• 2020-11-26 03:04:38
  • បាល់ទាត់

រំលឹក​ប្រវត្តិ Maradona ​(Hand of God) ​វីរបុរស​បាល់ទាត់​អាហ្សង់ទីន​

  • 2020-11-26 03:04:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​វីរបុរស​របស់​អាហ្សង់ទីន​លោក Diego Maradona វ័យ​៦០​ឆ្នាំ​បាន​ទទួល​មរណភាព​​ដោយ​សារ​ជំងឺ​គាំងបេះដូង​កាល​ពី​យប់​មិញ ២​សប្ដាហ៍​បន្ទាប់​ពី​គេ​បាន​ចេញ​ពី​មន្ទីរពេទ្យ​ពី​ការ​វះកាត់​ហូរឈាម​ក្នុង​ខួរក្បាល។

​វីរបុរស​បាល់ទាត់​ពិភព​លោក​ខាង​លើ​នេះ ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​គ្រប់​គ្នា​ជាមួយ​សមត្ថភាព​លេង​ច្បាស់ ​និង​ពោរពេញ​ដោយ​បច្ចេកទេស។ ​នៅ​ថ្ងៃ​នេះ​ដែរ ​ដើម្បី​ជា​ការ​រំលឹក​ដល់​ស្នាដៃ​របស់​លោក ​Sabay ​នឹង​លើក​យក​ប្រវត្តិ​ខ្លះ​ៗ​ដើម្បី​ជម្រាប​ជូន​អ្នក​គាំទ្រ​៖

​កា​ចាប់​ផ្ដើម​អាជីព

Maradona ​កើត​នៅ​ឆ្នាំ​១៩៦០ ​នៅ​តំបន់ Buenos Aires ​និង​ចាប់​ផ្ដើម​ហ្វឹកហាត់​បាល់ទាត់​ជាមួយ​ក្រុម​យុវជន​ថ្នាល​អាហ្សង់ទីន​នៅ​ឆ្នាំ​១៩៧៦។ ​លោក​ចាប់​ផ្ដើម​ចូល​ជម្រើស​ជាតិ​អាហ្សង់ទីន​នៅ​ឆ្នាំ​១៩៧៧​តែ​ម្ដង។ ខណៈ​ដែល​ក្លឹប​អាជីព​វិញ​នៅ​ជាមួយ​ក្រុម​ Argentinos Juniors។

​លេង​ឱ្យ​ជម្រើស​ជាតិ

អតីត​ខ្សែ​ប្រយុទ្ធ​មាឌ​ល្អិត​ចិត្ត​ធំ​ខាង​លើ​នេះ ​ទទួល​បាន​ស្នា​ដៃ​ធំ ​នៅ​ពេល​ជួយ​ក្រុម​អាហ្សង់ទីន​ឈ្នះ​ពាន​រង្វាន់ FIFA World Cup ​នៅ​ឆ្នាំ​១៩៨៦។ ​ដោយ​គ្រា​នោះ ​លោក​ល្បី​ឈ្មោះ​ខ្លាំង​ណាស់ ជាមួយ​ការ​រក​គ្រាប់​បាល់​ទល់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​ដោយ​ប្រើ​ដៃ។ ​ប្រកួត​នោះ Maradona ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ខ្សែ​ប្រយុទ្ធ​រក​គ្រាប់​បាល់​ដោយ Hand of God ។ ​លោក​លេង​ឱ្យ​ជម្រើស​ជាតិ​សរុប​៩១​ប្រកួត រក​បាន​៣៤​គ្រាប់។

លេង​ក្លឹប​អាជីព​

​Maradona ​ចាប់​ផ្ដើម​លេង​នៅ​ក្លឹប​អាជីព​ជាមួយ​ក្រុម Argentinos Juniors ​នៅ​ឆ្នាំ​១៩៧៦ ​មុន​ពេល​ផ្លាស់​ទៅ​លេង​នៅ Boca Juniors ​នៅ​ឆ្នាំ​១៩៨១។ ​បន្ទាប់​មក​ទៀត ​ផ្លាស់​ទៅ​លេង​នៅ Barcelona ​នៅ​ឆ្នាំ​១៩៨២ ​មុន​ពេល​បន្ដ​ទៅ Napoli ​ឆ្នាំ​១៩៨៤។ ​ក្រោយ​មក​ទៀត​ក៏​ទៅ​លេង​ឱ្យ Sevilla ​ឆ្នាំ​១៩៩២ ​ហើយ​ទៅ​លេង​នៅ Newells ​នៅ​ឆ្នាំ​១៩៩៣ ​ក្លឹប​ចុង​ក្រោយ​របស់​លោក​គឺ​ក្រុម Boca Juniors ​នៅ​ឆ្នាំ ១៩៩៥។

​ការ​ដឹក​នាំ​ក្លឹប

​ក្នុង​តួ​នាទី​ជា​គ្រូ​បង្វឹក ​លោក Maradona ​ធ្លាប់​ដឹក​នាំ​ក្រុម Mandiyu ​, Racing Club , ជម្រើស​ជាតិ​អាហ្សង់ទីន , Al-Wasl , Al Fujairah , Dorados de Sinaloa ​និង​ចុង​ក្រោយ​នេះ​ដឹក​នាំ​ក្រុម Gimnasia ​។

លោក​ Maradona ​ត្រូវ​បាន​អ្នក​គាំទ្រ​នៅ​លើ​លោក​នេះ ចាត់​ទុក​ជា​វីរបុរស​បាល់ទាត់​ម្នាក់ ​ដោយ​លោក​ស្ថិត​នៅ​ជាមួយ​លោក Pele ​របស់​ប្រេស៊ីល​ផង​ដែរ៕ ​

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់