• 2020-07-09 06:25:10
  • បាល់ទាត់

សុន វណ្ណដេត៖ ខ្ញុំសម្រេច​​បំណង​បី​នេះ គឺ​គ្រប់​គ្រាន់​ហើយ

  • 2020-07-09 06:25:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កើត​ចេញ​ពី​យុវជនជម្រើស​ខេត្ត​កោះកុង រហូត​ក្លាយ​ជា​កីឡាករ​អាជីព​ដូច​បច្ចុប្បន្ន សុន វណ្ណដេត គ្មាន​មហិច្ឆតា​​​អ្វី​ទៀត​ទេ ក្រោយ​រូបគេ​សម្រេច​​បានបំណង​​បី​រួម​មានបាន​លេង​ ជម្រើស​១១​នាក់​ដំបូង​នៅ​ក្លឹប​អាជីព (នគរ​បាលជាតិ) ជាប់ U16 ជម្រើស​ជាតិ​កម្ពុជា និង​ជម្រើស​ជាតិ​ឈុត​ធំ។

សុន វណ្ណដេត (ស) (រូបភាពក្លឹបនគរបាលជាតិ)

វណ្ណដេត បាន​រំលឹក​ថា ៖«...ដំបូង​ឡើយ​យើង​គ្រាន់​តែ​​លេង​យុវជន​នៅ​ខេត្ត ហើយ​យើង​ក៏​ជាប់​ជម្រើស​ខេត្ត ​លេង​កាល​ហ្នឹង​លេង​ U15...យើង​ក៏​បាន​បង្ហាញ U15...កាល​ហ្នឹង​លេង​យុវជន​ទូទាំង​ប្រទេសនៅភ្នំពេញ​នៅ​ចែងម៉ែង​ ប្រហែល​អំឡុង​ឆ្នាំ ២០០៩-២០១០ មាន​អារម្មណ៍​ថា​ចង់​ជាប់​ក្លឹប...ពេល​ក្រោយ​មក​មាន​ក្លឹប​នគរបាល​ជាតិ​ទាក់ទង​យើង និង​ណាហ្គា ខ្ញុំ​ក៏​សម្រេច​ចិត្ត​មក​នគរបាលជាតិ ព្រោះ​មាន​បង​បង​នៅ​កោះកុង​ជាមួយ​អ៊ីចឹង យើង​ស្រណុក​ទំនាក់ទំនង​ជាមួយ​គាត់...»។

មក​លេង និង​ហាត់​ជាមួយ​ក្រុម​នគរបាល​ជាតិ សុន វណ្ណដេត ក៏​បាន​ធ្វើតេស្ត​ជាប់ជម្រើស​ជាតិ​ យុវជន​អាយុ​ក្រោម១៦​ឆ្នាំ​ ដូចក្ដីបំណងក្នុង​​អំឡុង​ឆ្នាំ​២០១១។

អ្នកខេត្តកោះកុងប្រាប់ថា ៖«ហាត់​បាន​១​ឆ្នាំ​ខ្ញុំ​ចង់​ជាប់ U16 ហើយ​ក៏​បាន​ជាប់​។ ហ្នឹង​ជា​គោលបំណង​របស់​យើង។ ក្រោយ​មក​ខ្ញុំ​ចង់​លេង​១១​នាក់ ហើយ​ក៏​បាន​លេង និង​បាន​ជាប់​ជម្រើស​ជាតិ​ចាប់​តាំង​ពី​ឆ្នាំ​២០១៥ រហូត​ដល់​២០១៧ ហើយ​២០១៨ ទើប​អត់​បាន​ជាប់​វិញ។ ខ្ញុំសម្រេច​​បំណង​បី​នេះ គឺ​គ្រប់​គ្រាន់​ហើយ»។

ចំពោះ​ការ​ទៅ​លេង​នៅក្លឹប​​ក្រៅ​ប្រទេស​វិញ ខ្សែ​ប្រយុទ្ធ​វ័យ២២​ឆ្នាំ​ដែលជួយឱ្យក្លឹបនគរបាលជាតិ លើកពាន Hun Sen Cup ១រដូវកាល បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គេ​មិន​​ធ្លាប់​គិត​សូម្បីតែបន្តិច ព្រោះ​សមត្ថភាព​របស់​គេ​នៅ​មាន​កម្រិត ហើយ​ណា​មួយ​គុណភាព​​កីឡាករ​នៅ​តំបន់អាស៊ី​​ គឺ​ល្អៗ​ច្រើនមិនងាយប្រជែង ដូច្នេះ​មាន​តែ​លេង​នៅ​​លីគប្រទេស​កំណើត​តែប៉ុណ្ណោះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់