• 2020-10-16 03:37:39
  • បាល់ទះ

ស្នា​លេខ២០វិសាខា ​មាន​ស្ដេច​បាល់ទះ​គុយបា​ជា Idol និង​មាន​មហិច្ឆតាធំ​​ពីរ​​​​​​​​​

  • 2020-10-16 03:37:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​វឿន វាសនា ឬ ត្រូវ​បាន​គេ​ស្គាល់​ថា ស្នា​ លេខ ២០ របស់​វិសាខា មាន​ក្ដី​ស្រមៃ​​ពីរ​​ក្នុង​អាជីព​បាល់ទះ​របស់​ខ្លួន​គឺ​ទី​១​បាន​លេង​ឲ្យ​ជម្រើស​ជាតិ និង​ទី​២​បាន​ទៅ​លេង​នៅ​លីគ​កំពូល​ជប៉ុន ​​ហើយ​ស្មាត់​រូប​នេះ​មាន​​កីឡាករ​ល្បី​របស់​ពិភព​លោក Wilfredo Leon ជា​ Idol ។

​វឿន វាសនា ធ្លាប់​បាន​ចេញ​ទៅ​លេង​​នៅ​លីគ​កំពូល​ថៃ​ក្នុង​រដូវ​កាល ២០១៩ ឲ្យ​ក្លឹប Prince Finance ​។ យុវជន​រូប​នេះ​បាន​ទម្លាយ​ថា ​​មាន​ក្ដី​ស្រមៃ​ដ៏​ធំ​គឺ​ចង់​ទៅ​លេង​នៅ​លីគ​​បាល់ទះ​​របស់​ជប៉ុន និង​លេង​ឲ្យ​ជម្រើសជាតិ​កម្ពុជា​ជា​ក្ដី​ស្រមៃ​ទី​២ ។ ចំណែក​ក្ដី​ស្រមៃ​ទី​២ ​ដែល​ចង់​លេង​ឲ្យ​ជម្រើស​ជាតិ ពេល​នេះ​គេ​បាន​សម្រេច​ហើយ។

​​យុវជន​វ័យ ១៩ ឆ្នាំ​​​បាន​ នឹង​កំពុង​ ស្រលាញ់​ទម្រង់​លេង​របស់​ស្ដេច​បាល់ទះ​ គុយបា Wilfredo Leon ​និង​បាន​ចាត់​ទុក​កីឡាករ​រូប​នេះ​ជា​និមិត្តរូប (Idol ) ចាប់​តាំង​ពី​ឆ្នាំ​២០១៩ មក។ Wilfredo Leon ​ដើម​ឡើយ​លេង​ឲ្យ​ជម្រើស​ជាតិ គុយបា និង​​បាន​ចូល​សញ្ជាតិ​​លេង​ឲ្យ​ជម្រើស​ជាតិ ប៉ូឡូញ វិញ​នា​ឆ្នាំ​២០១៩ ។

​ស្មាត់​ឆ្នើម​របស់​វិសាខា​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ជុំ​វិញ​​ការ​ចង់​ទៅ​លេង​នៅ​ជប៉ុន​ថា ​វា​ជា​ក្ដី​ស្រមៃ​តាំង​ពី​តូច ពិសេស​ប្រទេស​នេះ​សម្បូរ​ទៅ​ដោយ​កីឡាករ​ល្បី​ៗ​នៅ​លើ​ពិភព​លោក​ លេង​នៅ​ទី​នោះ ទាំង​កីឡាករ​អឺរ៉ុប និង​កីឡាករ​​របស់​​ទ្វីប​អាស៊ី។ វាសនា មាន​កម្ពស់ ១,៩៤ ម៉ែត្រ​​ កើត​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០០១​ មាន​បង​ប្អូន ២ នាក់​គេ​ជា​កូន​ពៅ​ក្នុង​គ្រួសារ​ ​បង​ប្រុស​របស់​គេ​ឈ្មោះ វឿន វណ្ណៈ ។

​ឪពុក​របស់ វឿន វាសនា មាន​ឈ្មោះ ជឿម សាវឿន (ស្លាប់) ម្ដាយ​ឈ្មោះ ពក វី មុខ​របរ​លក់​ដូរ​តិច​តួច​នៅ​​ផ្សារ​ឯ​ស្រុក​កំណើត​ខេត្ត​បាត់ដំបង។ ស្មាត់​កំពុង​ឡើង​កូដ​រូប​នេះ​ រៀន​បឋម​សិក្សា នៅ​សាលា រាម​គង់ និង​អនុវិទ្យាល័យ​រៀន​នៅ មោងឬស្សី ហើយ​ក៏​បាន​ផ្លាស់​មក​រៀន​នៅ​វិទ្យាល័យ ឥទ្រ្ទទេវី ពេល​បាន​ចូល​ហាត់​បាល់ទះ​នៅ​​ក្លឹប​​វិសាខា​ ឆ្នាំ​​២០១៧ ខែ​​សីហា ។ ​ស្មា​ ជា​កីឡាករ​មួយ​រូប​របស់​វិសាខា ដែល​ធ្លាប់​​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​នៅ​ប្រទេស​ថៃ​មួយ​រយៈ​ពេល និង​បាន​ចេញ​ទៅ​លេង​នៅ​​ក្លឹប​បាល់ទះ​អាជីព​របស់​ថៃ​។

​​​ Wilfredo Leon ជា​កីឡាករ​បាល់ទះ​មាន​សញ្ជាតិ​ពីរ គឺ គុយបា និង​ប៉ូឡូញ គេ​បាន​លេង​ឲ្យ​ជម្រើស​ជាតិ គុយ​បា ចន្លោះ​ឆ្នាំ​២០០៧ ដល់២០១២ និង​បាន​​ផ្លាស់​ទៅ​លេង​ឲ្យ​ជម្រើស​ជាតិ​ប៉ូឡូញ ឆ្នាំ​២០១៩ ។ Leon កើត​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ១៩៩៣ ធ្លាប់​លេង​ឲ្យ​ក្លឹប​បាល់ទះ​អាជីព​ចំនួន ៦ ដែល​ឆ្នាំ២០០៥ ដល់ ២០១០ លេង​ឲ្យក្លឹប Capitalinos របស់​គុយបា ឆ្នាំ​២០១០ ដល់ ២០១៣ លេង​ឲ្យ​ក្លឹប Orientales de Santiago របស់​គុយបា។ ​​ឆ្នាំ២០១៤ និង​ ២០១៨ លេង​ឲ្យ​ក្លឹប Zenit Kazan របស់​រុស្ស៊ី​ ឆ្នាំ​២០១៥ និង ២០១៦ លេង​ឲ្យ​ក្លឹប Al Rayyan របស់​ប្រទេស​កាតា​​​​ និង​ឆ្នាំ​២០១៩ ដល់​បច្ចុប្បន្ន​ លេង​ឲ្យ​ក្លឹប Sir Safety Perugia ​របស់​អ៊ីតាលី៕

Wilfredo Leon

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់