- 2020-08-13 04:40:52
- បាល់ទាត់
ម៉ាត់ យ៉ាមីន៖ ខ្ញុំអាចសម្របខ្លួនតាមអ្វីដែលក្លឹបចង់បាន និងគ្រូឱ្យធ្វើ
- 2020-08-13 04:40:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាត់ យ៉ាមីន៖ ខ្ញុំអាចសម្របខ្លួនតាមអ្វីដែលក្លឹបចង់បាន និងគ្រូឱ្យធ្វើ
ចន្លោះមិនឃើញ
បើតាមការឱ្យដឹងពី ម៉ាត់ យ៉ាមីន គឺគេអាចសម្របខ្លួនទៅតាមអ្វីដែលក្លឹបចង់បាន និងគ្រូបង្វឹកឱ្យធ្វើ ក្រោយបង្ហាញវត្តមានក្នុងជំនួបក្លឹបនគរបាលជាតិស្មើ ០-០ ជាមួយគិរីវង់សុខសែនជ័យ ក្នុងពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី១៤ថ្នាក់ជាតិជើងទី១ កាលពីម្សិលមិញ។
ទោះទើបលេងបានតែមួយប្រកួតក្ដី ខ្សែបម្រើរូបនេះបង្ហើបថា គេពិតជាសប្បាយចិត្តដែលបានលេងនៅក្លឹបអាជីពជាថ្មីវិញ ហើយគេនិងក្រុមលេងយល់ចិត្តគ្នាបានច្រើន និងប្ដេជ្ញាខិតខំប្រឹងឱ្យបានល្អ និងខ្លាំងជាងមុន។
អតីតកីឡាករបឹងកេត បញ្ជាក់ថា ៖«អត់មានបញ្ហាអីទេបង ខ្ញុំអាចសម្របខ្លួនតាមនឹងបាន តាមអ្វីដែលក្លឹបចង់បាន និងគ្រូឱ្យធ្វើ...ពួកយើងយល់ចិត្តគ្នាបានច្រើនបង...ខ្ញុំសប្បាយចិត្តពេលបានចូលលេងម្ដងទៀត»។
ជើងទី១ យ៉ាមីន លេង៩០នាទីពេញ ហើយគេសង្ឃឹមឈ្នះច្រើននៅជើងទី២ ខណៈការប្រកួតនឹងធ្វើឡើងនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅផ្ទះក្លឹបនគរបាលជាតិ។
ខ្សែបម្រើមិនអាចមើលស្រាលបាន បន្ថែមយ៉ាងដូច្នេះ ៖«លេងម្សិលមិញបង ឌុបសង់គាត់ឈឺ ពេលឈឺអត់មានអ្នកណាលេងការពារកណ្ដាល ក៏យកខ្ញុំទៅលេង ពេលចឹងវាខាតមនុស្សម្នាក់។ តែជើងទី២សង្ឃឹមច្រើនបង ព្រោះគិតថាបងទីនអាចជាវិញ គាត់ចូលលេងកន្លែងគាត់វិញ ខ្ញុំចូលលេងកន្លែងខ្ញុំវិញ...ជើងទី២ប៉ូលិសនឹងមានកីឡាករគ្រប់គ្រាន់វិញ គិតថាជើងទី២ពួកយើងនឹងទទួលបានជោគជ័យ»។
សម្រាប់ពានរង្វាន់លីគកំពូលកម្ពុជាវិញ យ៉ាមីន ទាល់តែជើងទី២ទើបអាចលេង ដ្បិតរូបគេទើបមករួមរស់ជាមួយក្លឹបនគរបាលជាតិ ក្រោយក្លឹបចាស់បឹងកេតបញ្ចប់កុងត្រា ពាក់ព័ន្ធរូបគេមានរឿងអាស្រូវប្រើប្រាស់គ្រឿងញៀន កាលពីដើមឆ្នាំ២០២០ នៅក្លឹបកម្សាន្តមួយក្នុងទីក្រុងភ្នំពេញ៕