• 2020-10-13 02:02:50
  • បាល់ទាត់

លោក មាស ចាន់ណា៖ ក្លឹបច្រើនណាស់ចង់បានគាត់ (Marcio)

  • 2020-10-13 02:02:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលប៉ះជាមួយម្ចាស់ផ្ទះបឹងកេតនៅជុំទី១ គ្រូបង្គោលក្លឹបបាល់ទាត់ណាហ្គាវើលដ៍ មាស ចាន់ណា បានបង្ហើបថាកីឡាករប្រេស៊ីល Marques Marcio មិនទាន់ល្អដូចអ្វីដែលលោកត្រូវការ ព្រោះគេស្ទើក្នុងការសម្រេចចិត្ត ពោលគឺបាល់ត្រូវបញ្ជូន​គេបែរជាស៊ុត ពេលស៊ុតគេបែរជាបញ្ជូន។

លោក មាស ចាន់ណា គ្រូបង្គោលក្លឹបបាល់ទាត់ណាហ្គាវើលដ៍

យ៉ាងណាក្នុងកិច្ចសម្ភាសន៍ជាមួយ Sabay ក្រោយចប់ប្រកួតជាមួយក្លឹបភ្នំពេញក្រោនជុំទី២ថ្មីៗនេះ លោកបានបញ្ជាក់ម្ដងទៀតថាខ្សែប្រយុទ្ធ Marcio មិនត្រឹមតែល្អក្នុងការសម្រេចចិត្តទេ ថែមទាំងល្អក្នុុងការបញ្ចប់ទី ល្អក្នុងការបញ្ជូនបាល់សម្លាប់ និងចេះបង្កើតឱកាសឱ្យមិត្តរួមក្រុម។

គ្រូបង្គោលក្លឹបណាហ្គាតាំងពីឆ្នាំ២០១៤ បានរៀបរាប់យ៉ាងដូច្នេះ៖ «ឥឡូវខ្ញុំចំពោះគាត់វិញ គឺចង់និយាយថាក្លឹបជាច្រើនណាស់ ចង់បានគាត់ទាក់ទងគាត់។ Marcio មិនមែនត្រឹមល្អការសម្រេចចិត្តទេ អ្វីដែលល្អគឺមានបួនចំណុចដែលខ្ញុំ​ឃើញ គឺទី១ការបញ្ចប់ទី ទី២ការអឺ...បញ្ជូនបាល់សម្លាប់ ទី៣អឺ...ការអឺ...បង្កើតឱកាសឱ្យដៃគូ និងទី៤ការសម្រេចចិត្តរបស់គាត់ ការសម្រេចចិត្តនៃការបញ្ជូន បណ្ដើរ និងការទាត់បញ្ចូលទី គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ»។

ខ្សែប្រយុទ្ធពាក់លេង១៤ បានបង្ហាញទម្រង់លេងយ៉ាងល្អ ពេលណាហ្គាវើលដ៍ចាញ់ម្ចាស់ផ្ទះភ្នំពេញក្រោន ១-០ ក្នុងការប្រកួតពានរង្វាន់ដណ្ដើមពានរង្វាន់ លីគកំពូលកម្ពុជាឆ្នាំ២០២០ សប្ដាហ៍ទី១៨ កាលពីថ្ងៃអាទិត្យកន្លងទៅ។ Marcio បានបង្កើតឱកាស និងបញ្ជូនបាល់សម្លាប់ជាច្រើនដល់មិត្តរួមក្រុម ប៉ុន្តែយ៉ាងណាគេមិនអាចជួយម្ចាស់ជើងឯក MCL បីសម័យកាលបានឡើយ។

Marques Marcio ពេលប៉ះជាមួយភ្នំពេញក្រោន

គិតត្រឹមសប្ដាហ៍ទី១៨ ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ រកបាន១០គ្រាប់ និងបញ្ជូនបាល់ ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន​៦លើក ក្លាយជាអ្នកបញ្ជូនបាល់សម្លាប់ ឈរលើកំពូលតារាង (Assist) ស្មើជាមួយខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Private៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់