• 2020-07-15 03:50:33
  • បាល់ទាត់

​រឿង Man City ​ឈ្នះ​ក្ដី​ថ្ងៃ​មុន ​ធ្វើ​ឱ្យ Pep ​ប៉ះ​សម្ដី​ជាមួយ Klopp ​មួយ​ប្រាវ​ទៀត​ហើយ​

  • 2020-07-15 03:50:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ ​ក្រុម Manchester City ​បាន​តវ៉ា​ឈ្នះ​ក្ដី​ជាមួយ UEFA ​ហើយ​ពួកគេ​នឹង​មាន​វត្តមាន​លេង​ពាន​រង្វាន់ UEFA Champions League បាន​ជា​ធម្មតា​វិញ។

​ការ​តវ៉ា​ឈ្នះ​ក្ដី​របស់​ក្រុម Manchester City ​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​ចាត់ការ​ល្បី​ៗ​ជា​ច្រើន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត ​ដោយ​បាន​ចាត់​ទុក​ថា​ច្បាប់​គ្រប់គ្រង​ការ​ចំណាយ ​នឹង​លែង​មាន​ប្រសិទ្ធភាព​ទៀត​ហើយ។ ​ការ​និយាយ​របស់​ក្រុម​អ្នក​ចាត់ការ​និង​ថ្នាក់​ដឹក​នាំ​ក្លឹប​មួយ​ចំនួន​នោះ ​បាន​ឮ​ដល់​ត្រចៀក​លោក Pep ​អ្នក​ចាត់ការ​ក្រុម Man City ​។ ​បុរស​ដែល​ល្បី​ថា​ដឹក​នាំ​ក្រុម​ខ្លាំង​រហូត​មួយ​នេះ ​បាន​អះអាង​ថា​ពួក​ដែល​និយាយ​នោះ ​គួរ​តែ​សុំ​ទោស Man City ​ព្រោះ​ការ​តវ៉ា​ឈ្នះ​ក្ដី​របស់​ក្រុម​លោក ​បាន​បញ្ជាក់​ថា​យុត្តិធម៌​ពិត​ជា​មាន​មែន។ ​ដោយ​លោក ​បាន​ចាត់​ទុក​ថ្ងៃ​ចន្ទ​ដែល​ឈ្នះ​ក្ដី​នោះ ​ជា​ថ្ងៃ​ល្អ​បំផុត​សម្រាប់​បាល់ទាត់​ទៅ​វិញ​ទេ។

​ការ​ចាត់​ទុក​ថា ​ជា​ថ្ងៃ​ល្អ​នោះ ​ត្រូវ​បាន​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​ចេញ​មុខ​មក​តប​វិញ​ថា​គ្មាន​ជា​ថ្ងៃ​ល្អ​អ្វី​នោះ​ទេ។ ​លោក Klopp ​បន្ដ​ថា​៖ “វា​មិន​មែន​ជា​ថ្ងៃ​ល្អ​សម្រាប់​បាល់ទាត់​ឡើយ។ ​ក្លឹប​ដែល​មាន​ប្រាក់​ច្រើន ​អាច​ធ្វើ​អ្វី​តាម​ដែល​ចិត្ត​គេ​ចង់​បាន។ FFP ​ជា​ច្បាប់​មួយ ​ហើយ​គ្រប់​ក្លឹប​បាន​គោរព​តាម ​វា​បាន​កំណត់​បន្ទាត់​មួយ​ឱ្យ​គ្រប់​គ្នា​ដើរ ​ហើយ​មិន​អាច​រំលង​បាន​ឡើយ។ ​ប្រសិន​បើ​គ្រប់​គ្នា​គ្មាន​ច្បាប់​កំណត់ ​នោះ​ការ​ប្រកួត​ពិត​ប្រាកដ​នឹង​ពិបាក​កំណត់​ណាស់។ ប្រទេស​ឬ​ក្លឹប​អ្នក​មាន គេ​អាច​ធ្វើ​រឿង​គ្រប់​យ៉ាង​បាន”។

​និយាយ​ពី Man City ​រួច​ផុត​ពិន័យ​មិន​ឱ្យ​លេង UEFA Champions League ​២​ឆ្នាំ​កន្លង​ទៅ​នេះ ​គឺ​ពួកគេ​បាន​ប្រឹងប្រែង​ខ្លាំង​មែនទែន ​ជាមួយ​ការ​ប្ដឹង​តវ៉ា​ស្វែង​រក​សិទ្ធិ​បាន​លេង​វិញ។ ​មិន​ត្រឹម​តែ​មាន​សិទ្ធិ​លេង​វិញ​នោះ​ទេ ​ក្លឹប​នេះ​ក៏​អាច​បន្ថយ​ប្រាក់​ពិន័យ​ពួកគេ ​ពី​ជិត​៣០​លាន​ផោន ​មក​ត្រឹម​បង់​តែ​១០​លាន​ផោន​ផង​ដែរ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់