• 2020-06-23 01:59:14
  • បាល់ទាត់

ទូច បញ្ចរ៉ុង អាចនឹងបញ្ចប់​អាជីព​ជាកីឡាករបាល់ទាត់​ក្នុង​ឆ្នាំ​នេះ

  • 2020-06-23 01:59:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​បង្ហើប​ប្រាប់​របស់កីឡាករបឹងកេត និង​អតីត​ខ្សែ​ការពារ​ជម្រើស​ជាតិកម្ពុជាវ័យ៣០​ឆ្នាំ ទូច បញ្ចរ៉ុង រូប​គេ​អាច​នឹង​បញ្ចប់​អាជីព​​ជា​កីឡាករ​បាល់ទាត់ក្នុង​ឆ្នាំ​នេះ។

ការ​បង្ហើប​ពី​ការបញ្ចប់​​អាជីព​នេះ ក៏​ដោយសារ​រូប​គេ​មាន​វ័យ​កាន់​តែ​ជ្រេ ចំណែក​ក្លឹប​ម្ចាស់​ជើងឯក​លីគកំពូល​កម្ពុជា៣​សម័យ​កាល បឹងកេត ក៏មាន​ជម្រើស​កីឡាករ​ក្មេងៗ​និង​ល្អ​ៗច្រើន ជាហេតុធ្វើឱ្យគេពិបាក​ប្រកួត​ប្រកួតប្រជែង។ បច្ចុប្បន្នតំណែងការពារស្លាបស្ដាំរបស់បញ្ចរ៉ុង ត្រូវបានធ្លាក់ទៅលើកីឡាករ ស្លេះ សេន ដែលកំពុងតែឡើងជើងខ្លាំង។

​ចំពោះ​អនាគត កីឡាករ​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពត, អតីត​កីឡាករ Dolphin FC, ភ្នំពេញក្រោន និង​នគរបាល​ជាតិ បាន​ផ្ដល់​ជម្រើស​​៣​សម្រាប់​ខ្លួន​ឯង ប៉ុន្តែ​នៅ​ស្រពិចស្រពិល​នៅ​ឡើយ។

ខ្សែ​ការពារ​ជួយ​ឱ្យ​បឹងកេត​លើក​ពាន​លីគកំពូល​កម្ពុជា​ឆ្នាំ​ ​២០១២, ២០១៦, ២០១៧ និង​ពានរង្វាន់​សម្ដេច ហ៊ុន សែន ​​ឆ្នាំ២០១៩ បាន​បញ្ជាក់​ថា ៖«និយាយ​រួម​ប្រហែល​ជា​ឆ្នាំ​នេះ​ហើយ (បញ្ចប់​អាជីព​ជា​កីឡាករ) ខ្ញុំ​មាន​ជម្រើស​៣​សម្រាប់​ខ្លួន​ឯង​ឥឡូវ​នេះ ប៉ុន្តែ​​មិន​ទាន់​ហ៊ាន​និយាយ»។

បញ្ចរ៉ុង មិន​ទម្លាយ​ឱ្យ​ដឹង​ទេ​ថា ជម្រើស​ទាំង​បី​នោះ​ជា​អ្វី ប៉ុន្តែ​គេ​សង្កេត​ឃើញ​​កីឡារ​បឹងកេត​មួយ​ចំនួន ពេល​​ចូល​និវត្តន៍​ពី​បាល់​ទាត់ ពួកគេតែងមាន​ឱកាស​ការងារ​នៅ​ក្លឹប​តែ​ម្ដង​​ តួយ៉ាងអតីត​ខ្សែ​ប្រយុទ្ធ ឃួន ឡាបូរ៉ាវី, ខ្សែ​ការពារ លី រ៉ាវី, ឈុន សុធារ័ត្ន និងអតីត​អ្នកចាំទី គឹម មករា ជា​ដើម។

គួរ​បញ្ជាក់​ថាខ្សែការពារគ្រងលេខ៦ ទូច បញ្ចរ៉ុង ធ្លាប់​ជាប់​ជម្រើស​ជាតិ U19 ក្នុង​ឆ្នាំ​២០០៩-២០១០, U23 ឆ្នាំ ២០០៩ -២០១៣ និងឈុតធំនៅឆ្នាំ ២០១១។

បើនិយាយអំពីស្នាដៃវិញ មុនជួយឱ្យបឹងកេតលើកពានលីគកំពូលបីរដូវកាល, ជើងឯករង Mekong Club Championship ឆ្នាំ​២០១៥ និងពានសម្ដេច ហ៊ុន សែន មួយរដូវកាលផងនោះ គេក៏ធ្លាប់ជួយឱ្យក្លឹបភ្នំពេញក្រោនលើកពាន MCL មួយរដូវ​កាល​ដែរ គឺ​ឆ្នាំ​ ២០១០៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី