• 2020-07-31 09:19:39
  • បាល់ទាត់

​វិសាខា​ប្ដេជ្ញាចិត្ត​យក​លទ្ធផល​ល្អ​ណា​មួយ​ឲ្យ​បាន​​ ប៉ះ​ស្វាយរៀង​សប្ដាហ៍​នេះ

  • 2020-07-31 09:19:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហុក សុចិត្រា ​អ្នកចាត់ការ​ក្រុម​វិសាខា​ថា ​​ក្រុម​របស់​លោក​បាន​ប្ដេជ្ញាចិត្ត​ នឹង​យក​លទ្ធផល​ល្អ​ណា​មួយ​ឲ្យ​បាន​សម្រាប់​​​​កម្មវិធី​ប្រកួត​​រវាង​ក្រុម​របស់​លោក និង ​ព្រះខន​រាជ​ស្វាយរៀង​ ដែល​គ្រោង​​ឡើង​​វេលា​ម៉ោង ៦ ល្ងាច​ថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ​២០២០ ​នៃ​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​១០ ​នៅ​ទឹក​ដី​ខេត្ត​ស្វាយរៀង។

លោក ហុក សុចិត្រា

អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ Futsal ​ខាង​លើ​បាន​ឲ្យ​ដឹង​​ថា ការ​ប្រកួត​នេះ​អាច​ចាត់ទុក​ថា ​ជា​​ជំនួប​ដ៏​ធំ​ប្រចាំ​សប្ដាហ៍​​រវាង​ក្រុម​យក្ស​ពីរ ដែល​កំពុង​ប្រជែង​ជើង​ឯក​លីគ​កំពូល​កម្ពុជា។ ​​សម្រាប់​វិសាខា​មិន​មាន​កីឡាករ​សំខាន់​របួស​ឡើយ ហើយ​ក៏​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ ដើម្បី​ធ្វើ​យ៉ាង​ណា​ប្រឹងប្រែង​យក​លទ្ធផល​ល្អ​ណា​មួយ​ឲ្យ​បាន​។

​​​លោក​សង្កត់​ធ្ងន់​ថា ក្រុម​របស់​លោក​ក៏​មាន​ការ​ព្រួយបារម្ភ​​ខ្លះ​ៗ​ក្នុង​ការ​ប្រកួត​នេះ​។ ប៉ុន្តែ​មិន​មែន​ជា​រឿង​ដែល​ក្រុម​របស់​លោក​ត្រូវ​គិត​ខ្លាំង​ពេក​ឡើយ​ ពី​ព្រោះ​ការ​ប្រកួត​បែប​នេះ​​​ ដៃគូ​ក៏​គេ​មាន​ការ​ព្រួយ​បារម្ភ​ពី​​ក្រុម​របស់​​លោក​ដូច​គ្នា​។

ក្នុង​ការ​ប្រកួត​នេះ​ដែរ​លោក​ពិត​ជា​មាន​ការ​សោក​ស្ដាយ​ ដែល​មិន​អាច​មាន​អ្នក​គាំទ្រ​ចូល​រួម​ទស្សនា​ផ្ទាល់​​បាន​។​ ប៉ុន្តែ​លោក​សំណូមពរ​ឲ្យ​អ្នកគាំទ្រ​​បន្ត​គាំទ្រ​ ដើម្បី​ឲ្យ​វិស័យ​បាល់ទាត់​មាន​ការ​រីក​ចំរើន បើ​ទោះ​មិន​អាច​ទៅ​ទស្សនា​ផ្ទាល់​បាន​​ក៏​អាច​ទស្សនា​តាម​រយៈ​ទូរទស្សន៍ ឬ Page ​ដែល​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​ផង​ដែរ​។

សូម​បញ្ជាក់​ថា រដូវ​កាល​​នេះ​ស្វាយរៀង​​មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ ដោយ​ក្នុង​ចំណោម ៨ ប្រកួត​ឈ្នះ ៧ ស្មើ​១ ​ស្ថិត​នៅ​លេខ​១ ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​មាន ២២ ពិន្ទុ​។ ចំណែក​វិសាខា​​មាន ១៩ ពិន្ទុ​ស្ថិត​នៅ​​លេខ ៣ ​​ដោយ ៩ ប្រកួត​ឈ្នះ​៦ ស្មើ​១ ចាញ់​​២ ៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់