• 2020-10-21 03:17:10
  • បាល់ទះ

ការប្រកួត២​ ស្មាត់ រស់ ហាន់វ៉ា ចាំមិនភ្លេច ១ប្រកួតជាង២ម៉ោង

  • 2020-10-21 03:17:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចេះលេងបាល់តាំងពីអាយុ១០ឆ្នាំ ក្មេងប្រុស រស់ ហាន់វ៉ា បានវិវឌ្ឍខ្លួនបន្តិចម្ដងៗរហូតក្លាយជាអ្នកលេងបាល់ទះគីឡូធ្ងន់ល្បីឈ្មោះមួយរូបនៅកម្ពុជា។ បច្ចុប្បន្នវ៉ាមានអាយុ ២៥ឆ្នាំ។ បើនិយាយពីការប្រកកួតវិញ គេមានបទពិសោធន៍ជោគជាំ ហើយមានការប្រកួតមិត្តភាពក្រៅផ្លូវការចំនួនពីរ ដែលស្មាត់សំបូរប្រជាប្រិយភាពនេះចាំមិនភ្លេច ព្រោះមួយប្រកួតមានរយៈពេលរហូតដល់ទៅជាង២ម៉ោងឯណោះ។

ការប្រកួតពីរនោះគឺលេងបួនស្មើជាមួយអេគីបដាវញីឈ្មោល សុវណ្ណនាថ ម៉ាប់ឆ្វេង ផាន់ណាទាបក្រោយ និងខ្មៅលីកម៉ាទីអូប៉ះសេ ខ្ទង់អំឡុងឆ្នាំ២០១៨ និងប៉ះ ជុក សោភា ហៅឌូក និងស្មាត់ ឃុន វាសនា ហៅយក្ស ខ្ទង់អំឡុង២០១៩ ខណៈអេគីបរបស់វ៉ាមាន យុន រាជ ហុង និងវ៉ាខ្លួនឯងផ្ទាល់។

បើតាមស្មាត់កម្ពស់១,៧៩ម៉ែត្រ ការប្រកួតទាំងនោះគឺម៉ាត់ដាច់ទៅដាច់មក ពិបាកយកឈ្នះគ្នាណាស់ ប៉ុន្តែអេគីបរបស់គេធ្វើបានល្អជាង ដោយយកឈ្នះទាំងពីរប្រកួតតែម្ដង។

ឥឡូវនេះ Sabay សូមលើកយកប្រវត្តិត្រួសៗរបស់អធិរាជបោកបាំងស្រុកខ្មែររូបនេះ មកជម្រាបជូនប្រិយមិត្តវិញម្ដង។

រស់ ហាន់វ៉ា កើតនៅភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តកាកែវ មានឪពុកឈ្មោះ ខៀវ ឡា ជាអ្នកលេងបាល់ទះល្អមួយរូបប្រចាំភូមិស្រុក ម្ដាយឈ្មោះ សាន សុខ មានមុខរបរជាអ្នកបម្រើសេវាកម្មជួលតុការ។ វ៉ាមានបងប្អូន៣នាក់ ប្រុសទាំងបី គេជាកូនទី២។ បងប្រុស​ឈ្មោះ រស់ វៃ លេងបាល់ទះល្អមធ្យម និងប្អូនពៅឈ្មោះ រស់ វេត ជាស្មាត់ស្ដាំពូកែផ្ដាច់ និងលេងផ្លែសឺវីស ដែលកំពុងឡើងកូដខ្លាំង។

បងប្អូនបង្កើតរបស់ស្មាត់ រស់ ហាន់វ៉ា

តើឪពុកម្ដាយរបស់ស្មាត់ វ៉ា យល់យ៉ាងណាដែរ ពេលឃើញកូនៗលេងបាល់យ៉ាងដូច្នេះ? ស្មាត់វ៉ាប្រាប់ថាម្ដាយឪពុករបស់ខ្លួនមិនជំទាស់ឡើយ ផ្ទុយទៅវិញមានតែជម្រុញលើកទឹកចិត្តឱ្យកូនៗ​ប្រឹងប្រែងលេង ដើម្បីអភិវឌ្ឍសមត្ថភាព និងសុខភាព។

អំឡុងឆ្នាំ២០១៥-២០១៦ កីឡាករជំនាញរត់ដឺមីរូបនេះ បានចូលហាត់នៅក្លឹបបញ្ជាការដ្ឋានអង្គរក្ស ហើយគេចាប់ផ្ដើមលេងប្រកួតមិត្តភាពក្រៅផ្លូវការ ឡើងខ្លាំងបំផុតនៅអំឡុងឆ្នាំ ២០១៦-២០១៧ និងមានអេគីប យុន សុវណ្ណរាជ និងវីដប៉ះសេ។ យ៉ាងណាស្មាត់វ៉ាថា ទោះកាលនោះឡើងខ្លាំងមែន ក៏ប៉ុន្តែនៅមិនទាន់ច្បាស់ល្អដូចបច្ចុប្បន្នឡើយ។ ​

ក្នុងឆ្នាំ២០២០នេះ អតីតកីឡាករក្លឹបបញ្ជាការដ្ឋានអង្គរក្ស បានបង្កើតអេគីបថ្មីគឺបងប្អូនបង្កើត រស់ វេត រស់ ហាន់វ៉ា និង​កុយ​ប៉ះ​សេ ដែលកំពុងតែបង្កព្យុះភ្លៀងខ្លាំងនៅតាមតារាងបាល់ទះនានា ទាំងក្នុងនិងក្រៅទីក្រុងភ្នំពេញ។ អេគីបបីនេះអាចទទួលបានគ្រប់បីស្មើ ដែលមានអ្នកប៉ះសេសមត្ថភាពប្រហាក់ប្រហែលនឹងកុងប៉ះសេដែរ។

យុន (មុខគេ) ហុង (ក្រោយយុន) រាជ (បន្ទាប់ហុង) វ៉ា (ឆ្វេង)
កុយប៉ះសេ (មុខគេ)

បន្ទាប់ពីស្ដាប់រឿងរ៉ាវ​ទាំងប៉ុន្មានខាងលើហើយ អ្វីដែលជួយអរនោះគឺថា អតីតសិស្សវិទ្យាល័យសុខអានព្រៃសណ្ដែក បានប្រឡងជាប់គ្រូកីឡាបាល់ទះនៅឆ្នាំ២០១៨ បានរៀនបញ្ចប់រយៈពេល២ឆ្នាំ ហើយបច្ចុប្បន្នគេកំពុងចាប់ប៉ុស្តិ៍នៅទឹកដីអង្គរខេត្តសៀមរាប (ខែក្រោយទើបដឹង​) និងរឿងល្អមួយទៀតគឺស្មាត់រស់ ហាន់វ៉ា ក៏ជិតចូលរោងការជាមួយកូនក្រមុំដ៏ស្រស់ស្អាត គឺកញ្ញា រី សុគន្ធារី៕

គូសណ្ដឹងរបស់ស្មាត់ រស់ ហាន់វ៉ា

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់