• 2020-10-21 13:03:35
  • បាល់ទាត់

មក​បាន​តែ ៦ថ្ងៃ Santos ផ្ដាច់​កុងត្រា​ អតីត​តារា​ឆ្នើម​ Real Madrid កីឡាករ Robinho

  • 2020-10-21 13:03:35
  • ចំនួនមតិ 2 | ចំនួនចែករំលែក 14

ចន្លោះមិនឃើញ

អតីត​តារា​ឆ្នើម​ជម្រើស​ជាតិ​ប្រេស៊ីល ខ្សែ​ប្រយុទ្ធ​ Robinho ត្រូវ​បាន​ក្លឹប Santos ប្រកាស​ផ្ដាច់​កុងត្រា​ បន្ទាប់​ពី​​ចុះ​កុងត្រា​បាន​តែ ៦ថ្ងៃ​ប៉ុណ្ណោះ។ Robinho បាន​មក​ត្រលប់​មក​លេង​ក្លឹប​ប្រេស៊ីល​នេះ​ថ្ងៃ​ទី១០ ខែ​តុលា តែ​ត្រូវ​ផ្ដាច់​កុងត្រា​វិញ​នៅ​ថ្ងៃ​ទី១៦។

ក្រោម​ភាសា​ការទូត សេចក្ដីថ្លែងការណ៍​របស់ Santos បាន​សរសេរ​ថា ការ​ផ្ដាច់​កុងត្រា​នេះ​គឺ ជា​រឿង​ព្រមព្រៀង​គ្នា​ទាំង​សងខាង ហើយ​ក្លឹប​ទុក​ពេល​ឲ្យ​ Robinho ​ដើម្បី​ "ផ្ដោត​សំខាន់​" ចំពោះ​ការ​ការពារ​ក្ដី​ពាក់ព័ន្ធ​នឹង​រឿង​របស់ Robinho នៅ​អ៊ីតាលី។

មាន​សារព័ត៌មាន​ខ្លះ​បាន​ចុះ​ផ្សាយ​ថា មុន​នឹង​ Santos ប្រកាស​ផ្ដាច់​កុងត្រា​ជាមួយ​នឹង Robinho ម្ចាស់​ឧបត្ថម្ភ​ធំៗ​របស់​ក្លឹប​មួយ​ចំនួន​បាន​ប្រកាស​ដក​ភាគ​ហ៊ុន​ចេញ​ពី​ក្លឹប ក្រោម​ហេតុផល​ថា ក្លឹប​ប្រេស៊ីល​មួយ​នេះ​បាន​គាំទ្រ​ដល់​អំពើ​រំលោភ​សិទ្ធិ​ស្ត្រី។

Robinho ត្រូវ​បាន​តុលាការ​ទីក្រុង​មីឡាន ប្រទេស​អ៊ីតាលី​ កាត់​ទោស​កំបាំង​មុខ​កាល​ពី​ឆ្នាំ២០១៧ ឲ្យ​ជាប់​ពន្ធនាគារ​ ៩ឆ្នាំ ក្រោម​បទល្មើស​អំពើ​ហិង្សា​ផ្លូវភេទ ខណៈ​កីឡាករ​រូប​នេះ​ត្រូវ​បាន​ជាប់​ចោទ​ថា ចូល​រួម​ជាមួយ​បុរស​ប្រេស៊ីល ៥នាក់​ទេ រំលោភ​បូក​ទៅ​លើ​នារី​អាល់បានី​អាយុ ២២ឆ្នាំ​ (កាល​ពី​ឆ្នាំ២០១៣) នៅ​បារ​ប្រទេស​អ៊ីតាលី​កាល​ពី​ឆ្នាំ២០១៣។

មាន​ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា Robinho បាន​ដាក់​ប្ដឹង​បណ្ដឹង​ឧទ្ធរណ៍​ទៅ​កាន់​តុលាការ​អ៊ីតាលី ហើយ​ក្នុង​ច្បាប់​អ៊ីតាលី ទោស​មិន​ទាន់​ចូល​ជា​ធរមាន ដរាប​ណា​ដែល​បណ្ដឹង​ឧទ្ធរណ៍​ត្រូវ​បាន​ច្រាន​ចោល​ ២ដង។ លើស​ពី​នេះ​ទៀត​ កីឡាករ​រូប​នេះ​បាន​ត្រលប់​មក​កាន់​ប្រេស៊ីល ដោយ​ក្នុង​ច្បាប់​ប្រទេស​អាមេរិក​ឡាទីន​មួយ​នេះ ពលរដ្ឋ​របស់​ខ្លួន​មិន​ត្រូវ​បាន​បញ្ជូន​ទៅ​ទទួល​ទោស​នៅ​បរទេស​ឡើយ។

Robinho ធ្លាប់​លេង​នៅ​ Real Madrid, Manchester City និង AC Milan។ កីឡាករ​រូប​នេះ​ធ្លាប់​រក​បាន​រាប់​សិន​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍ ហើយ​ធ្លាក់​មក​រក​បាន​តែ​ជិត​ ៣០០ដុល្លារ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ Robinho ក៏​ធ្លាប់​បាន​គេ​ហៅ​ថា ជា​អ្នក​ស្នង​តំណែង​របស់ Pele ផង​ដែរ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់