- 2020-07-15 02:28:16
- បាល់ទាត់
វ៉ាំង ដាវីន មានអារម្មណ៍យ៉ាងណា ពេលមកធ្វើតេស្តជម្រើស U19 លើកទី១?
- 2020-07-15 02:28:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ាំង ដាវីន មានអារម្មណ៍យ៉ាងណា ពេលមកធ្វើតេស្តជម្រើស U19 លើកទី១?
ចន្លោះមិនឃើញ
ក្រោយជាប់ឈុតយុវជន U18 របស់បឹងកេត វ៉ាង ដាវីន ត្រូវបានលោកគ្រូបង្វឹក ឈុត សុធារ័ត្ន បង្ហើបថាគេអាចនឹងក្លាយជាគ្រាប់ពូជដ៏ល្អមួយសម្រាប់ក្លឹប និងជម្រើសជាតិកម្ពុជា ដ្បិតគេមានទេពកោសល្យ និងការខំប្រឹងប្រែង ហើយក្នុងចំណោមយុវជនជាង៣០នាក់ នៅពហុកីឡដ្ឋានជាតិកាលពីម្សិលមិញ ដាវីនក៏មានឈ្មោះធ្វើតេស្តជម្រើសជាតិកម្ពុជា U19 ដើម្បីត្រៀមជម្រុះ AFC U-19 Championship 2020 ដែរ។
យុវជនមកពីខេត្តកំពង់ឆ្នាំង បានបង្ហាញអារម្មណ៍សប្បាយរីករាយ ពេលបានមកចូលរួមជាមួយយុវជនមកពីក្លឹបផ្សេងៗ ហើយគេអរគុណដល់ក្លឹប និងសហព័ន្ធបាល់ទាត់កម្ពុជា ដែលផ្ដល់ឱកាសមួយនេះ។ យ៉ាងណាដាវីនទទួលស្គាល់ថា ក្នុងការធ្វើតេស្តដំណាក់កាលដំបូងនេះ រូបគេនៅមានអារម្មណ៍ភ័យនិងប្លែក ដ្បិតធ្លាប់តែលេងបាល់ទាត់តាមភូមិ មិនសូវមានការប្រកួតប្រជែងខ្លាំងបែបនេះ។
យុវជនវ័យ១៨ឆ្នាំបញ្ជាក់ថា ៖«...ប្រហែល១០នាទីដំបូងរៀងភ័យ ពិបាកលេងពិបាកគ្រប់គ្រងបាល់ ចុងក្រោយមកក៏សម្រួលអារម្មណ៍បានវិញ....[សម្រាប់តេស្តថ្ងៃនេះខ្ញុំ] ទទួលបានបទពិសោធន៍ច្រើនពីបងៗ គាត់អ្នកលេងពីមុន...»។
ក្រោយក្រសោបបានឱកាសមាសពីក្លឹប និងសហព័ន្ធបាល់ទាត់កម្ពុជា ដាវីន បានប្ដេជ្ញានឹងខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបានលេងនៅជម្រើសឈុតយុវជន និងឈុតធំក្លឹប ជាពិសេសប្រឹងប្រែងឱ្យជាប់ក្នុងបញ្ចីឈ្មោះ២៥នាក់ចុងក្រោយ U19 របស់ជម្រើសជាតិកម្ពុជា។
គួរបញ្ជាក់ថា វ៉ាំង ដាវីន ជាប់ឈុតយុវជន U18 របស់បឹងកេតមិនទាន់បានកន្លះខែស្រួលបួលផង ត្រូវបានក្លឹបបញ្ជូនឈ្មោះមកធ្វើតេស្ត ជម្រើសជាតិកម្ពុជា U19 កាលពីថ្ងៃទិ១៤ ខែកក្ដដា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ។ លទ្ធផលយ៉ាងណា គឺមិនទាន់ដឹងនៅឡើយទេ។
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា U19 បានចាប់ឆ្នោតប៉ះម្ចាស់ផ្ទះអ៊ូសបេគីស្ថាន អ៊ីរ៉ង់ និងឥណ្ឌូណេស៊ី នៅពូល A សម្រាប់ការប្រកួតពានរង្វាន់ AFC U-19 Championship 2020។ សម្រាប់ជំនួបបើកឆាកU19 កម្ពុជា នឹងត្រួវតតាំងជាមួយឥណ្ឌូណេស៊ីនៅថ្ងៃទី១៤ ខែតុលា មុនប៉ះម្ចាស់ផ្ទះអ៊ូសបេគីស្ថាន នៅ៣ថ្ងៃបន្ទាប់។ សម្រាប់ជំនួបចុងក្រោយកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកជប៉ុន Koji Gyotoku នឹងត្រូវតតាំងជាមួយអ៊ីរ៉ង់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០៕