• 2020-11-24 03:51:27
  • បាល់ទះ

ស្មាត់​ល្អទាំងផ្ដាច់ និងលេងផ្លែសេវ៉ា​ រស់ វេត ជិតឈប់លេងបាល់ហើយ

  • 2020-11-24 03:51:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកលេងផ្លែសេវ៉ាវ័យក្មេង រស់ វេត ប្អូនប្រុសបង្កើតរបស់ស្មាត់ រស់ ហាន់វ៉ា ជិតហោះទៅធ្វើការជាពលករនៅប្រទេស​កូរ៉េខាងត្បូងហើយ ក្រោយធ្លាក់ឈ្មោះនៅក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ ដូច្នេះស្មាត់មកពីតាកែវ​ នឹងមិនបានបង្ហាញសមត្ថភាព ឱ្យប្រិយមិត្តទស្សនាទៀតឡើយ។

បើនិយាយពីអារម្មណ៍ទាក់ទងបាល់ទះ យុវជនបានបង្ហាញការសោកស្ដាយ ដែលខ្លួនទើបតែលេង​ឡើងពីរបីឆ្នាំចុងក្រោយនេះប៉ុណ្ណោះ បែរជាឈប់ទៅវិញ។ យ៉ាងណាគេក៏សប្បាយចិត្ត ដែលប្រឡងជាប់ និងមានឱកាសទៅធ្វើការផ្នែកឧស្សាហកម្ម នៅប្រទេសស៊ីវិល័យមួយនេះ។

រស់ វេត បញ្ជាក់ថា ៖«ស្ដាយបងស្ដាយ តាមពិតទៅលេងបាល់ទើបឡើងចឹង...ដល់ពេលត្រូវធ្លាក់ឈ្មោះទៅកូរ៉េចឹងទៅ (ខ្ញុំ)ត្រូវធ្វើការសិនបង ព្រោះបាល់...ពេលណាយើងអន់ទៅធ្លាក់វិញ​ គ្មានសល់អីទេបង សល់តែល្បីឈ្មោះឥតប្រយោជន៍ដដែល ប៉ុន្តែបើធ្វើការយើងមានលុយ មានការងារច្បាស់លាស់»។

ស្មាត់លេងល្អទាំងការវាយសេវ៉ា និងផ្ដាច់រូបនេះ បានរៀននិងហ្វឹកហាត់វគ្គខ្លីៗរួចហើយ ពោលគឺរងចាំតែថ្ងៃឡើងទៅប៉ុណ្ណោះ ប៉ុន្តែសម្រាប់កាលបរិច្ឆេទ​ជាក់លាក់ នៅមិនទាន់ច្បាស់នៅឡើយ។

រស់ ​វេត អ្នកលេងបាល់ទះល្អមួយរូបកើតនៅភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ យុវជនវ័យ២២ឆ្នាំ ចាប់ផ្ដើមលេង​​ល្អ​ក្នុង​ឆ្នាំ​២០១៨ និង​​​អាចលេង​ជាមួយគីឡូ​ធំៗ​បាន​​នៅ​អំឡុង​ឆ្នាំ​ ២០១៩-២០២០​នេះឯង៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់