• 2020-08-11 03:40:30
  • បាល់ទាត់

ទីបំផុត ​សែលកាត​ រក​ឃើញ​ម្ចាស់​ជើងឯក​ Rules of Survival​ KH Cup ​រដូវ​កាល​ទី​៣​

  • 2020-08-11 03:40:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន ​សែលកាត​ ដែល​ជា​ប្រតិបត្តិករ​បណ្តាញ​ទូរស័ព្ទ​ចល័ត​ជា​មោទនភាព​ជាតិ​ខ្មែរ​ ដែល​តែងតែ​ផ្តល់​ជូន​នូវ​បទពិសោធន៍​ លេង​ហ្គេមតាម​អនឡាញ​ល្អ​ផ្តាច់​គេនោះ ​បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ Rules of Survival (RoS) KH Cup Season 3 ​វគ្គផ្តាច់ព្រ័ត្រ ​នាថ្ងៃសៅរ៍ ទី 8 ខែសីហា ឆ្នាំ 2020​ កន្លង​ទៅ​ថ្មីៗ​នេះ។

​ក្រុមកីឡាករ ​ចំនួន 18 ក្រុម បានចូលរួមប្រកួតនាថ្ងៃចុងសប្តាហ៍កន្លងទៅនេះ​ ដើម្បី​ប្រជែង​យក​តំណែង​ជា​ម្ចាស់​ជើងឯក​ RoS KH Cup នារដូវកាលទី 3​ នៅផ្សារទំនើប​ អ៊ីអនម៉លសែនសុខ។​ ជា​លទ្ធផល​នៅចុងបញ្ចប់​ក្រុម TeamUP (ក្រុមយូ ភី) ​បានទទួលជ័យជំនះនៅក្នុងវគ្គផ្តាច់ព្រ័ត្រ ពោល​គឺ​បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក​ប្រចាំ​កម្មវិធី​តែម្តង។

រង្វាន់​ជា​ទឹកប្រាក់​សរុប​ចំនួន​ 50,000,000 រៀល​ ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ប្រគល់​ជូនដល់​ក្រុម​កីឡាករ​ដែល​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​ប្រកួត​ ដោយក្នុងនោះ ក្រុម TeamUP (ក្រុមយូ ភី)​ ទទួល​បាន​រង្វាន់​ជា​ទឹក​ប្រាក់​ចំនួន​ 20,000,000 រៀល ​សម្រាប់​តំណែង​ជា​ជើង​ឯក​ប្រចាំ​កម្មវិធី​។ ចំណែក​ឯក្រុម​ NRXCambodia ​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​ 2 ​ទទួល​បាន​ទឹក​ប្រាក់​ចំនួន​ 8,000,000 រៀល ​និង​ក្រុម ​Vipers ​ទទួល​បាន​ទឹក​ប្រាក់​ចំនួន​ 5,000,000 រៀល ​សម្រាប់​ចំណាត់​ថ្នាក់​លេខ​ 3 ។

ក្រុម​កីឡាករ​ទាំងអស់​ បាន​ចូលរួម​ប្រកួត​តាម​រយៈកម្មវិធី​ PlayGame ​របស់ក្រុមហ៊ុន​សែលកាត​ ហើយ​ទន្ទឹម​នឹងនោះផងដែរ​ បណ្តាអ្នកគាំទ្រ​ ក៏បានចូលរួម​តាមដានទស្សនា​សកម្មភាព​ផ្សាយផ្ទាល់​តាមរយៈ Virtual Gaming Platform ដំបូង​គេបង្អស់​នៅ​ក្នុងប្រទេសកម្ពុជា​ (ដែល​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ចាប់​តាំងពីខែ​មេសាកន្លងទៅថ្មីៗនេះ)​ ហើយអ្នកគាំទ្រខ្លះទៀត​ ធ្វើការតាម​ដាន​ទស្សនា​ផ្ទាល់​នៅលើ​ទំព័រហ្វេសប៊ុក ​របស់​ក្រុមហ៊ុន​សែលកាត។​

បន្ទាប់​ពីកម្មវិធីប្រកួត​ RoS KH Cup វគ្គផ្តាច់ព្រ័ត្រ ​ត្រូវបានបញ្ចប់ទៅ ​កម្មវិធីប្រកួតជាលក្ខណៈ​ All-Star ​ដ៏​ជក់​ចិត្ត ​ក៏បានចូលខ្លួនមកបន្ត ​ដោយក្នុងនោះក្រុមចំនួន 10​ ដែល​មាន​សំឡេង​គាំទ្រ​តាម​អនឡាញ​ច្រើន​ជាងគេ ទទួល​បាន​សិទ្ធិ​ដើម្បី​ចូល​រួម​ប្រកួត។ ដើម្បី​ញ៉ាំង​ឱ្យកម្មវិធី​កាន់តែ​ប្លែក​អារម្មណ៍​ថែម​ទៀត​នោះ​ Influencer ​របស់​ហ្គេម​ RoS ល្បីៗ ​រួមមានលោក​ Bunleng, Tii Gaming ​និង​ Lee Official ​ក៏ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​ All-Star ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ទឹក​ប្រាក់​ចំនួន ២​ លានរៀលផងដែរ។ ​បន្ទាប់​ពីការ​ប្រកួតត្រូវបានបញ្ចប់ទៅ​ ជ័យលាភីសម្រាប់វគ្គ All-Star គឺបានទៅលើក្រុម 4Military។

​កម្មវិធីប្រកួតនេះអាចប្រព្រឹត្តទៅបាន គឺអាស្រ័យដោយមានកិច្ចសហការយ៉ាងស្អិតល្មួត រវាងក្រុមហ៊ុនសែលកាត ជាមួយនឹងសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា និង Netease ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ហ្គេមខ្នាតយក្សរបស់ប្រទេសចិន។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានមានប្រសាសន៍ឱ្យដឹងថា៖ “យើងពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានក្លាយជាក្រុមហ៊ុនឈានមុខគេ នៅក្នុងវិស័យកីឡាអេឡិចត្រូនិកម្ពុជា។ ការទទួលស្គាល់នាពេលថ្មីៗនេះដោយស្ថាប័ន Opensignal និងយុទ្ធសាស្រ្តរបស់យើង ក្នុងការផ្តល់ជូននូវបណ្តាញទូរស័ព្ទប្រកបដោយទំនុកចិត្តខ្ពស់ និងផ្តល់បទពិសោធន៍លេងហ្គេមល្អបំផុត គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះថាកីឡាអេឡិចត្រូនិច គឺជាប្រភេទកីឡាដែលកំពុងទទួលបានការគាំទ្រយ៉ាងផុសផុលបំផុតនាពេលបច្ចុប្បន្ននេះ។ ខ្ញុំក៏សូមយកឱកាសនេះផងដែរ ដើម្បីចូលរួមអបអរសាទរដល់ក្រុម TeamUP ដែលបានក្លាយជាម្ចាស់ជើងឯកនារដូវកាលនេះ”។

នាពេលថ្មីៗនេះ Opensignal ដែលជាស្ថាប័នមានការទទួលស្គាល់ជាអន្តរជាតិ បានប្រកាសឱ្យដឹងថា បណ្តាញ 4G LTE របស់ក្រុមហ៊ុនសែលកាត បានជាប់ជាជ័យលាភីពានរង្វាន់ បទពិសោធន៍នៃការលេងហ្គេម (Games Experience) ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ដោយយោងតាមលទ្ធផលជាក់ស្តែង ក្រុមហ៊ុនសែលកាត គឺជាប្រតិបត្តិករថ្នាក់ជាតិតែមួយគត់ ដែលអ្នកប្រើប្រាស់ (ស្ថាប័ន Opensignal ផ្ទាល់) បានសង្កេតឃើញនូវការផ្តល់ជូន បទពិសោធន៍នៃការលេងហ្គេម នៅលើបណ្តាញ 4G នៅក្នុងប្រទេសកម្ពុជា ក្នុងកម្រិតខ្ពស់ជាងគេបំផុត។

​លោក វ៉ាតសុន ក៏បានបន្ថែមឱ្យដឹងផងដែរថា៖ “ក្រុមហ៊ុនសែលកាតពិតជាមានកិត្តិយសបំផុត ដែលមានឱកាសក្នុងការចូលរួមគាំទ្រ និងជួយស្វែងរកកីឡាករស្រុក ដែលមានសមត្ថភាពឆ្នើមៗ។ ហើយទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏មានក្តីសោមនស្សក្នុងការរៀបចំកម្មវិធីប្រកួតប្រជែងនៅក្នុងស្រុក ក៏ដូចជាផ្តល់ជូននូវឱកាសដល់កីឡាករអេឡិចត្រូនិចកម្ពុជា ឱ្យអាចចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍លំដាប់ថ្នាក់អន្តរជាតិផងដែរ” ។

ក្រុមហ៊ុនសែលកាត នឹងរៀបចំកម្មវិធីផ្សាយផ្ទាល់រយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី 14 ខែសីហាខាងមុខនេះ ដើម្បីឱ្យកីឡាករហ្គេមខ្មែរយើង អាចស្វែងយល់បន្ថែមអំពីកីឡាអេឡិចត្រូនិច ក៏ដូចជាផ្តល់ឱកាសដើម្បីទស្សនាកីឡាករអាជីពយើង ប្រកួតផ្ទាល់នៅលើ PlayGame។ កម្មវិធីប្រកួតនេះ នឹងមានវត្តមានចូលរួមដោយក្រុមកីឡាករល្បីៗ ដែលក្នុងនោះមានដូចជា ក្រុម Orange Esports, Henaa, Ice Frogz, Ream Angkor, Private Plork និងក្រុមជាច្រើនផ្សេងទៀតផងដែរ។

គួររំលឹកផងដែរ ក្រុមហ៊ុនសែលកាត បានចូលរួមជួយ​ជ្រោមជ្រែង​ដល់វិស័យ​កីឡា​អេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ 2018 មកម្ល៉េះ ហើយមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនថែមទាំងបានបម្រើជូនដល់សហគមន៍អ្នកគាំទ្រវិស័យហ្គេម ប្រមាណជាង 2 លាននាក់ទៀតផង៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់