• 2020-10-14 11:40:00
  • ព័ត៌មាន

មក​ស្គាល់ក្លឹប​មួយ​ចំនួន ដែល​ត្រូវ​បាន​ដក​សិទ្ធិ​មិន​ឲ្យ​លេង​ក្នុង​កម្មវិធី​អឺរ៉ុប

  • 2020-10-14 11:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ធ្លាប់​បាន​ដឹង​ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ UEFA បាន​ធ្វើ​ការ​ពិន័យ​ក្លឹប Manchester City មិន​ឲ្យ​ចូល​លេង​ក្នុង​ក្របខ័ណ្ឌ​ UEFA Champions League រយៈពេល ២រដូវ​កាល តែ​ក្រោយ​មក​ក៏​លើកលែង​ឲ្យ​ត្រឹម​តែ​ពិន័យ​ជា​សាច់​ប្រាក់។ ក្នុង​ថ្ងៃ​នេះ​ដែរ Sabay នាំ​មក​ជូន​មិត្ត​អ្នក​អាន​តាម​ដាន​កីឡា​បាល់ទាត់ នូវ​​ក្លឹប​មួយ​ចំនួន ដែល​ត្រូវ​បាន​ UEFA ដក​សិទ្ធិ​មិន​ឲ្យ​ចូល​លេង​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប។

លោក Pep Guardiola នាពេលកន្លងទៅ

AC Milan៖

ក្លឹប​អ៊ីតាលី​ ដែល​ធ្លាប់​មាន​ប្រវត្តិសាស្ត្រ​ជោគជ័យ​ក្នុង UEFA Champions League ត្រូវ​ស្ថាប័ន UEFA ពិន័យ​មិន​ឲ្យ​លេង​ក្នុង​ព្រឹត្តិការណ៍​ UEFA Europa League មួយ​ឆ្នាំ​អំឡុង​ឆ្នាំ​ ២០១៩/២០ ដោយសារ​តែ​ក្លឹប​នេះ​ល្មើស​ច្បាប់​ Fair Play ហិរញ្ញវត្ថុ ក្រោយ​ទិញ​កីឡាករ​ជា​ច្រើន តែ​មិន​មាន​ការ​លក់​ចេញ​វិញ ទោះ​ជា​ក្លឹប​នេះ​ជាប់​លេខ ៥ ក្នុង​រដូវ​កាល​មុន​នេះ​ក្ដី។

FC Pobeda៖

ក្លឹប​ម៉ាសេដូនី​ (ប្រទេស​ក្បែរ​ក្រិក) នេះ​ត្រូវ​បាន​ដកសិទ្ធិ​ចូល​លេង​ក្នុង​កម្មវិធី​រយៈពេល ៨ឆ្នាំ​ កាល​ពី​ឆ្នាំ២០០៩ ចំពោះ​បទល្មើស​នៃ​ការ​រៀបចំ​ការ​ប្រកួត​ទុក​ជា​មុន​ ពេល​លេង​ប៉ះ​នឹង​ក្លឹប​អាមិននៀ​កាល​ពី​ឆ្នាំ២០០៤។ ប្រធាន​ក្រុម និង​ប្រធាន​ក្លឹប​ត្រូវ​បាន​ពិន័យ​មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​បាល់ទាត់​អស់​មួយ​ជីវិត។

Malaga៖

ក្លឹប​អេស្ប៉ាញ​នេះ​ឡើង​ទម្រង់​លេង​យ៉ាង​ខ្លាំង​កាល​ពី​ដើម​ទសវត្ស២០១០ ដោយ​ឡើង​មក​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League កាល​ពី​ឆ្នាំ២០១២/២៣។ យ៉ាងណាមិញ ក្លឹប​នេះ​ត្រូវ​បាន​រង​ការ​ពិន័យ​មិន​ឲ្យ​ចូល​លេង​កម្មវិធី UEFA ៤ឆ្នាំ បន្ទាប់​ពី​មាន​រឿង​ចម្រូងចម្រាស់​ក្នុង​ការ​មិន​បង់​ថ្លៃ​ជំពាក់​លុយ។

Skënderbeu Korçë៖

អតីត​ជើងឯក​ក្លឹប​អាល់បានី​រង​ការ​ពិន័យ​ ១ឆ្នាំ​ពី​ UEFA សម្រាប់​ឆ្នាំ២០១៦ ហើយ​ក្រោយ​មក​ពិន័យ​ ១០ឆ្នាំ​កាល​ពី​ឆ្នាំ២០១៨ ដោយសារ​តែ​ការ​រៀប​ចំ​ការ​ប្រកួត​ទុក​ជា​មុន​សម្រាប់​ប្រកួត​វគ្គ​ជម្រុះ​នៃ​ UEFA Champions League ហើយ​និង​ ៥០ប្រកួត​ក្នុង​ស្រុក​ផ្សេង​ទៀត​។

អាន​ព័ត៌មាន​លម្អិត៖ UEFA ដាក់​បម្រាម​ក្លឹប​អឺរ៉ុប​មួយ​​មិន​ឲ្យ​លេង​កម្មវិធី​ UCL និង UEL ចំនួន ១០​ឆ្នាំ​

Besiktas និង Fenerbahce៖

ក្លឹប​ទួរគី​ទាំង​ពីរ​ត្រូវ​រង​ពិន័យ​ដូច​គ្នា​អំឡុង​ទសវត្ស២០១០ ចំពោះ​រឿង​រៀប​ចំ​ការ​ប្រកួត​ទុក​ជា​មុន។ Besiktas រង ១ឆ្នាំ ខណៈ Fenerbahce ជាប់ ៣ឆ្នាំ។

ក្លឹប​អង់គ្លេស​ទាំង​អស់៖

ក្រោយ​ពី​រឿង​ឧបទ្ទវហេតុ​អំពើ​ហិង្សា​បង្ក​ដោយ​អ្នក​គាំទ្រ​ Liverpool កាល​ពី​ឆ្នាំ១៩៨៥ ក្នុង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Champions League ប៉ះ​នឹង Juventus ស្ថាប័ន UEFA សម្រេច​ពិន័យ​មិន​ឲ្យ​ក្លឹប​នៃ​ប្រទេស​អង់គ្លេស​ចូល​លេង​ក្នុង​ប្រកួត​អឺរ៉ុប​រយៈពេល ៥ឆ្នាំ តែ​ Liverpool ពិន័យ ១០ឆ្នាំ៕

អាន​លម្អិត​ពី​រឿង​ហេតុ​នេះ៖ UEFA ធ្លាប់​ដាក់​ពិន័យ​ក្លឹប​ក្នុង​ប្រទេស​អង់គ្លេស​ទាំង​មូល​ មិន​ឲ្យ​លេង​ក្នុង​កម្មវិធី​អឺរ៉ុប

ប្រភព៖ 90min ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់