខ្លួនពីចម្ងាយទៅ»។

ចូលហ្វឹកហាត់ក្រោយគេ ណារិត មិនសូវយល់ និងពិបាកក្នុងការចាប់បច្ចេកទេស ប៉ុន្តែបច្ចុប្បន្នគេយល់បានច្រើន និងអាចបំពេញរាល់លំហាត់ដែលគ្រូដាក់ឱ្យ។

បច្ចុប្បន្នកីឡាករកំពុងហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់មាន៦នាក់ បីនាក់មកពីក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមាន ឌួង សម្បត្តិ, អ៊ឹម ណារិត, ពេជ សុផុន និងបីនាក់ទៀតមកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣មាន ,សំ សាម៊ីត, ចន វិចិត្រដារ៉ារិទ្ធ និង ថុន លាបហេង។ ក្នុងចំណោមកីឡាករទាំង៦រូប អ៊ឹម ណារិត ត្រូវបានលោកគ្រូ សោម ចំណាប់ ចាត់ទុកជាកីឡាករលេចធ្លោមួយរូបនៅក្នុងក្រុម។

ចប់ឆ្នាំ២០២០ ការប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ នឹងដាច់អាណត្តិ ដោយត្រូវរង់ចាំអាណត្តិថ្មីមកដល់ ដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២១ នៅប្រទេសវៀតណាម និងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អ៊ឹម ណារិត កើតនៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានឪពុកជាទាហាន ចំណែកម្ដាយមានមុខរបរលក់អ៊ីវ៉ាន់ចាប់ហ៊ួយបន្តិចបន្តួចនៅផ្ទះ។ អតីតសិស្សវិទ្យាល័យអន្លង់វែង ធ្លាប់លេងឱ្យក្រុមកងពលតូចអន្តរាគមន៍លេខ៩បាន២ឆ្នាំ មុនទៅចូលរួមជាមួយក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅឆ្នាំ២០២០។

ក្ដីស្រមៃនាពេលអនាគត កីឡាករកម្ពស់១,៨៥ម៉ែត្រ ចង់ក្លាយជាមន្ត្រីប៉ូលិស និងបើកកន្លែងចិញ្ចឹមគោឱ្យបានច្រើន ក្រោយចូលនិវត្តន៍ពីបាល់ទះ៕

រូបភាពយកចេញពីផេក អ៊ឹម ណារិត

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី